សារព័ត៌មានរ៉យទ័របានផ្សាយថាភ្លៀងធ្លាក់យ៉ាងគំហុគវាយប្រហារ តំបន់ភាគខាងត្បូង ប្រទេសជប៉ុនរយៈពេល២ថ្ងៃមកនេះ ជាមួយនឹងគ្រោះថ្នាក់ ទឹកជំនន់នេះ បានបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ៤ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងនោះមានពលរដ្ឋ ចំនួន១១នាក់កំពុងបាត់ខ្លួន ។
ហេតុការណ៍អាក្រក់នេះបានកើតឡើងនៅក្នុងខេត្តហ្វូគូកា តំបន់ភាគខាងត្បូងកោះ Kyushu ដែលត្រូវបានវាយប្រហារ ដោយទឹកភ្លៀងរយៈពេល ៩ម៉ោងកាលពីថ្ងៃ ទី៥ខែកក្កដា ។ប្រភពព័ត៌មានខាងលើបានបានបញ្ចាក់ថា ក្នុងចំណោម មនុស្សចំនួន១១នាក់ កំពុងបាត់ខ្លួនក្នុងនោះមានក្មេងម្នាក់ ។
ក្រុមអ្នកជួយសង្គ្រោះចំនួន ៧៥០០នាក់រួមទាំងកងកម្លាំងប៉ូលីស ក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានមកពីនាយកដ្ឋានស្វ័យការពារជប៉ុន បានចេញប្រតិបត្តិការជួយសង្គ្រោះ ជម្លៀងពលរដ្ឋចេញទៅកាន់កន្លែងមានសុវត្ថិភាព និងស្វែងរកអ្នកកំពុងបាត់ខ្លួនហើយអាចនឹងមានអ្នកស្លាប់ ដោយសារតែអ្នកកំពុងបាត់ខ្លួនទាំងនោះត្រូវបានគេសង្ស័យថា បានស្លាប់ ទៅហើយ ។
ដោយឡែកនៅក្នុងប្រទេស បង់ក្លាដេសវិញ មានពលរដ្ឋ ជាច្រើនបានរង្គ្រោះដោយ ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។លោក Shah Kamal រដ្ឋលេខាធិការក្រសួងគ្រប់គ្រង់គ្រោះមហន្តរាយ និងជួយសង្គ្រោះនៅក្នុងប្រទេសបង់ក្លាដេសបានបញ្ចាក់ថាគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ៩០០.០០០នាក់និងគ្រួសាររាប់ពាន់ត្រូវបានជម្លៀសចេញ ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា ក្រុមអាជ្ញាធរបានត្រៀមជាបន្ទាន់ចាត់ចែងក្រុមទទួលខុសត្រូវលើគ្រោះមហន្តរាយដើម្បីចេញអនុវត្តការងារ ចុះចែកចាយសម្ភារៈជួយសង្គ្រោះនិងផ្តល់មជ្ឈមណ្ឌលសម្រាប់ស្នាក់អាស្រ័យ ដែលមានជិត២.០០០គ្រួសារដែលបានរស់នៅក្នុងជម្រកបណ្តោះអាសន្ន ។
លោក Kamal បានបញ្ជាក់ថា “ពលរដ្ឋប្រមាណ៩០០.០០០នាក់ រងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកចំនួន៣” ។
ចំណែកនៅក្នុងខេត្ត Hunan ប្រទេសចិនវិញ មកទលពេលនេះមានអ្នកស្លាប់ ៤៧នាក់ និង២២នាក់បាត់ខ្លួនដោយសារគ្រោះទឹកជំនន់ ។ គ្រោះទឹកជំនន់នេះបានបង្ខំឲ្យពលរដ្ឋ ប្រមាណ ជាង១,២លាននាក់ ចាកចេញពីលំនៅដ្ឋាន។ផ្ទះជាង៣៨.០០០ខ្នងដួលរលំ និងដីស្រែចំការ ជិត៨៨០.០០០ហិកតាត្រូវបានបំផ្លិចបំផ្លាញ។ កម្ពស់ទឹកនៅបឹង Dongting និងទន្លេមួយចំនួនបានកើនឡើងខ្លាំង ឈានដល់ការប្រកាសអាសន្ន។
នៅក្នុងតំបន់ Guangxi វិញភ្លៀងបានធ្លាក់ចុះខ្លាំង ចាប់តាំងពីថ្ងៃអាទិត្យបានសម្លាប់មនុស្ស អស់២០នាក់ និងបាត់ខ្លួន១៤នាក់ ផ្ទះប្រមាណ២០.០០០ខ្នងរលំឬបំផ្លិចបំផ្លាញ៕