«ប្រវត្តិសង្ខេបរបស់កងរាជអាវុធហត្ថ»

ចែករំលែក៖

រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថ ជាភាសាបារាំងគឺ Gendarme ឬ Gendarmerie (The word gendarme comes from the Old French gens d’armes, meaning men-at-arms) មានន័យថាបុរសប្រដាប់ដោយអាវុធ។

តាមការសិក្សាស្រាវជ្រាវ ប្រទេសបារាំងជាអ្នកបង្កើតកងរាជអាវុធហត្ថមុនគេបង្អស់ រហូត​ដល់បច្ចុប្បន្ន។ នៅលើពិភពលោកនេះ ប្រទេសដែលមានកម្លាំងកងរាជអាវុធហត្ថចំនួនប្រមាណ៤០ប្រទេសប៉ុណ្ណោះ និងភាគច្រើននៅអ៊ឺរុប។

កងរាជអាវុធហត្ថ=កង+រាជ+អាវុធ+ហត្ថ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត៖ “កង” មានន័យថា ពួក ក្រុម កងទ័ព, “រាជ” មានន័យថា អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ, “អាវុធ” មានន័យថា​ គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ “ហត្ថ” មានន័យថា ដៃ។

ជារួមយើងអាចឱ្យអត្ថន័យកងរាជអាវុធហត្ថបានថា គឺជាក្រុម ឬកងប្រដាប់ដោយគ្រឿងចម្បាំងផ្សេងៗ ញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ។ កន្លងទៅ សាធារណជនមួយចំនួនគាត់មិនទាន់យល់ច្បាស់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថនៅឡើយទេ ព្រោះនៅពេលកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបបទល្មើសនិងចាប់ខ្លួនជនសង្ស័យជាជនស៊ីវិលនៅក្នុងករណីបទល្មើសជាក់ស្តែងមួយ សាធារណជនខ្លះគាត់បាននិយាយថា ហេតុអ្វីបានជាប៉េអឹម “PM” មកចាប់ជនស៊ីវិល ប៉េអឹមចាប់បានតែទាហានប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ សាធារណជនខ្លះគាត់បានហៅកងរាជអាវុធហត្ថថា ប៉េអឹម “PM” ការហៅនេះមិនមែនខុសទាំងស្រុងនោះទេ គឺគ្រាន់តែមិនទាន់ត្រឹមត្រូវល្អ ព្រោះពាក្យ ប៉េអឹម “PM=Police Military” គឺជាតម្រួតយោធា ហើយតម្រួតយោធា គឺជាផ្នែកមួយនៃភារកិច្ចរបស់កងរាជអាវុធហត្ថប៉ុណ្ណោះ។
កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅក្នុងរបបសង្គមរាស្ត្រនិយម​តាមព្រះរាជក្រឹត្យ​លេខ​៤៤៦SN​និង៤៤៧SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយ​មាន​ឈ្មោះថា កងរាជអាវុធហត្ថខ្មែរ “GENDARMERIE ROYALE KHMERE អក្សរកាត់ GRK”។ ដោយសារការវិវត្ត​នៃ​របប​នយោ​បាយ ​​​កងរាជ​អាវុធហត្ថខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា កងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១ ក្នុង​របប​សាធារណរដ្ឋខ្មែរ ​​ឆ្នាំ​១៩៧១។

កងអាវុធហត្ថជាតិ ត្រូវបានលុបបំបាត់ចោល​ដូចស្ថាប័ន​ផ្សេងៗ​​​ដែរ​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅចន្លោះឆ្នាំ១៩៧៩ ដល់​ឆ្នាំ​១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធាដែល​ធ្វើកិច្ចការខាង​ត្រួតត្រា​បទ​បញ្ជានិងពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។ នៅក្នុងគ្រាអនុវត្ត​នយោបាយ​បង្រួប​បង្រួម​​ជាតិ នាំ​ដល់​ការ​បង្រួបបង្រួមកងទ័ពនៃបណ្តាភាគីជម្លោះ ឱ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះ​ហើយ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យ​ចុះថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ពន្ធចាត់តាំងអគ្គសេនាធិការដ្ឋានក៏មានកងអាវុធហត្ថផង​ដែរ ហេតុដូចនេះហើយ បានជាយើងចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ។ នៅពេលនោះ តួនាទីភារកិច្ចរបស់កងអាវុធហត្ថត្រឹមតែតម្រួតយោធាប៉ុណ្ណោះ គឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព និងបទល្មើសយោធា។

