ភ្នំពេញ ៖សហភាពអឺរ៉ុប នឹងប្រារព្ធខួបទី ៣០ ឆ្នាំ នៃកម្មវិធី Erasmus របស់ខ្លួននៅឆ្នាំនេះនឹង មានការរៀបចំសន្និសីទនិស្សិត នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី ១៧ ខែកក្កដាខាងមុខនេះ ដោយមានការបង្ហាញពីបទពិសោធន៍នៃការសិក្សា និងវប្បធម៌ដ៏សម្បូរបែប របស់អតីតនិស្សិតដែលធ្លាប់សិក្សាក្រោមកម្មវិធី Erasmus ហើយសង្ឃឹមថានឹងមានការជំរុញលើកទឹកចិត្តដល់និស្សិត ជាច្រើនថែមទៀតឲ្យចាប់យកឱកាសនេះ ដើម្បីទៅសិក្សានៅតាមបណ្ដាសកលវិទ្យាល័យល្បីៗរបស់អឺរ៉ុប។
ក្នុងឱកាសនោះ លោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងអញ្ជើញចូលរួមដើម្បីថ្លែងសុន្ទរកថាផងដែរ។
កម្មវិធី Erasmus ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ ១៩៨៧ ក្នុងនាមគំនិតផ្ដួចផ្ដើមដើម្បីជំរុញការបម្លាស់ទីនៃការសិក្សារបស់និស្សិតអឺរ៉ុប ត្រូវបានដាក់ឈ្មោះតាមលោក Erasmus of Rotterdam ជាអ្នកប្រាជ្ញមនុស្សនិយមជនជាតិហុល្លងដ៏ល្បីល្បាញ ដែលមានជីវិតរស់នៅក្នុងអំឡុងសម័យ Renaissance នៅចុងសតវត្សទី ១៥ និងដើមសតវត្សទី ១៦ ។ ក្នុងពេលបច្ចុប្បន្ន កម្មវិធី Erasmus+ បានផ្ដល់លទ្ធភាពដល់និស្សិតទូទាំងពិភពលោកទៅសិក្សានៅតាមសកលវិទ្យាល័យនានាទូទាំងទ្វីបអឺរ៉ុប។ និស្សិតកម្ពុជាត្រូវបានបញ្ចូលក្នុងកម្មវិធីនេះនៅឆ្នាំ ១៩៩៥ ហើយចាប់តាំងពីពេលនោះមក មាននិស្សិតកម្ពុជាចំនួនច្រើនជាង ៦០០ នាក់ដែលមានឱកាសទៅសិក្សានៅទ្វីបអឺរ៉ុប។
លោកស្រី បណ្ឌិត Genoveva Hernandez Uriz ភារៈធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ដើម្បីអបអរខួប ៣០ ឆ្នាំ នៃកម្មវិធី Erasmus និងខួប ២០ ឆ្នាំ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា សហភាពអឺរ៉ុបរៀបចំសន្និសីទនេះឡើងដើម្បីជួយដល់និស្សិត និងគ្រឹះស្ថានសិក្សានានាអោយបានស្វែងយល់អំពីឱកាសសិក្សា ដែលផ្ដល់ជូនដោយកម្មវិធី Erasmus+ នាពេលបច្ចុប្បន្ន។ យើងមានមោទនភាពក្រៃលែង ដែលកម្មវិធី Erasmus+ បានដើរតួនាទីដ៏សំខាន់ក្នុងការផ្ដល់ឱកាសដល់និស្សិតឆ្នើមៗបំផុតរបស់កម្ពុជាជាច្រើននាក់ ដើម្បីបានទទួលនូវជំនាញ និងចំណេះដឹងបន្ថែម តាមរយៈការទៅសិក្សានៅសកលវិទ្យាល័យល្អៗបំផុតនៅអឺរ៉ុប” ។
អឺរ៉ុបគឺជាមូលដ្ឋានដែលមានសកលវិទ្យាល័យមួយចំនួនដែលមានអាយុកាលចំណាស់ និងមានកិត្យានុភាពបំផុតក្នុងសកលលោក ហើយក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ និស្សិតកម្មវិធី Erasmus របស់កម្ពុជាបានសិក្សាយកជំនាញឯកទេសជាច្រើនពីសកលវិទ្យាល័យនៅទូទាំងទ្វីបអឺរ៉ុបនេះ។
លោក សារ គិនវិឌី នាយករង នៃនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ខ្ញុំបានទទួលសញ្ញាបត្រអនុបណ្ឌិតអន្តរជាតិផ្នែកវិទ្យាសាស្ត្រអភិវឌ្ឍន៍ជនបទ នៅប្រទេសបារាំង ហុល្លង់ ស្លូវ៉ាគី និងអាឡឺម៉ង់។ បន្ទាប់ពីបញ្ចប់ការសិក្សា និងវិលមកមាតុភូមិកម្ពុជាវិញ ខ្ញុំមានចំណង់ចំណូលចិត្តចង់ធ្វើការនៅក្នុងវិស័យរដ្ឋ (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ) ដែលខ្ញុំអាចប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងរបស់ខ្ញុំបានល្អ” ៕ វឌ្ឍនា
