ស្រលាញ់រស់នៅជាមួយគ្នាដូចប្តីប្រពន្ធបានជាង២ខែ ជម្លោះរឿងស្រវឹងតិចតួច បែកបាក់គ្នាទាល់តែបាន

ចែករំលែក៖

ភ្នំពេញ ៖ ជម្លោះគូស្នេហ៍មួយគូដែលគេដឹងថា​​ ពួកគេទាំងពីរស្រឡាញ់គ្នាប្តូរផ្តាច់ដោយ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធតែមិនបានរៀបការជាង២ខែមកហើយនោះ មកដល់ពេលនេះ​បាន​ក្លាយ​ជាអំពើហិង្សាមួយដោយភាគីខាងប្រុស​ស្រវឹងវាយធ្វើបាបប្រពន្ធ ធ្វើឲ្យប្រពន្ធខឹង បានជិះរថយន្តតាក់ស៊ីចាកចោលប្តី វិលត្រឡប់ទៅស្រុកកំណើតវិញ។ទីបំផុតបុរសជាប្តីបាន តាមរកឃើញប្រពន្ធកំពុងជិះរថយន្តតាក់ស៊ីក៏ហៅឲ្យចុះពីលើរថយន្តជជែកគ្នារកខុសត្រូវសិនប៉ុន្តែនាងមិនព្រមចុះ រឹតតែធ្វើឲ្យប្តីខឹងក៏វាយបែកកញ្ចក់រថយន្តតាក់ស៊ីហើយត្រូវបាន​ម្ចាស់រថយន្តតាក់ស៊ី ប្តឹងទារសំណងដល់ទៅ២២០ដុល្លារឯណោះ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ កើត​ឡើង​កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីមានឈ្មោះ អោប វី អាយុ២២ឆ្នាំ មុខរបររៀនកាត់ដេរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ ។ ឯស្រី្តជាប្រពន្ធឈ្មោះ ម៉ៅ ស្រីណា ហៅធារី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នាជាមួយប្តី និង មានស្រុកកំណើត នៅភូមិព្រៃសាលា ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។

តាមសំដីស្រី្តជាប្រពន្ធបានឲ្យដឹងថា រូបនាងបានស្រលាញ់គ្នាជាមួយបុរសខាងលើ បានជាង២ខែមកហើយ និងបាន​មករស់នៅ ជាមួយគ្នាដូចប្តីប្រពន្ធ ជិត១ខែដោយមិនទាន់រៀបការតាមច្បាប់ឡើយព្រោះម្តាយនាងមិនពេញចិត្ត។ ដោយសារម្តាយនាងមិនពេញចិត្តនេះហើយ ទើបរូបនាងបាននាំ គូស្នេហ៍របស់នាង មករកការងារធ្វើនៅភ្នំពេញ ហើយមករស់នៅ ជាមួយម្តាយខាងប្តី បានជាង១ខែនិងកំពុងតែរកការងារធ្វើ ព្រោះនាងបានធ្វើការ មិន​ទាន់​ពេញសិទ្ធិក្នុងរោងចក្រ កាត់ដេរ ឯប្រុសស្នេហ៍កំពុងតែរៀនកាត់ដេរនៅឡើយ  ។

ស្រ្តីជាប្រពន្ធបានបន្តទៀតថា នៅយប់កើតហេតុ ប្តីនាងបានផឹកស៊ីស្រវឹងបានទៅ​អុកឡុក ហើយប្រើឲ្យនាង​ កោសខ្យល់ឲ្យ​ទៀត ពេលនោះនាងក៏បានកោសខ្យល់រួចក៏បានស្ទុះទៅដេក នៅកន្លែងផ្សេង ធ្វើឲ្យប្តីខឹង យកប្រដាប់ កៀបសក់វាយជើងនាង បណ្តាលឲ្យជាំ រួចហើយពេល​ប្តីដេក​លក់ នាងរៀបចំខោអាវ ជិះម៉ូតូឌុប ទៅរករថយន្តតាក់ស៊ីជិះ នៅរង្វង់មូលចោម​ចៅ ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ ។

ចំណែកបុរសជាប្តីវិញបាននិយាយថា ពេលគាត់ដឹងខ្លួនឡើង ស្រាប់តែ បាត់ប្រពន្ធទើប​ឲ្យ​ម្តាយជូនដើររកឃើញនាងកំពុង ជិះនៅលើរថយន្តតាក់ស៊ី ដែលកំពុងតែឈប់ចាំ​ម៉ូយក៏​ បាន​​ហៅឲ្យនាងចុះមកវិញ តែនាងមិនព្រមចុះ ទើបគាត់ខឹងបានរត់ ទៅស្ទាក់ឃាត់នៅមុខរថយន្ត​ ហើយបានកាច់ផ្លិតកញ្ចក់ និងវាយកញ្ចក់តាក់ស៊ី បែកអស់២ផ្ទាំងតែម្តង ។

​ក្រោយពេលកើតហេតុ ភាគីអ្នករត់តាក់ស៊ី បានហៅភាគីទាំងសងខាង ទៅដោះស្រាយ នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីទាមទារសំណង ថ្លៃខូចខាតរថយន្ត ហើយពេលនោះដើម្បីកុំឲ្យមានបញ្ហា ម្តាយខាងប្រុស បានសងប្រាក់ ចំនួន២២០ដុល្លារទៅម្ចាស់រថយន្តតាក់ស៊ីដើម្បីបញ្ចប់រឿងឯស្រី្តជាប្រពន្ធនៅតែសុំបែកផ្លូវគ្នា ហើយជិះរថយន្តត្រឡប់ទៅស្រុកកំណើតវិញបាត់ទៅ  ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print