ខេត្តពោធិ៍សាត់៖ បុរសរំលោភលើទំនុកចិត្តដោយប្រើល្បិចកល្យខ្ចីរម៉ូតូអ្នកស្គាល់គ្នាថា ទៅទទួលឪពុកម្ដាយមួយភ្លែតដែលពួកគាត់ទើបនឹងមកពីរាជធានីភ្នំពេញ បានគេចខ្លួនបាត់រហូតចំនួន ១០ថ្ងៃ ទើបឃើញបង្ហាញខ្លួនជិះម៉ូតូនៅម្តុំទួលសង្កែប្តឹងនគរបាលក្របួចជាប់ភ្លាមៗទាំងវត្ថុតាង ហើយបានបញ្ជូនវិលត្រមកឲ្យសមត្តកិច្ចខេត្តពោធិ៍សាត់អនុវត្តបន្ត។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យត្រូវបាននគរបាលរាជធានីភ្នំពេញក្របួចជាប់ ហើយបញ្ជូនត្រឡប់យកមកប្រគល់ឲ្យសមត្តកិច្ចខេត្តពោធិ៍សាត់អនុវត្តបន្តវិញនោះឈ្មោះ ដាំ សាយ័ន្ត ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងបន្តថា តាមការរាបរបពីម្ចាស់ម៉ូតូ និងជាដើមបណ្តឹងឈ្មោះ គឿន គឹម ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចរោងចក្រយីហោ(តៃអុីហ្សុី) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរឈ្មោះ ដាំ សាយ័ន្ត(ជនសង្ស័យ) បានខ្ចីរម៉ូតូរបស់ខ្លួនដោយប្រាប់ថា ទៅទទួលឪពុកម្ដាយមួយភ្លែតដែលពួកគាត់ទើបនឹងមកពីរាជធានីភ្នំពេញ ដោយសារតែការស្គាល់គ្នាខ្លួនក៍បានឲ្យទៅ លុះរងចាំរហូតដល់ល្ងាចថ្ងៃដដែលមិនឃើញត្រឡប់មកទៀតចុចទូរស័ព្ទក៍មិនចូល ដោយគិតថា ដាំ សាយ័ន្ត បោកម៉ូតូខ្លួនហើយក៍បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋអន្លង់ត្នោត និងបានទូរស័ព្ទទៅមិត្តភ័ក្រនៅឯរាជធានីភ្នំពេញដើម្បីឲ្យជួយឃ្លាំមើល លុះដល់ថ្ងៃខាងលក៍បង្ហាញខ្លួនជិះម៉ូតូមែនក៍រាយការណ៍ប្រាប់សមត្តកិច្ចក្របួចជាប់តែម្តង។
លោក វរសេនីយ៍ត្រី អធិការរងបន្តទៀតថា ចំពោះវត្ថុតាងម៉ូតូ និងជនសង្ស័យបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយបានប្រគល់ម៉ូតូជូនម្ចាស់វិញហើយដែរ ចំណែកជនបង្កហេតុបានរាបចំសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕
បឹុម ពិន