ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយកំលាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បន្ទាប់ពីរូបគេបានផឹកស្រាស្រវឹងហើយបានយកពូថៅទៅកាប់ក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲរងរបួសជាទម្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៩,១០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមប្រភពមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំបានឲដឹងថា នៅពេលវេលានិងចំណុចខាងលើមានករណីហិង្សាក្នុងគ្រួសារបង្កឡើងដោយជនសង្ស័យឈ្មោះ ចាប សុខា ភេទប្រុស អាយុ៥៥ឆ្នាំ(ជាប្តី)បានយកពូថៅទៅកាប់ប្រពន្ធខ្លួនឯង ឈ្មោះ វង ស៊ាប អាយុ៥៣ឆ្នាំ ត្រូវមួយពូថៅចំក្បាលចំហៀងខាងឆ្វេង បណ្តាលឲបែករងរបួសជាទំងន់និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។
មន្ត្រីដដែលនោះក៏បានបញ្ជាក់ឲដឹងថា មូលហេតុនៃអំពើរហិង្សារក្នុងគ្រួសារនេះគឺដោយសារបុរសជាប្តីផឹកស្រាស្រវឹង ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាប់ពីមានពាក្យបណ្តឹងពីស្រ្តីរងគ្រោះជាប្រពន្ធរួចមក ៕
ដោយ៖ វណ្ណះ