ទន្ទឹមនឹងនោះដែរ អគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទបានចេញសេចក្តីសម្រេចជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហានតាមកងឯកភាពនានាទូទាំងប្រទេសដែលមានលក្ខណៈសម្បត្តិល្អតាមការកំណត់ ហើយចាប់ផ្តើមដំណើរការ​ហ្វឹក​ហ្វឺនជំនាញឯកទេស វិជ្ជាជីវៈកងរាជអាវុធហត្ថ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅ​កម្ពុជា “អ៊ុនតាក់”។

យោងតាមសំណូមពរភារកិច្ចក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹង​ការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ច​និង​រចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រា បានពង្រីកវិសាលភាពតួនាទី​ភារកិច្ច​កងរាជអាវុធហត្ថបន្ថែម។ អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើង​វិញដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច​និង​រចនាសម្ពន្ធទូទៅ​នៃ​កង​រាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។

បេសកកម្មរបស់កងរាជអាវុធហត្ថមានចែងក្នុងមាត្រា៤នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ៖ ១-រ៉ាប់រងសកម្ម ភាពខាងប៉ូលិសរដ្ឋបាល៖ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ​សង្គមនិងជួយ​សង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ កងរាជអាវុធហត្ថរ៉ាប់រង​ឱ្យមាន​ការ​គោរព​​ច្បាប់​និងបទ​បញ្ជា​ទាំងឡាយ។ ២-រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ៖ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌នៅពេល​ដែល​​​​ទ​ទួលបាននីតិសម្បទា​តាម​ក្រម​​​នីតិវិធីព្រហ្មទណ្ឌ។

កងរាជអាវុធហត្ថ​​ពិនិត្យ​បទល្មើស​ព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាច​ឃា​ត់​ខ្លួន​បុគ្គល​ដែល​​ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។ ៣-បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា៖ ទទួលបន្ទុករក្សាសុវត្ថិភាព​បំពេញ​​​តួនាទី​ជា​កងកិត្តិយសការពារ​ទីតាំង​យោធា និងកិច្ចការ ប៉ូលីសយោធានៅក្នុង​និង​ក្រៅ​​ទីតាំង​កងទ័ព។ ៤-ផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើ​សុំតាម​សេចក្តី​ត្រូវ​ការ​​ចាំបាច់។

ផ្អែក​តាម​អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ រវាង​សាធារណ​រដ្ឋ​បារាំងនិងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងអនុស្សរណៈបានសង្កត់ធ្ងន់ភាគីបារាំងទទួលខុសត្រូវ​ជួយកសាងធនធានមនុស្សឱ្យស្របតាម​តួនាទី​ភារកិច្ច ដូច្នេះហើយបានជាវគ្គបណ្តុះបណ្តាល​កងរាជ​អាវុធ​ហត្ថ​​ចាប់​ដំណើរ​ការឡើងក្នុងឆ្នាំ១៩៩៤ ដោយរៀបចំជួសជុលនិងសាងសង់ ​សាលាកងរាជអាវុធ​ហត្ថ​​កំបូល ព្រមទាំងទទួលបានសម្ភារៈ មធ្យោបាយមួយចំនួនពីប្រទេសបារាំង។

នៅ​គ្រាដំបូង​យើង​មានតែបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយប៉ុណ្ណោះ និងបន្ទាប់មកទើបរៀបចំ​តាម​បណ្តា​រាជ​ធានី ខេត្ត​មួយចំនួនដែលចាំបាច់​ក្នុងនោះមានជាអាទិ៍ ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុង​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ក្រុងព្រះសីហនុ និងខេត្ត​សៀមរាប។ លុះដល់ពាក់កណ្តាលឆ្នាំ១៩៩៥ ត្រូវបានបង្កើតបញ្ជាការដ្ឋានកងរាជអាវុធហត្ថគ្រប់ខេត្ត ហើយមកដល់បច្ចុប្បន្នមាន២៥រាជធានី ខេត្ត មានកងរាជអាវុធហត្ថចល័ត និងមានសាលាចំនួន២​ ក្នុង​នោះមានសាលាកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ។

