ខេត្តកំពង់ចាម៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដោយលោក គួច ចំរើន ឋានន្តរសក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចំណែកលោក លន់ លឹមថៃ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ហើយក៏មានការប្រកាសតែងតាំងអភិបាលរងខេត្តចំនួន៣រូបផងដែរ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក លោស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងថ្មី បានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍ អំពីកិច្ចការដឹកនាំយ៉ាងត្រចះត្រចង់ របស់លោកនាពេលកន្លងមក ក្នុងការកសាង និងអភិវឌ្ឍន៍លើគ្រាប់វិស័យ ក្នុងខេត្តកំពង់ចាមទាំងមូល ជាពិសេសនោះ គឺមានការវិវត្តន៍ក្រុងកំពង់ចាម ឲ្យប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ក្លាយទៅជាតំបន់ទេសចរណ៍ រំដួល៣ទង។
បន្ទាប់ពីការអានព្រះរាជក្រឹត្យ អនុក្រិត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ ដោយលោកអ៊ួង ចាន្ធី ប្រធាននាយកដ្ឋានបុគ្គល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
បន្ទាប់មក លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលទើបតែទទួលការតែងតាំងមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ហើយក៏បានទទួលព្រះរាជក្រឹត្យ អនុក្រិត្យ និងទទួលត្រារដ្ឋបាលខេត្ត ដែលប្រគល់ជូនដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាកិច្ចបញ្ចប់ សម្តេចក្រឡាហោម បានឡើងមានមតិសំណេះសំណាល និងធ្វើការផ្តាំផ្ញើរដល់គណៈបញ្ជាការឯកភាពខេត្ត ត្រូវបង្កការយកចិត្តទុកដាក់ លើការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់រួចមក ជាពិសេសនោះគឺ ការបើកយុទ្ធនាការប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសនានា ដូចជាការពង្រឹងគ្រប់គ្រងអាវុធជាតិផ្ទុះ ទប់ស្កាត់ការរត់ពន្ធអាវុធ នាំចេញទៅក្រៅប្រទេស ដូចជាប្រទេសភូមាជាដើម និងការទប់ស្កាត់រាល់ការចរាចរដឹកជញ្ជូនឈើខុសច្បាប់ផងដែរ ៕
ដោយ៖ វណ្ណះ