ខេត្តកណ្តាលៈ រថយន្តឡង់គ្រីស័រសេរីទំនើប១គ្រឿងបានរងនូវការខូចខាតផ្នែកខាងមុខផ្ទុះពោងសុវត្ថិភាព ដោយសារអ្នកបើកបរមិនប្រយ័ត្នបើកទៅបុកគូថរថយន្តដឹកដើមជ្រៃពេញទំហឹងកាលពីវេលាម៉ោង៧,២០ នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២៣ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៍ស សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1123 បើកបរដោយឈ្មោះណូ សម្បុក ភេទប្រុស អាយុ៦០ឆ្នាំ ជាមន្ត្រីរាជការ មានទីលំនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ចំណែករថយន្តមួយគ្រឿងទៀតម៉ាកហ៉ីយ៉ាន់ដាយ ដឹកដើមជ្រៃសំពីងសំពោងពាក់ស្លាកលេខភ្នំពេញ3C-1092 ។
លោកព្រំ សំណាង អធិការរងនគរបាលស្រុកទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុរថយន្តទាំង២គ្រឿងបើកក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញតែរថយន្តឡង់គ្រីស័របើកនៅខាងក្រោយ ។ មកដល់ចំនុចកើតហេតុស្ថានភាពផ្លូវជាតិរលាក់ និងជាកន្លែងងងិតមួយផ្នែកទៀតអាកាសធាតុមានភ្លៀងធ្លាក់មើលផ្លូវស្ទើមិនឃើញ គ្រានោះរថយន្តដឹកដើមជ្រៃបានបន្ថយល្បឿន ចំណែករថយន្តឡង់គ្រីស័របើកមកពីក្រោយក្នុងល្បឿនលឿនមានបំណងបើកប្រជែងស្រាប់តែមានឧបសគ្គនៅខាងមុខ ធ្វើអោយអ្នកបើកបរជាន់ហ្វ្រាំងអូសចម្ងាយជិត៥ម៉ែត្រទប់ល្បឿនមិនជាប់ក៍បុកគូថរថយន្តដឹកដើមជ្រៃពេញទំហឹងតែម្តងបណ្តាលអោយរថយន្តឡង់គ្រីស័រខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងផ្ទុះពោងសុវត្ថិភាពតែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះឡើយ ។
លោកអធិការរងបានបន្តថា តាមការវាស់វែងនៅកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយអ្នកបើកបររថយន្តឡង់គ្រីស័របើកលើសល្បឿនកំណត់ ។ បច្ចុប្បន្នរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕សណ្តោស