ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចចម្រុះបានបើកការចុះបង្ក្រាបសត្វព្រៃ៤ប្រភេទ និងជាច្រើនគីឡូ រួមមាន សាច់ជ្រូកព្រៃស្រស់ ចំនួន១៤,៥០គីឡូក្រាម , សាច់ឈ្លូសស្រស់១,៧០គីឡូក្រាម ,សាច់សត្វប្រើសចំនួន៨គីឡូក្រាម និងសត្វអណ្តើកសកល រស់៤ក្បាល សរុបសាច់សត្វព្រៃស្រស់ទម្ងន់២៤,២០គីឡូកាម និងឃាត់អ្នកលក់ម្នាក់ ។
ការចុះបង្ក្រាបសាច់សត្វព្រៃខាងលើដឹកនាំដោយខាងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលព្រៃឈើខេត្ត និងអង្គការសម្ពន្ធមិត្តសត្វព្រៃ ធ្វើការបង្ក្រាបនិងរឹបអូសបានជាច្រើនគីឡូក្រាម ពេលកំពុងដាក់លក់នៅលើទីផ្សារក្នុងទីរួមខេត្ត។
ករណីចាប់សត្វព្រៃនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៧ និងបានឃាត់ខ្លួនស្ត្រីម្នាក់ផងដែរ ។
ក្រោយការបង្ក្រាប កម្លាំងជំនាញបានឃាត់ខ្លួនស្ត្រី អ្នកលក់សាច់សត្វព្រៃប្រចាំផ្សារក្នុងខេត្តស្ទឹងត្រែងម្នាក់ ឈ្មោះ ឆោម ធីតា អាយុ១៨ឆ្នាំ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមប្រភពបង្ហើបថា ស្ត្រីខាងលើនេះត្រូវបានដោះលែងវិញ ដោយជំនាញបានបញ្ជាក់ថា សាច់សត្វព្រៃដែលបង្ក្រាបបាននោះ គឺជារបស់អ្នកលក់ផ្សេង ចំណែករបស់ស្ត្រីរូបនេះគឺមានតិចជាងគេទើបគ្រាន់តែអប់រំ និងឲ្យបង់ពិន័យក៏ដោះលែងទៅវិញ ។
បច្ចុប្បន្នសាច់សត្វព្រៃទាំងអស់ត្រូវបានកម្លាំងចម្រុះប្រគល់ទៅឲ្យជំនាញរដ្ឋបាល ព្រៃឈើខេត្ត ដើម្បីដុតនិងកប់ចោលក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ៕ ជាយក្រុង