ខេត្តប៉ៃលិន ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និស្សិតទទួលបានអាហារូបករណ៍ របស់ឯកឧត្តមអ៊ី ឈាន និងសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងរៀនវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ ក្នុងខេត្តប៉ៃលិន ចំនួន ៥៤៣នាក់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើរបាយការណ៍ដឹងថា៖ ក្នុងឆ្នាំសិក្សា២០១៦-២០១៧នេះ ខេត្តប៉ៃលិនមានសិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងកំពុងរៀនវគ្គបំប៉នត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៣៣៥នាក់ ដែលមកពីវិទ្យាល័យចំនួន ២ គឺវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន និងវិទ្យាល័យ ហ៊ុន សែនសាលាក្រៅ ដោយរើសយកមុខវិទ្យាចំនួន ៥ មកបង្រៀន គឺមុខវិទ្យាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រខ្មែរ និងភាសាខ្មែរ។
លោកបានបន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងតែឧបត្ថម្ភទាំងសម្ភារៈសិក្សា និថវិកា តាម រយៈ លោកស្រី បាន ស្រីមុំ អ៊ី ឈាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដល់លោកគ្រូ អ្នកគ្រូ ក្នុងការផ្គត់ផ្គង់ជីវភាពបន្ថែម ក្នុងពេលបើកវគ្គបំប៉នដល់សិស្សានុសិស្ស ដែលកំពុងរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខឱ្យទទួលបានលទ្ធផលល្អ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍នាំយកបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
លោកស្រីបានមានប្រសាសន៍បន្តថា៖ នេះជាតំណាក់កាលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ ដោយធ្វើការរឹតបន្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជ្រើសរើសសិស្សានុសិស្សដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ ហើយការរិតបន្តឹងការប្រឡងនេះដែរ ក៍បានកំពុងពញ្ញាក់ស្មារតីរបស់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងអោយរីកចំរើនបន្ថែមទៀតនៅថ្ងៃអនាគត់។
លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា