សារ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ផ្សព្វផ្សាយ​នៅ​លើ​ Facebook​ ផ្លូវការ​របស់​សម្តេច​

ចែករំលែក៖

​ភ្នំពេញ​៖​ «​ខ្ញុំព្រះករុណា​ខ្ញុំ​ សូម​យក​យក​ឧិ​កាស​ដ៏​ប្រពៃ​នេះ​ នៅ​ក្នុង​ពេល​ដែល​ប្រជា​ពល​ រដ្ឋ​កំពុង​សប្បាយ​រីករាយ​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ជា​ប្រពៃណី​នៅ​ទូ​ទាំង​ប្រទេស​។​ អ្វីៗ​ដែល​យើង​សប្បាយ​រីករាយ​ជួបជុំ​ក្រុម​គ្រួ​សារបាន​នៅ​ពេល​នេះ​ គឺ​ប្រទេស​យើង​បាន​ឆ្លងកាត់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​ជា​ច្រើន​។​ ​

abcd (6)

ព្រះ​តេជគុណ​ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ពិតជា​ឲ​បានដឹង​ច្បាស់​ហើយ​ នៅ​ពេល​ដែល​កម្ពុជា​ប្រជាធិបតេយ្យ​ (​ខ្មែរក្រហម​)​ បាន​ឈ្នះ​សង្គ្រាម​កាន់កាប់​កម្ពុជា​អស់​រយៈពេល​ ៣​ឆ្នាំ​ ៨​ ខែ​ ២០​ថ្ងៃ​ កាលពី​ឆ្នាំ​ ១៩៧៥​ គឺ​ដោយសារ​ការ​បំផុស​មនោគមន៍វិជ្ជា​អូស​ទាញ​ពី​គ្រប់​ស្រទាប់​ពលរដ្ឋ​ ជា​ពិសេស​គឺ​ក្នុង​ចំណោម​យុវជន​ដោយ​ពួក​គេ​បាន​និយាយ​បំផុស​អំពី​ការ​ ផ្លាស់​ប្តូរ​ដែល​គ្មាន​អ្នកមាន​ គ្មាន​អ្នកក្រ​ គឺ​អ្វីៗ​ត្រូវ​តែ​មាន​ភាព​ស្មើគ្នា​ដោយ​គ្មាន​ប្រកាន់វណ្ណៈ​ទាំងអស់​។​ តែ​ការ​ពិត​ក្រោយ​ពី​ពួក​គេ​បាន​កាន់​អំណាច​ពេញដៃ​ គឺ​អ្វីៗ​មិន​ដូច​ពួក​គេ​និយាយ​ឡើយ​។​ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​គឺ​ត្រូវ​បាន​ បង្ខំ​អោយធ្វើ​ការ​ទាំង​យប់​ថ្ងៃ​គ្មាន​ពេល​សម្រាក​ គ្មាន​អាហារ​ទទួលទាន​ គ្មាន​ទីជម្រក​ គ្មាន​សាលារៀន​ គ្មាន​មន្ទីរពេទ្យ​ គ្មាន​វត្ត​អារាម​…​។​ល​។​ ។​ និយាយ​រួម​គឺ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ គឺ​ត្រូវ​បាន​ដកហូត​ចេញ​ទាំងអស់​។​ មិនតែប៉ុណ្ណោះ​ គឺ​ប្រជាពលរដ្ឋ​បាន​ស្លាប់​ដោយ​អត់បាយ​ និង​មួយ​ចំនួន​ទៀត​ធំ​គឺ​ត្រូវ​បាន​ធ្វើ​ ទារុណកម្ម​និង​សម្លាប់​ចោល​ដោយ​គ្មាន​ការ​តវ៉ា​។​ នយោបាយ​និង​មនោគមន៍​ បំផុស​អោយ​មានការ​ផ្លាស់​ប្តូរ​ដោយ​មេដឹកនាំ​ជំនាន់​នោះ​ គឺ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជាង​ ៣​លាន​នាក់​ ត្រូវ​បាន​ស្លាប់​យ៉ាង​វេទនា​បំផុត​។​

