កាលពីសប្តាហ៍មុន ប្រិយមិត្តអ្នកអានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានដែលនគរបាលខណ្ឌដង្កោចាប់ស្ត្រីអ្នកកត់កន្ទុយលេខម្នាក់បញ្ជូនទៅតុលាការ ហើយសាលាដំបូងក៏សម្រេចបញ្ជូនស្ត្រីនោះទៅពន្ធនាគារ ទុកឲ្យសមាជិកគ្រួសារស្ត្រីអ្នកកត់កន្ទុយលេខរស់នៅអត់ឃ្លាន ព្រោះថា គ្រួសារនេះពឹងផ្អែកទៅលើស្ត្រីអ្នកកត់កន្ទុយលេខនេះហើយ ។ រឿងដូចគ្នានេះ សមត្ថកិច្ចខណ្ឌដង្កោចាប់បានស្ត្រី២នាក់ទៀត ពីបទបើកទីតាំងកត់កន្ទុយលេខយ៉ាងចំហនៅផ្សារចំការដូង។ ស្ត្រីទាំងពីរនាក់នេះក៏ត្រូវបានបញ្ជូនមកសាលាដំបូងដែរ ។ ប៉ុន្តែគេ សង្កេតឃើញថា ស្ត្រីទាំងពីរនាក់នោះមិនត្រូវបានឃុំខ្លួនទេ ។
ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ មើលឃើញថា វាជាបញ្ហាអយុត្តិធម៌ខ្លាំងណាស់ ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម បានរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរដែលដាក់ទោសទណ្ឌស្ត្រីកត់កន្ទុយលេខរកចំណូលបានមួយថ្ងៃជាង១ម៉ឺនរៀលដើម្បីចិញ្ចឹមគ្រួសារ ។ ប៉ុន្តែបែរជាលើកលែង ឬធ្វើមើលមិនឃើញចំពោះអ្នកប្រព្រឹត្តល្មើសដូចគ្នានេះ ។ ជាក់ស្តែងស្ត្រី២នាក់ដែលជាមេកញ្ច្រែងកត់កន្ទុយលេខប្រមូលលុយបានមួយថ្ងៃជាង១០លានរៀលនៅផ្សារចំការដូង មិនត្រូវបានផ្តន្ទាទោសដាក់គុកនោះទេ ។ ចំណុចនេះធ្វើឲ្យប្រជាពលរដ្ឋយល់ថា នេះហើយយុត្តិធម៌ក្រោមមេឃ ។ យុត្តិធម៌ក្រោមមេឃគឺសម្រេចទៅលើអ្នកមានលុយមិនអាចជាប់គុក អ្នកក្រីក្រប្រព្រឹត្តទោសកំហុសដូចគ្នា ជាប់គុកគ្មានថ្ងៃចេញនោះឡើយ ។
គេមិនដឹងថា តើរឿងទាំងពីរនេះខុសគ្នាយ៉ាងណានោះទេ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌដង្កោ គ្រាន់តែដឹងថា ស្ត្រីក្រីក្រជិះកង់កត់កន្ទុយលេខ មួយថ្ងៃបានជិត១ម៉ឺនរៀលដើម្បីផ្គត់ផ្គង់គ្រួសារ ។ ស្ត្រីក្រីក្រនេះត្រូវបានច្បាប់កំណត់ឲ្យជាប់គុក ។ ប៉ុន្តែស្ត្រី២នាក់ទៀតដែលជាមេកញ្ច្រែង អាចប្រមូលប្រាក់បានជាង១០លានរៀលក្នុងមួយថ្ងៃនៅផ្សារចំការដូង មិនត្រូវបានច្បាប់ឲ្យជាប់គុកនោះឡើយ ។
ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់មើលឃើញថា នេះជារឿងអយុត្តិធម៌មួយដែលប្រជាពលរដ្ឋមើលឃើញ ។ គេមិនអាចលាក់បាំងជិតទេ ព្រោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បាននិងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហាដែលស្ត្រីកត់កន្ទុយលេខត្រូវជាប់គុក ប៉ុន្តែមេកញ្ច្រែង បែរជារួចខ្លួន ។ ខ្ញុំមិនដឹងថា តើនៅក្នុងទឹកដីខណ្ឌដង្កោមានមេកន្ទុយលេខប៉ុន្មាននាក់នោះទេ ។ តាមយោបល់ខ្ញុំអ្វីដែលសំខាន់ មិនមែនត្រូវចាប់ស្ត្រីអ្នកជិះកង់កត់កន្ទុយលេខនោះឡើយ ប៉ុន្តែត្រូវចាប់មេកន្ទុយលេខដើម្បីផ្តាច់ឫសគល់ ។ ឬមួយថា មេកន្ទុយលេខបានបង់លុយឲ្យសមត្ថកិច្ចរួចហើយ ទើបបានជាមិនចាប់? ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់