ភ្នំពេញ៖ បុរស២នាក់ត្រូវបាននគរបានលឃាត់ខ្លួនយកទៅប៉ុស្តិ៍ចោមចៅយកទៅសួរនាំ ខណៈពួកគេបានផឹកស្រាស្រវឹងហើយទាញដាវសាំម៉ូរៃអូសតាមផ្លូវធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរភ័យខ្លាច ហើយយកដំឥដ្ឋគប់ដំបូងដេប៉ូលក់គ្រឿងសំណង់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវបេតុងដីវាល ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសទាំង២នាក់ដែលស្រវឹងហើយអូសដាវសាំមូរៃនិងគប់ ដេប៉ូសំណង់ខាងលើ ទី១ឈ្មោះ សៀន ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទី២-ឈ្មោះ សៀក ពៅ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម ។ ទាំង២នាក់ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ២នាក់ មានឈ្មោះ ណាក់ ថា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកបររថយន្ត មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី២-ឈ្មោះ ច្រេះ សុនិត ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ទាំង២នាក់ស្នាក់នៅក្នុងដេប៉ូលក់គ្រឿងសំណង់កើតហេតុជាមួយគ្នា ។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះច្រេះ សុនិតបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់នាំក្មេងៗ៤ទៅ៥នាក់ទៅមើលសេះហោះដែលនៅជិតកន្លែងស្នាក់នៅ លុះដល់វេលាកើតហេតុគេក៏បាននាំក្មេងត្រឡប់មកវិញ ភ្លាមនោះ ស្រាប់តែជួបជាមួយបុរសទាំង២នាក់ដែលមានស្ថានភាពស្រវឹងជោក កំពុងដើរនិងមានកាន់ដាវសាំម៉ូរ៉ៃមួយដើម អូសថ្នល់បែកផ្កាភ្លើង ហើយឃាត់ពួកគេឱ្យឈប់សិន ដោយជនរងគ្រោះខ្លាចក្រែងបង្កគ្រោះថ្នាក់ ក៏នាំក្មេងៗរត់ ចូលទៅក្នុងដេប៉ូសំណង់ដែលជាកន្លែងស្នាក់នៅវិញ ។ បន្ទាប់មកបុរស២នាក់ដែលស្រវឹងនោះក៏បាននាំគ្នាដើរតាម រហូតមកដល់ដេប៉ូនោះដែរ រួចបានយកដុំឥដ្ឋគប់ចូលទៅក្នុងដេប៉ូនិងដំបូលដេប៉ូសំណង់បង្កអោយមានការភ្ញាក់ផ្អើល ។
សាក្សីដដែលបានបន្តថា ដោយមានការភ័យខ្លាចរួបគេបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ភ្លាមនោះកម្លាំងអន្តរាគមន៍កំពុងតែជិះល្បាតក្បែរនោះដែរក៏មកដល់ភ្លាមៗ ហើយឃាត់ខ្លួនជនបង្កទាំង២នាក់ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅយកទៅសួរនាំ ។
ក្រោយពេលកើតហេតុសមត្ថិច្ច ធ្វើកិច្ចសន្យា និងអប់រំរួចហៅបងប្អូន មកធានាយកត្រឡប់ទៅផ្ទះវិញ ដោយសាតែពួកគេមិនទាន់បង្កអោយមាននរណាម្នាក់រងរបួស ៕
...
ដោយ៖ សុខា សែនជ័យ