​ខ្ញុំព្រះករុណា​ខ្ញុំ​ បានឃើញ​នូវ​សភាពការណ៍​ដ៏​គ្រោះថ្នាក់​នោះ​កំពុង​បំផ្លាញ​កម្ពុជា​ ទើប​នៅ​ពេល​នោះ​ខ្ញុំ​ចាប់ផ្តើម​ប្រមូល​ក្រុម​អ្នកតស៊ូ​ចូល​ព្រៃ​ប្រមូល​កម្លាំង​វាយ​រំលំ​របប​វាល​ពិឃាត​នេះ​បាន​សម្រេច​ដែល​មានការ​ចូលរួម​សហការ​ពី​ប្រទេស​វៀតណាម​ផង​ដែរ​ ថ្ងៃ​ទី​ ៧​ ខែ​ មក​រា​ ឆ្នាំ​ ១៩៧៩​ ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​។​ នៅ​ពេល​រំដោះប្រទេស​បាន​ពី​របប​ខ្មែរក្រហម​ហើយ​ ក៏​នៅ​មិន​ទាន់​មាន​សន្តិភាព​ ភាព​ពេញលេញ​នៅឡើយ​ដែរ​ ព្រោះ​នៅ​ពេល​នោះ​គឺ​មាន​ក្រុម​ចលនា​អ្នកតស៊ូ​មួយ​ចំនួន​បាន​បោះជំរំ​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ​ ដែល​បន្ត​ការ​វាយប្រហារ​ជាមួយ​ទ័ព​រដ្ឋាភិបាល​របស់ខ្ញុំ​ព្រះករុណា​។​ នៅ​ពេល​នោះ​ខ្ញុំព្រះករុណា​ខ្ញុំ​បាន​យល់​ច្បាស់​ណាស់​ថា​ សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​គឺ​ធំ​ជាង​សេចក្តីសុខ​របស់ខ្ញុំ​។​ ដូច​ឃើញ​នៅ​ក្នុង​រូបភាព​ស្រាប់​គឺ​ខ្ញុំព្រះករុណា​ខ្ញុំ​មាន​ឯកសណ្ឋាន​ជា​ទាហាន​គ្រប់ពេល​ ក្នុង​ការ​ដឹក​ នាំ​គ្រប់គ្រង​គ្រប់​ស្ថានការណ៍​ដើម្បី​ធានា​សន្តិសុខ​និង​សុវត្ថិភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​បាន​គិត​អំពី​សេចក្តីសុខ​ផ្ទាល់ខ្លួន​ឡើយ​។​ ខ្ញុំព្រះករុណា​ខ្ញុំ​ បាន​ សម្រេច​ថា​ត្រូវ​តែ​បង្រួប​ង្រួ​ម​ចរចា​ជាមួយ​គ្រប់​ភាគី​ទាំងអស់​ដើម្បី​បញ្ចប់សង្គ្រាម​កុំអោយ​មានការ​បង្ហូរឈាម​ខ្មែរ​តទៅ​ទៀត​។​ ព្រោះ​យើង​ទើបបាន​រួច​ជីវិត​ផុត​ពី​របប​ខ្មែរក្រហម​ថ្មីៗ​ក្តៅៗ​នៅឡើយ​។​ ​

មុន​នឹង​ឈាន​ដល់​ដំណាក់​ការ​ចរចា​ និង​ចុះហត្ថលេខា​ជា​ផ្លូវការ​ដើម្បី​សន្តិភាព​នៅ​ទី​ក្រុងប៉ារីស​ ខ្ញុំព្រះករុណា​ខ្ញុំ​ បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ នៅ​ទី​ក្រុងប៉ារីស​។​ អ​តី​ព្រះមហាក្សត្រ​ ក៏​ព្រះ​អង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​ គោល​ល​បំណង​សន្តិភាព​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​។​ ទើប​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ១៩៩១​ យើង​សម្រេច​បាន​នូវ​ការ​ចុះហត្ថលេខា​ព្រមព្រៀង​ទី​ក្រុងប៉ារីស​ជា​ផ្លូវការ​ ដែល​មាន​ភាគី​ រដ្ឋ​កម្ពុជា​ ហ្វុ​ន​ស៊ី​ន​ប៉ិច​ ភាគី​លោកតា​សឺ​ន​សាន​និង​ ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ចូលរួម​។​ ក្រោយមក​ទើប​យើង​រៀបចំ​ដឹក​ជញ្ជូន​ធ្វើ​ មាតុភូមិនិវត្តន៍​ជនភៀសសឹក​ដោយសារ​សង្គ្រាម​ទាំង​អស់ពី​តាម​ជំរំ​នៅ​តាម​ព្រំដែន​វិល​ចូល​មក​រួម​រស់នៅ​ក្នុង​ប្រទេស​ជាតិ​វិញ​។​ ជា​បន្តបន្ទាប់​ គឺ​យើង​បាន​ឈាន​ទៅ​ដល់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ ឧសភា​ ឆ្នាំ​១៩៩៣​ ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បាន​ប្រើប្រាស់​សិ​ទ្ឋិ​សេរីភាព​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការសហប្រជាជាតិ​(UNTAC)​ លើក​ដំបូង​នៅ​កម្ពុជា​ ។​ ​

