ភ្នំពេញ ÷ យុវជនក្មេងៗចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចរបស់សាលាខណ្ឌសែនសុខ ឃាត់ខ្លួនពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់ កាលពីវេលាម៉ោង២១យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១០១៩ សង្កាត់ទឹកថ្លាខណ្ឌសែនសុ ខណៈសមត្ថកិច្ចចំរុះកំពុងដាក់គោលដៅចល័តត្រួតពិនិត្យ។
លោក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា បាននិយាយថាជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដែលកំពុងប្រតិបត្តិការដាក់គោលដៅចល័តតាមផ្លូវលេខ១០១៩ ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនិងបទល្មើសផ្សេងៗទៀត ហើយពួកគេបានជិះម៉ូតូ១គ្រឿងម៉ាកគុបគ្មានផ្លាកលេខចំគោលដៅត្រួតពិនិត្យ។
ប្រភពដដែលពីលោកនាយប៉ុស្ត៍បន្តថា ខណៈនោះសមត្ថកិច្ចបានផ្តោតការមន្ទិលលើពួកគេទាំង៣នាក់នោះថាអាចជាមុខសញ្ញាមិនល្អកំហុសជិះម៉ូតូអត់ផ្លាកលេខក៏ឃាត់ត្រួតពិនិត្យលើដងខ្លួនមិនមានលាក់ទុកសម្ភារៈល្មើសច្បាប់អ្វីទេ តែបានសង្ស័យពាក់ព័ន្ឋប្រើប្រាស់ថ្នាំញៀន ហើយនាំមកត្រួតពិនិត្យទឹកនោមរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀនទាំងអស់គ្នាទើបចាប់ឃាត់ខ្លួនតែម្តង តាមគោលការណ៍របស់ថ្នាក់លើបញ្ជា។
អត្តសញ្ញាណក្រុមយុវជនទាំង៣នាក់នោះ ១/ឈ្មោះ ប៉ក់ ស៊ាវម៉ី ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករសំណង់។ ២/ ឈ្មោះជួន ពេជ្រ ភេទប្រុសអាយុ២១ ឆ្នាំ មុខរបរកម្មករតោងចក្រ ។ ៣/ ឈ្មោះ សួន ភារិទ្ឋ ភេទប្រុស អាយុ២១ឆ្នាំ
មុខរបរកម្មកររោងចក្រ។ ពួកគេទាំង៣នាក់មានទីលំនៅ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យទាំង៣នាក់រួមទាំងម៉ូតូរបស់គាត់ផងឥឡូវនេះបានកំពុងតែនាំយកមករក្សាទុកនិងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខសួរនាំស្រាវជ្រាវបន្តដើម្បីបញ្ជូនទៅតុលាការវិនិច្ឆ័យទោសទណ្ឌ៕ តុង សីហា