អន្តោប្រវេសន៍នៅអាមេរិកព្រួយបារម្ភក្រោយតុលាការកំពូលសម្រេចឲ្យលោកត្រាំឈ្នះក្តី រឿងអន្តោប្រវេសន៍

ចែករំលែក៖

អាមេរិកជាប្រទេសដែលមានជនអន្តោប្រវេសច្រើនជាងគេបំផុត ដោយក្នុងមួយឆ្នាំ​ៗ មាន ជនអន្តោប្រវេសន៍ រាប់​សិបមឺននាក់ចូលទៅកាន់ទឹកដីអាមេរិកទាំង ស្រប់ច្បាប់ និងខុសច្បាប់។ នៅពេលនេះជនអន្តោប្រវេសន៍ ខុសច្បាប់អាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយលោកត្រាំ បានឈ្នះក្តីនៅក្នុង ច្បាប់អន្តោប្រវេសន៍ ន៍។

​ គួររំលឹក​ថា ក្រឹត្យ​អន្តោប្រវេសន៍​របស់​លោកត្រាំ បាន​បង្ក​ភាព​ចម្រូងចម្រាសជាខ្លាំង ពិសេស​រវាង​ក្រុមបក្ស​ប្រជាធិបតេយ្យ នៅ​តាម​រដ្ឋនៅឆ្នេរ​ភាគខាងលិច។​ ​ក្រុម​ប្រឆាំងនឹង​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ តវ៉ា​ថា រដ្ឋាភិបាល​​​​រើសអើងអ្នកកាន់​​សាសនាអ៊ីស្លាម បំពាន​លើគោលការណ៍​​រដ្ឋធម្មនុញ្ញ។ ក្រុម​ប្រឆាំង​នឹង​ក្រឹត្យរបស់​​លោកត្រាំ ​សន្យា​បន្ត​​ចលនា​​ពួកគេ​​តទៅទៀត។​ ​ទោះយ៉ាងនេះ​ក្តី តុលាការ​កំពូល​​​នឹង​​ធ្វើសវនាការ​ពិនិត្យ​​សំណុំ​រឿងនេះ នៅខែ​តុលាខាងមុខ។

កាលពីថ្ងៃទី​២៦ខែមិថុនា ​តុលាការ​កំពូល​អាមេរិកបាន​អោយ​លោកដូណាល់ ត្រាំ​ឈ្នះ ដោយ​​បាន​សម្រេច​លុបចោល​សេចក្តី​សម្រេច​របស់​តុលាការ​ជាន់ទាប ដែល​បាន​ព្យួរ​ក្រឹត្យ​អន្តោប្រវេសន៍លោកត្រាំ​ ក្នុងពេល​កន្លងទៅ។ លោកត្រាំ​បានសំដែង​ការ​សប្បាយចិត្ត នឹង​ជ័យជំនះ​នេះ។ ទោះយ៉ាងនេះ​ក្តី មានតែ​ខ្លឹមសារ​មួយចំនួន​ក្នុង​​ក្រឹត្យ​អន្តោប្រវេសន៍​របស់​​លោក​ ត្រាំប៉ុណ្ណោះ ដែល​ចូលជាធរមាន។ តុលាការ​កំពូល​នឹង​ធ្វើសវនាការ​ពិនិត្យ​សំណុំរឿង​នេះ​ នៅខែ​តុលាខាងមុខ។

លោកដូណាល់ ត្រាំ​រីករាយ​ខ្លាំងណាស់​ ដែល​តុលាការ​កំពូល​បាន​លុបចោល​សេចក្តី​សម្រេច​​របស់​តុលាការ​ជាន់ទាប​ ដែល​បាន​​ព្យួរក្រឹត្យ​អន្តោប្រវេសន៍របស់​លោក។ ​លោក​ដូណាល់ ត្រាំ លើកឡើង​ថា នេះជា​ជោគជ័យ​មួយសម្រាប់​ផ្នែក​សន្តិសុខ​ជាតិ​អាមេរិក។ សម្រាប់​លោក​ត្រាំ ក្រឹត្យ​អន្តោប្រវេសន៍​នេះ ជា​វិធានការ​ចាំបាច់ ក្នុង​ការ​ហាមឃាត់​មិនអោយ​ភេរវជន​បរទេស​ជាន់ទឹកដី​សហរដ្ឋ​អាមេរិក។

ក្រឹត្យ ​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី​អាមេរិក ចែងហាមហាមឃាត់​​ពលរដ្ឋ​​​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ចំនួន​៦ មិនអោយ​ពួកគេ​ចូល​ក្នុង​ទឹកដីសហរដ្ឋ​អាមេរិក​បណ្តោះអាសន្ន។ ប្រទេស​អ៊ីស្លាម​ទាំង​៦ មាន​ស៊ីរី លីប៊ី អ៊ីរ៉ង់ ស៊ូដង់ សូម៉ាលី និង​​យេម៉ែន។

