ភ្នំពេញ៖បុរសជនជាតិចិននិងប្រពន្ធជនជាតិវៀតណាមជាថៅកែហាងម៉ាស្សាយីហោ “ឡុងឈាន”បានត្រូវនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញបញ្ជូនមកអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣ខែកក្កដាដើម្បីសាកសួរករណីសញ្ចារកម្ម ។
បច្ចុប្បន្នលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរថៅកែហាងម៉ាស្សាយីហោឡុងឈាននេះ។
បុរសជនជាតិចិនឈ្មោះPETER TAM អាយុ៦២ឆ្នាំនិងប្រពន្ធជនជាតិវៀតណាមឈ្មោះង្វៀងធីគីមធីហៅសូយអាយុ៣៣ឆ្នាំត្រូវបានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញឃាត់ខ្លួនកាលពីម៉ោង៩យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នៅហាងម៉ាស្សាយីហោឡុងឈានមានទីតាំងស្ថិតនៅផ្ទះលេខ១០អា ក្រុមទី៣០ ផ្លូវ៣១៥ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីបម្រើសេវាម៉ាស្សា១០នាក់ និងដកហូតស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើមួយចំនួនទុកជាវត្ថុតាង ។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីពាក់ព័ន្ធទាំង១២នាក់សមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យជំនាញស្នងការរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។បន្ទាប់មកសមត្ថកិច្ច បានធ្វើការអប់រំនិងដោះលែងស្ត្រីបម្រើសេវាម៉ាស្សា១០នាក់នេះឲ្យមានសេរីភាពវិញ៕ ចេស្តា