ទោះបី​មានការ​បោះ​ឆ្នោត​កើតឡើង​រួច​ហើយ​ ក៏​នៅ​មាន​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ នៅ​បន្ត​កើត​មាន​ឡើង​នៅ​តំបន់​ដែល​ផ្តាច់ខ្លួន​និង​គ្រប់គ្រង​ដោយ​កម្ពុជា​ប្រជាធិបតេយ្យ​។​ នៅ​ឆ្នាំ​ ១៩៩៦​ដល់​ឆ្នាំ​១៩៩៨​ ខ្ញុំព្រះករុណា​ខ្ញុំ​ បាន​សម្រេច​ជ្រើសរើស​នយោបាយ​ឈ្នះ​ ឈ្នះ​ ចុង​ក្រោយ​ក្នុង​ការ​បង្រួបបង្រួម​និង​ធ្វើ​សមាហរណកម្ម​ ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​ទាំងអស់​ អោយ​បាន​វឹល​មក​រួម​រស់នៅ​ក្នុង​សង្គម​ជាតិ​វិញ​ ដែល​យើង​បាន​បញ្ចប់សង្គ្រាម​កម្ពុជា​ទាំងស្រុង​ជា​ស្ថាពរ​។​ គឺ​ខ្មែរ​ឈ្នះ​ទាំងអស់​គ្នា​។​ ​

សន្តិភាព​គឺជា​សេចក្តី​ត្រូវការ​ចាំបាច់​បំផុត​ទាំង​ក្នុង​ការ​រស់នៅ​ និង​ក្នុង​ការ​កសាង​ ប្រទេស​។​សន្តិភាព​បាន​ផ្តល់​ឧិ​កាស​ដល់​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​រៀង​រាល់​អាណត្តិ​ ហើយ​រាជរដ្ឋាភិបាល​មាន​ពេលវេលា​ ស្តារ​ កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ សន្តិភាព​គឺ​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ញញឹម​ប្រកប​ ដោយ​ក្តី​សង្ឃឹម​ទាំង​ អស់​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ក្រុម​គ្រួសារ​អោយ​រីក​ចម្រើន​។​ មក​ទល់​ថ្ងៃនេះ​ សន្តិភាព​បាន​ធ្វើ​អោយ​ប្រទេស​យើង​កាន់តែ​រីក​ចម្រើន​បោះ​ជំហាន​ទៅ​មុខ​ ។​ សន្តិភាព​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ជួបជុំ​សុខ​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​ និង​ និង​មាន​ឧិ​កាស​ធ្វើបុណ្យ​ទាន​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ដូច​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ពេល​នេះ​ជាដើម​ ។​ សន្តិភាព​ដែល​យើង​ បាន​ទទួល​ពេញលេញ​មក​ទល់​ពេល​នេះ​ គឺ​មានការ​លះបង់​និង​ពលី​អាយុជីវិត​មនុស្ស​ច្រើន​ណាស់​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចូលរួម​បន្ត​ថែរក្សា​ និង​ការពារ​សន្តិភាព​អោយ​បាន​រឹង​មាំ​ល្អ​ ដើម្បី​ប្រទេស​ជាតិ​យើង​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​ ។​ ​

គ្មាន​ការ​សប្បាយ​រីករាយ​ណា​ដែល​ចេញ​មក​ពី​សង្គ្រាម​ អ​ស្ថិរភាព​និង​ការ​ប្រឈម​មុខ​នោះ​ទេ​។​ ត្រូវ​រួម​គ្នា​ការពារ​នៅ​អ្វី​ដែល​យើង​កំពុង​មាន​ ពិសេស​គឺ​សន្តិភាព​។​ ចុងបញ្ចប់​ ខ្ញុំព្រះករុណា​ខ្ញុំ​ សូម​ប្រគេន​ពរ​ដល់​ព្រះ​តេជគុណ​ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ និង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ សូម​ទទួល​ពុទ្ធ​ពរ​៤​​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​សូម​បាន​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នេះ​ទាំងអស់​គ្នា​»​ ៕

...

abcd (5)abcd (4)abcd (3)abcd (8)abcd (7)abcd (2)abcd (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print