ប៉ុន្តែ ខ្លឹមសារ​ក្រឹត្យ​តែ​មួយចំណែក​ប៉ុណ្ណោះ ដែល​តុលាការ​កំពូល​អាមេរិក​អនុញ្ញាត​អោយ​អនុវត្តន៍។​តុលាការ​កំពូល​សម្រេចថា ក្រឹត្យ​នេះ​ហាមឃាត់​តែ​ជន​ដែល​មាន​គំនិត​មិនល្អ​ជាមួយ​ពលរដ្ឋ​អាមេរិក រឺជាមួយ​ជាតិអាមេរិកប៉ុណ្ណោះ។ ​និយាយទៅ អាជ្ញាធរ​​អាមេរិក​ហាមឃាត់​បុគ្គល​ដែល​អាមេរិក​មិនធ្លាប់​ស្គាល់ មិនអោយ​ចូលស្រុក​អាមេរិក​ប៉ុណ្ណោះ។ ដោយឡែក ​ពលរដ្ឋ​មកពី៦ប្រទេស​អ៊ីស្លាមក្នុងក្រឹត្យ​នេះ​ អាច​ជាន់ដី​សហរដ្ឋ​អាមេរិក​បាន​ ប្រសិន​បើ​ពួកគេ​ចង់​មកលេង​ក្រុមគ្រួសារ​ដែល​រស់នៅអាមេរិក។ និស្សិត​ដែល​ជាប់ឈ្មោះ​​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​អាមេរិក ក៏​អាចជាន់ដី​អាមេរិក​ដែរ។​ ក្រឹត្យ​នេះ​នឹងចូល​ជាធរមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ។

នៅ​ខាង​ភាគីចុងចោទ លោក​ដូណាល់ ត្រាំ​បាន​ពន្យល់​ថា ក្រឹត្យ​របស់​លោក​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​ផ្អែក​លើ​អំណាច​ប្រធានាធិបតី​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ មាត្រា​ទី២ ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ប្រធានាធិបតី​មាន​សិទ្ធិអំណាច​ក្នុង​ការ​សម្រេចចិត្ត​លើ​កិច្ចការ​នយោបាយ​ ការបរទេស និង​នយោបាយ​អន្តោប្រវេសន៍។ លោក​ដូណាល់ ត្រាំ​បាន​សង្កត់​ធ្ងន់​ជា​ពិសេស​លើ​អត្ថបទ​ច្បាប់​មួយ​អនុម័ត​កាល​ពី ៦៥ឆ្នាំ​មុន​ដែល​ចែង​ថា ប្រមុខរដ្ឋ​មាន​សិទ្ធិ​ព្យួរ​ការ​ចូល​ក្នុង​ទឹកដី​អាមេរិកាំង​ពី​សំណាក់​ ប្រភេទ​ជនបរទេស​នៃ​ប្រទេស​មួយ​ចំនួន​ដែល​ប្រមុខរដ្ឋ​យល់​ថា ការ​ចូល​ក្នុង​ទឹកដី​អាមេរិក​របស់​ប្រភេទ​ជនបរទេស​នោះ​អាច​នឹង​បង្ក​ គ្រោះថ្នាក់​ដល់​ផលប្រយោជន៍​របស់​អាមេរិក។

ចំណែក​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​លើក​យក​ហេតុផល​មួយ​ទៀត​ទៅ​ពន្យល់​ចៅក្រម​ ថា តុលាការ​មិន​សូវ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​អាច​សម្រេចចិត្ត​ ក្នុង​ផ្នែក​សន្តិសុខជាតិ​បាន​ឡើយ។ នៅ​ក្នុង​ន័យ​នេះ រដ្ឋបាល​របស់​លោក​ត្រាំ​ចង់​និយាយ​សំដៅ​លើ​រូប​ចៅក្រម James Robart ដែល​បាន​សម្រេច​ព្យួរ​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ។

នៅ​ខាង​ភាគីដើមចោទ ពួក​គេ​ក៏​បាន​លើក​យក​ច្បាប់រដ្ឋធម្មនុញ្ញ​ទៅ​សំអាង​ដោយ​បញ្ជាក់​ថា ក្រឹត្យ​របស់​លោក​ត្រាំ​បាន​រំលោភបំពាន​លើ​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​រួម​ មាន សេរីភាព​ក្នុង​ការ​បម្លាស់ទី សិទ្ធិស្មើ​គ្នា​រវាង​ពលរដ្ឋ ឬ​មួយ​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​រើសអើង​ក្នុង​ផ្នែក​សាសនា​ជា​ដើម។ ទន្ទឹម​គ្នា​នេះ ភាគីដើមចោទ​ក៏​បាន​លើក​ឡើង​ពី​ផលវិបាក​កើត​ចេញ​ពី​ក្រឹត្យប្រឆាំង​ ជនអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ ពិសេស​ក្នុង​វិស័យការងារ កិច្ចការជំនួញ ឬ​មួយ​ក្នុង​វិស័យ​អប់រំ។ នៅ​ចុង​បញ្ចប់ ភាគីដើមបណ្តឹង​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​ក្រឹត្យ​មួយ​នេះ​របស់​លោក​ត្រាំ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តន៍​ជា​ថ្មី នោះ​វា​នឹង​បង្ក​ឲ្យ​ភាព​វឹកវរ​សាធារណៈ។

ការទទួលជ័យជំនៈរបស់លោកត្រាំគឺជាលើកទីមួយហើយ ដែលលោកត្រាំឈ្នះក្តី ក្នុងតុលាការ ។ កន្លងមក តុលាការសហរដ្ឋ បានសម្រេចក្តីឲ្យលោកត្រាំចាញ់រហូត​ពាក់ព័ន្ធនិងច្បាប់អន្តោប្រវេសន៍  ។ ការឈ្នះនេះគឺជាជំហានដំបូង ​ដ៏ល្អសម្រាប់ ប្រធានាធិបតីអនុវត្តនៅគោលនយោបាយរបស់ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print