រថយន្តម៉ាកឡិចសុីស បុកសិស្សសាលាអនុវិទ្យាល័យព្រះសីហនុក្រគររបួសធ្ងន់ ២នាក់ បើករត់គេចខ្លួនបាត់ស្រម៉ោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់អាយុ ១៤.១៥ឆ្នាំជាសិស្ស សាលាអនុវិទ្យាល័យ(ព្រះសីហនុក្រគរ)ចំនួន ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក លិចសុីស បុកពីក្រោយខណៈដែលសិស្សានុសិស្សរងគ្រោះទាំង ២នាក់ ជិះកង់ចេញពីផ្ទះក្នុងគោលបំណងទៅសាលារៀន។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើគេឃើញរថយន្ត ១គ្រឿងម៉ាក លិចសុីស ពណ៏ខ្មៅ ប៉ុន្តែគេមើលស្លាកលេខមិនទាន់នោះទេ ហើយបានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានចង្កូតមកបុកក្មេងកំពុងជិះកង់ស្របទិសគ្នាទាំងកម្រោល បណ្ដាលឲ្យក្មេងរងរបួសទាំង ២នាក់ដួលរដូករណេលពេញផ្លូវតែម្តង ចំណែករថយន្តបង្កឃើញសភាពការណ៍បែបនេះ ក៍បន្ថែមល្បឿនឆ្ពោះទៅទិសខាងលិចបាត់ស្រម៉ោល។

លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបន្តថា ក្មេងស្រីជំទង់រងរបួសទាំង ២នាក់ទី១ ឈ្មោះ សួន រក្សា អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់បាក់ជើង) និងទី២ ឈ្មោះ ឈិន ចាន់សីហា អាយុ ១៥ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់) ក្មេងរងរបួសទាំង ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើ ហើយជាសិស្សសាលាអនុវិទ្យាល័យ(ព្រះសីហនុក្រគរ)។

លោក នាយប៉ុស្តិ៍បន្តទៀតថា ភ្លាមៗនោះក្មេងស្រីសិស្សសាលារងគ្រោះទាំង ២នាក់ ត្រូវបានចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ចំណែករថយន្តបង្ករៀងយឺតពេលបន្តិចមែនខណៈមិនទាន់មានតំរ៉ុយ ប៉ុន្តែសមត្តកិច្ចបានរាយការណ៍បោះដៃបន្តគ្នា ដើម្បីពួនស្ទាក់ឃ្លាំមើលគ្រប់ច្រកល្ហកផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print