ខេត្តកណ្តាល ៖ ដីផ្លូវក្នុងវត្តវាំងកែវហៅវត្តព្រែកស្បូវ ស្ថិតនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កំពុងរងខូចខាតផ្លូវយ៉ាងធ្ងន់ធ្ងរ ដោយសារមិនអាចទ្រទម្ងន់រថយន្តធំៗឈ្មួញបើកឆ្លងកាត់នាំត្រីពីវៀតណាម ។
ប្រជាពលរដ្ឋរស់នៅភូមិ-ឃុំខាងលើបានអះអាងថា ជាញឹកញាប់ មានរថយន្តដឹកត្រីធុនធំៗ ជាច្រើនគ្រឿង ដែលគេស្គាល់ជារបស់ឈ្មោះ «ឡេង យូ» បានបើកប្រកៀកប្រកិតនឹងរបងវត្ត៣ឆ្នាំមកហើយ សំណង់គ្រឹះ ដងគោម និងខឿនព្រះវិហាររងការស្រុត ។
កន្លងមក ពុទ្ធបរិស័ទ ព្រះសង្ឃ បានបរិច្ចាគដីទំហំ១៨០ម៉ែត្រគុណ១២ម៉ែត្រ ដើម្បីធ្វើផ្លូវវៀង បញ្ចៀសការបាក់ស្រុតផ្លូវក្នុងវត្តក្តី ឈ្មួញនៅតែបន្តបើករថយន្តឆ្លងកាត់ផ្លូវនេះ បណ្តាលឲ្យ បាក់ស្រុតកាន់តែធ្ងន់ធ្ងរដដែល ។
លោក រស់ ជីម អតីតមេភូមិព្រែកស្បូវក៏បានឲ្យដឹងដែរថា ទីអារាមជាកន្លែងស្ងប់ស្ងាត់សម្រាប់ពុទ្ធបរិសទ័ចូលមកធ្វើបុណ្យទាន តែនៅពេលនេះបានក្លាយទៅជាផ្លូវដែលដឹកសត្វធាតុឆ្លង កាត់ ពិសេសដឹកកាត់មុខព្រះវិហាតែម្ដង ។ បើយ៉ាងនេះតើទីវត្តអារ៉ាម និងក្លាយជាអ្វីទៅវិញ?
ទាក់ទងបញ្ហានេះលោក អេង មោក្ខ អភិបាល នៃគណៈអភិបាលស្រុកកោះធំ បានថ្លែងថា លោកមិនទាន់ទទួលបានលិខិត និងស្នាមមេដៃរបស់ពលរដ្ឋនៅឡើយទេ ដោយសារប៉ុន្មានថ្ងៃនេះលោកជាប់ប្រជុំនៅសាលាខេត្ត ពេលចប់លោកនឹងចុះទៅដោះស្រាយរឿងនេះ៕ ជាយក្រុង