ភ្នំពេញ ៖ ទីបំផុត អតីតនគរបាលក្រុងភ្នំពេញបាញ់បោះសេរីជិត១០គ្រាប់ បង្កអសន្តិសុខនៅខណ្ឌដូនពេញ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា លោក ស្រី ម៉ាក់នី ជាព្រះរាជអាជ្ញារងបានបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ទូច បូភាព ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ តាមមាត្រា៤៩០ ក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំជនត្រូវចោទ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ៕ ចេស្តា