កន្លងទៅនេះ កងរាជអាវុធហត្ថបាន​រួមចំណែកជាមួយនឹងកងកម្លាំងមាន​សមត្ថកិច្ចផ្សេង​ទៀតក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តច្បាប់ ហើយដែល​លេច​ធ្លោជាងគេនោះ គឺការអនុវត្តគោលនយោបាយការប្រមូលអាវុធដែលលើស​ពីសេចក្តី​ត្រូវ​ការយកទៅ​កម្ទេចចោល -បានចូល​រួមទប់ស្កាត់នូវការបង្កចលាចលប្រដាប់អាវុធ -បានរួមចំណែក​អនុវត្ត​បទបញ្ជា​របស់ប្រមុខរាជរដ្ឋាភិ​បាល ដើម្បីទប់ស្កាត់អាណាធិបតេយ្យជំរិតទារប្រាក់តាមដងផ្លូវ​សាធារណៈ -បាន​រួមចំណែកក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាពិសេសការចាប់បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ បទល្មើសដឹកជញ្ជូនជួញដូរ ផលិតគ្រឿងញៀន បទល្មើសជួញដូរអាវុធ -សហ​ការ​ទប់ស្កាត់​និង​បង្ក្រាបបទល្មើសធនធានធម្មជាតិជាពិសេសគឺព្រៃឈើ -ការកៀងគរប្រមូលពន្ធគយ ពន្ធដារ -ពង្រឹង​សណ្តាប់ធ្នាប់និងវិន័យកងទ័ព នៅតាមទីកន្លែងសាធារណៈ​ -ជួយសង្គ្រោះប្រជាជននៅពេលជួបគ្រោះ​មហន្តរាយ​ផ្សេងៗ​ជាពិសេសគ្រោះមហន្តរាយធម្មជាតិ -និងបានការពារសុវត្ថិភាពជូនឥស្សរជនជាតិ -គណៈប្រតិភូបរទេសនិងស្ថាប័នរបស់រដ្ឋ។ល។ រីឯ ការកសាងសមិទ្ធផលវិញ គឺបានធ្វើការហ្វឹកហ្វឺន​និង​បណ្តុះ​បណ្តាល​ធនធានមនុស្ស បានកសាងហេដ្ឋារចនាសម្ពន្ធ ជំរំជម្រក កន្លែងធ្វើការស្នាក់នៅ​រៀន​សូត្រ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ ហូបឆ្អែតប្រកបដោយអនាម័យ និងការអនុវត្តគោលនយោបាយចំពោះបុគ្គលិកកងរាជអាវុធហត្ថក្នុងអង្គភាពនៅពេលជួបការលំបាក ជំងឺ ពលី មរណៈ។ល។ លើសពីនេះ បានកសាងឱ្យកងរាជអាវុធហត្ថជាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ជាកម្លាំងប្រតិបត្តិច្បាប់ និង​ជាបង្អែកនៃខឿនសន្តិសុខរបស់ប្រជាជន។

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ គឺជាខួបលើកទី២៤ កងរាជអាវុធហត្ថបានរៀបចំប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង។ ការប្រារព្ធពិធីនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមជាអធីបតីដ៏ខ្ពង់ខ្ពស់ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី នឹងធ្វើការកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់អគារពហុសិក្សាដែលមានទំហំ​បណ្តោយប្រវែង៤០ម៉ែត្រនិងទទឹងប្រវែង៣៤ម៉ែត្រ ដែលបានចាប់​ផ្តើមបញ្ចុះបឋមសិលា​សាង​សង់នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ ជាមួយគ្នានេះដែរ ដើម្បីជាសក្ខីភាពក្នុងថ្ងៃខួបអនុស្សាវរីយ៍លើកទី២៤នេះ កងរាជអាវុធហត្ថនឹងចាប់​ផ្តើមបើកការដ្ឋាន​សាង​សង់អគារ​​ទីចាត់​ការ​មួយខ្នងទៀត ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងចុច​ប៊ូតុង​ឱ្យដំណើរការសាងសង់។ អគារនោះមានទំហំទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង​៥៦​ម៉ែត្រ និងកម្ពស់​៣​ជាន់។

កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ច ជាពិសេសក្រោមការដឹកនាំបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃនិងសមិទ្ធផលធំៗជាច្រើន។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអ្នកដឹកនាំមួយរូបដែលមានទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួមពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កងរាជអាវុធហត្ថបានត្រៀម​កម្លាំងនិងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសអនុវត្តបទបញ្ជា គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីរក្សាឱ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជននិងប្រទេសជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print