ក្រុមអ្នកវិភាគបញ្ជាក់ថា ការដែលរុស្ស៊ីបើកការវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋIS នាពេលនេះគឺចំពេលវេលា ដោយសារតែការវាយប្រហាររបស់អាមេរិកនិងសម្ព័ន្ធមិត្តទៅលើក្រុមIS ចេះតែអូសបន្លាយនិងគ្មានប្រសិទ្ធិភាព។
ការវាយប្រហារនោះបើទោះបីប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ជាក់ថាការវាយប្រហារសម្តៅទៅលើក្រុមISតែប៉ុណ្ណោះ ប៉ុន្តែប្រទេសលោកខាងលិចមន្ទិលសង្ស័យពីការវាយប្រហារនោះ។ រដ្ឋាភិបាលអាមេរិកក៏បានប្រកាសថាយុទ្ធនាការរបស់រុស្ស៊ីមិនប៉ះពាល់ដល់កម្លាំងសម្ពន្ធមិត្តវាយប្រហារក្រុមISដែលដឹកនាំដោយអាមេរិកនោះឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកJonh Kerry មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា«អាមេរិកបានគាំទ្ររាល់សកម្មភាពប្រឆាំងនឹងក្រុមIS និងក្រុមអាលកៃដា។ ប្រសិនបើសកម្មភាពរបស់រុស្ស៊ីពិតជាសម្តៅទៅលើក្រុមភេវកម្មនោះអាមេរិកស្វាគមន៍អស់ពីចិត្ត ប៉ុន្តែបើរុស្ស៊ីមានគោលដៅផ្សេងទៀត ជារឿងមួយដែលអាមេរិកមិនអាចទទួលយកបានឡើយ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកCameron បានអបអរសាទរដល់ការវាយប្រហារតាមដែនអាកាសទៅលើក្រុមISនៅក្នុងប្រទេសស៊ីរីគឺជារឿងមួយដ៏ល្អ។
បើទោះបីរុស្ស៊ីប្រកាសវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតអ៊ិស្លាមក្តី តែលោកខាងលិចមន្ទិលសង្ស័យថារុស្ស៊ីអាចនឹងវាយប្រហារទៅលើក្រុមប្រឆាំងប្រធានាធិបតីអាលអាសាដ។រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកCarters បង្ហាញការមន្ទិលសង្ស័យថា រុស្ស៊ីវាយប្រហារទាំងកម្លាំងទាហានណាប្រឆាំងនិងប្រធានាធិបតីអាលអាសាដ។
អគ្គរដ្ឋទូតស៊ីរីនៅក្នុងប្រទេសរុស្ស៊ីលោកRyad haddad កាលពីថ្ងៃទី៣០ខែកញ្ញាបានបញ្ជាក់ថាស៊ីរីអបអរសាទរដល់សកម្មភាពទាំងឡាយរបស់រុស្ស៊ីក្នុងការប្រឆាំងក្រុមភេរវកម្មនៅប្រទេសស៊ីរី។
សកម្មភាពរបស់រុស្ស៊ីនាពេលគឺការពារសម្ព័ន្ធមិត្ត នៅតំបន់មជ្ឈឹមបូព៌ា នឹងបញ្ហាឥទ្ធិពលរបស់រុស្ស៊ីនៅទីនោះ។ រុស្ស៊ីក៏មានផលប្រយោជន៍ជាច្រើននៅតំបន់មជ្ឈឹមបូព៌ាប៉ុន្តែរុស្ស៊ីមិនមានឪកាសទៅកាន់ទីនោះ នាពេលនេះរុស្ស៊ីបានក្តាប់ឪកាសវាយប្រហារទៅលើក្រុមIS ដើម្បីចូលទៅទីនោះដោយគ្មានប្រទេសណាផ្កោលទោសរុស្ស៊ីបានឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី