ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះ បើកសវនាការរឿងក្ដីអ្នកស្រី ទេព វន្នី និងស្ត្រី៥នាក់ទៀត ពាក់ព័ន្ធបទល្មើសជេរប្រមាថជាសាធារណៈនិងគំរាមថានឹងសម្លាប់ ។
ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ប៊ុន ធី ជាចៅក្រមជំនុំជម្រះ និងលោក តុប ឈុនឡុង ជាតំណាងអយ្យការ ។
ស្ត្រីជាប់ចោទទាំង៦នាក់ ឈ្មោះ ទេព វន្នី អាយុ ៣៥ឆ្នាំ ឈ្មោះ ហេង មុំ អាយុ ៤៦ឆ្នាំ ឈ្មោះ ង៉ែត ឃុន អាយុ៧៦ឆ្នាំ ឈ្មោះ ឆេង លាភ អាយុ៤៩ឆ្នាំ ឈ្មោះ គង់ ចាន់ថា អាយុ៤៨ឆ្នាំ និង ឈ្មោះ តុល ស្រីពៅ អាយុ៣៨ឆ្នាំ ជាប់ចោទបទ “ ជេរប្រមាថជាសាធារណៈនិងគំរាមថានឹងសម្លាប់”ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣៤ ផ្លូវលេខ៨០ ភូមិ២៤ ក្រុម៣០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ តាមមាត្រា៣០៧និងមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ ។ បច្ចុប្បន្នមានតែអ្នកស្រី ទេព វន្នី ម្នាក់ប៉ុណ្ណោះកំពុងជាប់ពន្ធនាគារជាមួយគ្នានេះ ក្រុមស្ត្រីបឹងកក់ប្រមាណជិត៣០នាក់ កំពុងប្រមូលផ្ដុំមុខសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ៕ ចេស្តា