ភ្នំពេញ៖ បុរសម្នាក់បានតូចចិត្តនឹងប្រពន្ធចុះចោលអស់រយះពេល៣ថ្ងៃ ក៏សម្រេចចិត្តធ្វើអ់ឃាត់ដោយយកខ្សែចងកសម្លាប់ខ្លួនឯង ទាំងយករូបថតកូន មកចងព្យួរនឹងក ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជួលលេខ២៣ ផ្លូវលំ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ឃិត ចាន់ដារ៉ា អាយុ28ឆ្នាំ មុខរបរ កម្មករលក់ទឹកត្រី មានប្រពន្ធឈ្មោះ តេន អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុសម្នាក់ ស្នាក់នៅ បន្ទប់ជួល ផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិ ស្រម៉លើ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ប្រភពពីបុរសម្នាក់ឈ្មោះ សុខ ឡេង អាយុ២៦ឆ្នាំ មុខរបរ អ្នកលក់ទឹកត្រីដូចគ្នា ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិចាហួយ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវជាមិត្តភ័ក្រជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច នៅមុនពេលកើតហេតុថានៅវេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ ខ្លួនបាន ក៏ធ្វើដំណើរមកតាម ដល់បន្ទប់ជួល ហើយបានគោះទ្វារ ហៅមិនឮសូរឆ្លើយ លុះអើតមើលតាម ប្រហោង ឥដ្ឋខ្យល់ នៅជញ្ជាំងស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងប្រាប់ម្ចាស់ផ្ទះ ហៅសមត្ថកិច្ចនិងអាជ្ញាធរ ឱ្យមកជួយពិនិត្យមើល ។
ក្រោយមកក៏បានរាយការណ៍ទៅសមត្ថកិច្ច ធ្វើការពិនិត្យជាក់ស្តែង ដោយជនរងគ្រោះយកខ្សែអង្រឹង ពណ៌ខ្មៅ ចងភ្ជាប់ជាមួយធ្នឹមដែកបន្ទប់ជួល ហើយឃើញមាន យករូបថតកូនប្រុស មកចងព្យួរនៅក ។
តែបើតាមអ្នកជិតខាង បានឱ្យដឹងថា មុនកើតហេតុ កាលពី៣ថ្ងៃកន្លងទៅ ជនរងគ្រោះ កើតមានជម្លោះ ជាមួយប្រពន្ធ តែមិនដឹងជាឈ្លោះរឿងអ្វីឱ្យច្បាស់ដែរ រួចហើយត្រូវបាន ប្រពន្ធវេចបង្វិចចុះចោលទៅបាត់ទៅ នៅតែជនរងគ្រោះ ស្នាក់នៅម្នាក់ឯង រហូតមកដល់ព្រឹកថ្ងៃទី០២ ខែតុលា នេះក៏មានការភ្ញាក់ផ្អើលបែបនេះតែម្តង ។
ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យកោសល្យវិច័យរួច ឃើញថាសព ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រកដមែន ដោយមិនពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ហើយសាកសពត្រូវបាន ប្រគល់ឱ្យ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
ដោយ៖ សុខា សែនជ័យ