ទីភ្នាក់ងារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយថា មនុស្ស៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីការវាយប្រហារពីខ្យល់ព្យុះ Mujigae ស្ថិតនៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ។ ខ្យល់ព្យុះនេះមានល្បឿន១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។
ប្រភពព័ត៌មានពីកម្លាំងការពារដែនសមុទ្រចិនបានបញ្ជាក់ថា អ្នកនេសាទម្នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកនេសាទ១៦នាក់ផ្សេងទៀតបាត់ខ្លួន ក្រោយពីហេតុការណ៍ខ្យល់ព្យុះ Mujigae បក់បោកទៅលើទីក្រុងឈូងសមុទ្រ Zhanjiang ខេត្ត Guangdong ប្រទេសចិនកាលពីរសៀលថ្ងៃទី៤ ខែតុលា ។ ប្រភពបានបញ្ជាក់ថា អ្នកនេសាទ១១៧នាក់ត្រូវសង្គ្រោះបានទាន់ពេលវេលា ។
របាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់ដែរថា មនុស្ស៣នាក់ផ្សេងទៀតបានបាត់បង់ជីវិត ខណៈដែលខ្យល់ព្យុះនេះវាយប្រហារទៅលើតំបន់ Foshan ជិតរដ្ឋធានី Guangdong ។ ប្រព័ន្ធទំនាក់ទំនងសង្គមបានផ្សព្វផ្យាយឲ្យឃើញពីអគារ ដើមឈើ និងរថយន្តជាដើមរងការបំផ្លិចបំផ្លាញដោយសារតែខ្យល់ព្យូនេះ ។
ក្រុមឧតុនិយមចិនបានប្រកាសថា ខ្យល់ព្យុះនេះ កាលពីថ្ងៃទី៤ ខែតុលា បាននិងកំពុងធ្វើដំណើរយឺតៗ ២០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះកាន់ភាគពាយព្យតំបន់ Guangxi Zhuang ។ កម្មករបម្រើការងារប្រមាណ២៤.០០០នាក់នៅ តំបន់ Guangdong ត្រូវបញ្ឈប់ការងាររបស់ខ្លួនជាបណ្តោះអាសន្នដោយសារតែការដាច់ចរន្តអគ្គិសនីបណ្តាលមកពីខ្យល់ព្យុះនេះ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបានស្រង់ប្រភពព័ត៌មានពីមន្ត្រីក្នុងតំបន់ផ្សព្វផ្សាយថា នៅក្នុងដែនកោះ Fangji អ្នកទេសចរណ៍ប្រមាណ៥០០នាក់បានជាប់គាំងនៅទីនោះ។ អាជ្ញាធរបានជម្លៀសអ្នកទេសចរណ៍ទាំងនេះបានទាន់ពេលវេលាផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត