កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបានធ្វើប្រតិបត្តិការស្វែងរកយន្តហោះធុនតូចមួយគ្រឿងដែលមានអ្នកដំណើរ១០នាក់ ហើយបានបាត់ដានខណៈកំពុងហោះហើរក្នុងស្រុកស្ថិតក្នុងដែនកោះ Sulawesi នោះ ។ យន្តហោះដែលបាត់ដាននេះជាប្រភេទយន្តហោះ Twin Otter របស់ក្រុមហ៊ុនអាកាសចរណ៍ Aviastar ។
ឥណ្ឌូនេស៊ីតែងតែកើតមានគ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងរយៈពេលឆ្នាំថ្មីៗនេះ ជាក់ស្តែងកាលពីឆ្នាំមុន គ្រោះថ្នាក់ផ្នែកអាកាសចរណ៍៣លើកបានកើតឡើង ក្នុងនោះមានរួមបញ្ចូលជើងហោះហើររបស់អាកាសចរណ៍ AirAsia ដែលបានហោះធ្លាក់ចូលសមុទ្រ ខណៈកំពុងហោះហើរពីទីក្រុងបាលីឆ្ពោះទៅកាន់សិង្ហបុរីកាលពីខែធ្នូ ឆ្នាំ២០១៤ សម្លាប់មនុស្ស១៦២នាក់ផងដែរ ។
ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួនបាននិងកំពុងបើកប្រតិបត្តិការស្វែងរកយន្តហោះធុនតូចមួយគ្រឿងដែលមានអ្នកដំណើរសរុប១០នាក់ ហើយបានបាត់ដាន មិនអាចទាក់ទងបាន ខណៈកំពុងហោះហើរចេញពីទីក្រុង Masamba បានរយៈពេលប្រមាណ៣០នាទី ក្នុងគោលដៅទៅចុះចតនៅទីក្រុង Makassar ប្រទេសឥណ្ឌូនេស៊ីនោះ ។
លោក J.R. Barata អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានថ្លែងថា យើងកំពុងធ្វើប្រតិបត្តិការស្វែងរកយន្តហោះខាងលើនេះ ។ វាមានចម្ងាយប្រមាណ៦០ម៉ៃពីទីក្រុង Makassar ។ លោកបន្តថា ជាអាទិភាពយើងត្រូវរុករុកនៅទីតាំងនេះជាមុនសិន ។ លោកបញ្ជាក់ថា យន្តហោះធុនតូចនេះមានអ្នកដំណើរ៧នាក់ និងអាកាសយានិក៣នាក់ ។
អាកាសចរណ៍ Aviastar ដែលប្រតិបត្តិការហោះហើរក្នុងស្រុកនោះ បានចេញប្រកាសថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយយន្តហោះធុនតូចខាងលើនេះកាលពីវេលាថ្ងៃត្រង់ ហើយបន្ទាប់មកខ្លួនបានទាក់ទងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើប្រតិបត្តិការរុករុក ។
គេហទំព័រស្តីអំពីប្រព័ន្ធសុវត្ថិភាពអាកាសចរណ៍បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Aviastar ធ្លាប់បានជួបគ្រោះថ្នាក់ទ្រង់ទ្រាយធំ៤លើករួចមកហើយ ក្នុងនោះមានការធ្លាក់យន្តហោះ Aerospace 146-300 កាលពីឆ្នាំ២០០៩សម្លាប់មនុស្ស៦នាក់ផងដែរ ។
កាលពីខែសីហា ឆ្នាំ២០១៥ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅតំបន់ Papua សម្លាប់មនុស្ស៥៤នាក់ ហើយកាលពីខែមិថុនា ឆ្នាំ២០១៥ មនុស្សជាង១០០នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងបានធ្លាក់នៅ ភាគខាងជើងទីក្រុង Medan ប្រទេសឥណ្ឌូនេស៊ី ៕
ប្រែសម្រួល៖ ថាច់ យ៉ាត