ភ្នំពេញ៖ ជាថ្មីម្តងទៀតនិងមិនអាចចាត់ទុកជាលើកទី១ទេ ដែលមានអំពើហិង្សាដាក់គ្នាក្នុងការដណ្តើមម៉ូយចូលច្រៀងខារ៉ាអូខេនៅតាមបណ្តោយផ្លូវលេខ២០០៤ បន្ទាប់ពីប្រជាពលរដ្ឋដឹងថាទង្វើបែបនេះមានច្រើនលើកច្រើនសា ហើយត្រូវអាជ្ញាធរខណ្ឌពោធិសែនជ័យបិទការធ្វើអាជីវកម្មហាងខារ៉ាអូខទាំងនោះទៀតផង ។
ជាក់ស្តែងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែតុលា២០១៥ ហាងខារ៉ាអូខេចំនួន៣ស្ថិតនៅជិតគ្នាគឺហាងញ៉ូវស្កាយ ហាងអង្គរខ្មែរនិងហាង ប៊្លូថោន ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យបានផ្ទុះជម្លោះប្រកែកគ្នារហូតប្រើអំពើហិង្សាគប់ដុំថ្មដាក់គ្នាពេញក្នុងហាង ដោយសារនិយាយឌឺដងផ្លែផ្កាខឹងដណ្តើមម៉ូយគ្នាបង្កការភ្ញាក់ផ្អើលទាំងយប់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញក្រុមស្រី្តៗបម្រើការងារនៅហាងខារ៉ាអូខេ(ញ៉ូវស្កាយ) កើតមានទំនាស់ពាក្យសម្តីឌឺដងគ្នាជាមួយស្រី្តបម្រើការងារនៅហាងខារ៉ាអូខេ(អង្គរខ្មែរ) ដែលស្ថិតនៅជាប់គ្នា។ បន្ទាប់មកស្រាប់តែបានប្រើហិង្សាដេញគប់គ្នាដូចហ្វូងគោប្រសាចពេញផ្លូវ និងគប់ដុំថ្មផ្លោងចូលទៅពេញក្នុងហាងខារ៉ាអូខេ(ប៊្លូថោន)ដែលនៅទល់មុខគ្នា បណ្តាលអោយមានមនុស្សខ្លះរងរបួស(ស្រាល) និងបង្កការខូចខាតបែកកញ្ចក់ទ្វារ)ខារ៉ាអូខេប៊្លូថោនផងដែរ។
បើតាមថៅកែហាងខរ៉ាអូខេ(ញ៉ូវស្កាយ)និយាយថា មូលហេតុនេះ គឺបណ្តាលមកពីហាងខារ៉ាអូខេអង្គរខ្មែរនិងខារ៉ាអូខេប៊្លូថោន បង្កទំនាស់មុនដោយពួកគេនាំគ្នាទៅវាយកូនគាត់បណ្តាលអោយរងរបួស។ពេលឃើញដូច្នោះ គាត់ក៏ទៅរករឿងវិញ ។
ចំណែកថៅកែហាងខារ៉ាអូខេប៊្លូថោនបានអះអាងថា មុនកើតហេតុ គាត់បានឃើញថៅកែហាងខារ៉ាអូខេញ៉ូវស្កាយ មានទំនាស់ជាមួយហាងខារ៉ាអូខេអង្គរខ្មែរ និងបានដេញវាយតប់គ្នាមកដល់មុខហាងរបស់គាត់ ថែមទាំងមានគប់ដុំថ្មដាក់គ្នាទៅវិញទៅមក បណ្តាលអោយដុំថ្មទាំងនោះ ចូលពេញក្នុងហាងរបស់គាត់និងថែមទាំងបែកញ្ចក់ទ្វារហាងរបស់គាត់ទៀតផង ដូច្នេះហាងរបស់គាត់មិនដឹងរឿងអីទេ។
ដោយឡែកសាក្សីជាអ្នកអ្នករត់ ម៉ូតូឌុបដែលឃើញហេតុការណ៍នេះបានប្រាប់ថា មូលហេតុដែលហាងខារ៉ាអូខេខាងលើឈ្លោះទាស់ទែងគ្នាពីរឿងដណ្តើមម៉ូយគ្នាទៅវិញទៅមក ។
នេះជារឿងថ្មីមួយទៀតដែលកើតឡើងនៅតាមបណ្តោយផ្លូវលេខ២០០៤ពីរឿងដណ្តើមម៉ូយចូលច្រៀងខារ៉ាអូខេ ហើយប្រជាពលរដ្ឋកំពុងរង់ចាំមើលតើអាជ្ញាធរខណ្ឌពោធិសែនជ័យមានចំណាត់ការក្តៅ(បិទហាងខារ៉ាអូខេ)ដូចលើកមុនទេ ? ៕
ដោយ៖ ប្រាថ្នា