Update:ជនដៃដល់សម្លាប់បុគ្គលិកអ៊ីនធឺណិតនៅតាខ្មៅ ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនដៃដល់ដែលបានចាក់សម្លាប់យុវជនជាបុគ្គលិកហាង Internet នាក្រុងតាខ្មៅ ដែលបានធ្វើឲ្យកក្រើកពីមជ្ឈដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បញ្ជូនដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយ ដើម្បីចាត់ការតាមច្បាប់ ។

លោកសំម ឫទ្ធីវាសនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា ជនសង្ស័យត្រូវបានលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី សម្រេចចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន”តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។

បទល្មើសឃាតកម្មគិតទុកជាមុន កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា ជនសង្ស័យពិតជាបានប្រព្រឹត្តបទល្មើសមែន ។

ជនដៃដល់ឈ្មោះ អ៊ឹង ចាន់រតនៈ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា តាមចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបេនឡានក្រុងសៀមរាប បន្ទាប់ពីជននេះបានរត់គេចខ្លួន រយៈពេល២ថ្ងៃក្រោយសម្លាប់ជនរងគ្រោះ។

លោកវរសេនីយ៍ឯក ទូត អ៊ីណាន មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តកណ្ដាល បានប្រាប់ក្រុមអ្នកកាសែតនៅរសៀលថ្ងៃទី០៤ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មាន ថា មូលហេតុដែលនាំឲ្យជនដៃដល់ចាក់សម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភា្លមៗនៅក្នុងបន្ទប់ទឹក នៃហាង Internet ដោយសារតែងប់ងល់នឹងល្បែងរហូតជំពាក់បំណុលគេ ហេតុដូច្នេះហើយទើបមានគំនិតចង់ប្លន់យកលុយពីម្ចាស់ហាង ទើបឈានទៅដល់ការសម្លាប់ជនរងគ្រោះដែលជាអ្នកមើលការខុសត្រូវ នៅក្នុងហាងតែម្ដង។

លោក ទូត អ៊ីណាន បានរៀបរាប់ថា ជនសង្ស័យ អ៊ឹង ចាន់រតនៈ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និង មានទីលំនៅបច្ចុប្បន្នភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានប្រពន្ធ និងកូនម្នាក់ បានងប់ងល់នឹងហ្គេម Internet រហូតយកម៉ូតូឪពុកមារបស់ខ្លួនទៅបញ្ចាំបានប្រាក់១,១០០ដុល្លារ ហើយយកទៅលេងហ្គេមរហូតចាញ់អស់ទៀត ទើបចុងក្រោយរៀបចំគម្រោងសម្លាប់ជនរងគ្រោះតែម្ដង។

ការសម្លាប់ជនរងគ្រោះ ជនដៃដល់បានទិញកាំបិតចំនួន២ គឺកាំបិតចុងស្រួច និងកាំប៉័ងតោ ដាក់នៅក្នុងកាតាប រួចហើយទៅប្រាប់ជនរងគ្រោះឲ្យចូលទៅបន្ទប់ទឹកថាបង្គន់ស្ទះ។ ពេលជនរងគ្រោះកំពុងចូលក្នុងបន្ទប់ទឹក ជនដៃដល់រូបនេះទាញកាំបិតចុងស្រួចចាក់ ពីក្រោយចំនួន៧-៨កាំបិត រហូតប្រតាយប្រតប់គ្នា និងចាក់ថែមចំថ្ងាស់ ចំឃ្លៀក សរុបទាំងអស់ចំនួន១២កាំបិត បណ្ដាលឲ្យជនរងគ្រោះស្លាប់ភា្លមៗនៅកន្លែងកើតហេតុ រីឯជននេះ ដែលប៉ងលួចលុយនៅក្នុងកេះតុនោះ ក៏មិនបានសម្រេច ព្រោះឃើញ បុគ្គលិកក្មេងម្នាក់ទៀត នៅក្នុងហាងក៏គេចខ្លួនតែម្ដង។

ក្រោយពេលគេចខ្លួនជនដៃដល់បានទៅដេកក្នុងផ្ទះសំណាក់មួយកន្លែង នៅសង្កាត់ចាក់អង្រែលើ មុនគេចខ្លួនបន្ដទៅជិះរថយន្ដតាក់ស៊ីនៅផ្សារនាគមាស រួចបន្ដទៅខេត្តសៀមរាប ទីកន្លែងដែលត្រូវចាប់ខ្លួនតែម្ដង។ លោកមេបញ្ជាការរង ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យក្រោយពិនិត្យទឹកនោម ក៏មិនបានរកឃើញមានសារធាតុញៀននោះទេ ពោលមូលហេតុចម្បងនោះ គឺងប់នឹងល្បែងតែម្ដង។

សូមបញ្ជាក់ថា សម្រាប់ហាង Internet ដែលកើតមានអំពើឃាតកម្មនេះ ក៏ត្រូវបានប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ពីព្រោះមានអ្នកលេងមិនតិចទេ ដែលបានចាញ់លុយអស់រាប់ពាន់ដុល្លារក្នុងហាងមួយនេះ។

ជនរងគ្រោះមានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកហាង Internet (មានហ្គេមតាមអនឡាញ) និងស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print