ខេត្តកំពង់ចាម ៖ ហេតុការណ៍ដ៏ព្រឺរន្ធត់មួយបានកើតឡើង នៅពេលកាំបិតប៉័ងតោហោះរំលងពីផ្ទះមួយទៅ ដោតចំ ក្បាលជនរងគ្រោះដែលកំពុងអង្គុយបាចទឹកទូកមិនដឹងអី បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបញ្ជូនជាប្រញាប់មក កាន់មន្ទីរពេទ្យខេត្តកំពង់ចាម ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ មានប្តីប្រពន្ធមួយគូ រស់នៅក្បែរផ្ទះជនគ្រោះ ក៏កើត អំពើហិង្សាក្នុងគ្រួសារឈ្លោះទាស់គ្នា ពេលនោះគេឃើញប្តីយកកាំបិតប៉័ងតោក្នុងបំណងកាប់ចិញ្រ្ចាំខោអាវ ខណៈនោះប្រពន្ធក៏ស្ទុះទៅទាញកាំបិតពីដៃប្តី ស្រាប់តែកាំបិតភ្លាត់ហោះចេញពីផ្ទះទៅមាត់ទន្លេ ដោតចំក្បាលជនរង គ្រោះដែលកំពុងអង្គុយបាចទឹកទូក បណ្តាលអោយរងរបួសធ្ងន់ ។ ភ្លាមៗនោះក៏ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
ស្ត្រីសង្ស័យឈ្មោះ ទូច ចាន់ណា អាយុ៣០ឆ្នាំ មានប្តីឈ្មោះ ស៊ឹម ធា អាយុ៣០ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះជា សុខ ទក ភេទប្រុស អាយុ២៩ឆ្នាំ ។ ជនរងគ្រោះនិងស្ត្រីសង្ស័យជាបងប្អូនជីដូនមួយ និងមានទីលំនៅក្បែរខាងគ្នា ស្ថិតក្នុងភូមិថ្ម គោលឃុំរអាង ខេត្តកំពង់ចាម ។
ហេតុការណ៍នេះកើតវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ នៅត្រង់ចំណុចតាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ។
ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកកំពង់សៀម ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕ វណ្ណះ