ចោរឆក់កាបូបបណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបញ្ជូនទៅពន្ធនាគារ , អភិបាលរងសាលាខណ្ឌមានជ័យ ស្ម័គ្រចិត្តចិញ្ចឹមកូនជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ ៖ ចោរឆក់កាបូបដែលបណ្ដាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ ។ ស្របជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ អះអាងថា លោកស្នើសុំចិញ្ចឹមក្មេងដ៏កម្សត់ម្នាក់នេះពេញមួយជីវិត និងស្នើសុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើខាងក្រុមគ្រួសារ សាច់ញាតិយល់ព្រម។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ថ្លែងថា ជនត្រូវចោទឈ្មោះ ផាន់ ម៉ន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានលោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការ​ចោទប្រកាន់ពីបទ ” លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ” តាមមាត្រា៣៥៣និងមាត្រា​៣៦០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចមុខសាលាបឋមសិក្សាភូមិឫស្សី ផ្លូវលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១៥ឆ្នាំទៅ៣០ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ពេលដែលចោរបានឆក់កាបូបនៅមុខសាលាបឋមសិក្សាភូមិប្ញស្សី នោះប្តីបានព្យាយាមជិះម៉ូតូដេញតាមចោរឆក់កាបូប ខណៈពេលជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសអាយុជាង២ឆ្នាំ ។

លុះដេញដល់មុខរោងចក្រផលិតមីម៉ាម៉ាចំការដូងរោងចក្រផលិតមីម៉ាម៉ា តាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ក្នុងខណ្ឌដង្កោ ចម្ងាយផ្លូវប្រមាណជាង១គីឡូម៉ែត្រក៏ដេញតាមទាន់ ហើយធាក់ម៉ូតូចោរ​ឱ្យ​ដួល ធ្វើឱ្យម៉ូតូដែលកំពុងមានល្បឿនបានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងដួលបោកក្បាលនឹងគូទរថយន្តស្លាប់ប្រពន្ធ និងក្រោយមកស្លាប់ប្តីទៀត ដោយបន្សល់ទុកកូនប្រុសអាយុ២ឆ្នាំរងរបួសកំពុងព្យាបាល ។

ថ្មីៗនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ អះអាងថា លោកស្នើសុំចិញ្ចឹមក្មេងដ៏កម្សត់ម្នាក់នេះពេញមួយជីវិត និងស្នើសុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើខាងក្រុមគ្រួសារ សាច់ញាតិយល់ព្រមប្រគល់កុមារារូបនេះមកឲ្យលោក ឌី រ័ត្នខេមរុណ។ សូមទាក់ទងលោក ឌី រ័ត្នខេមរុណ តាមរយៈលេខទូរស័ព្ទ ៖ 017 815757 ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print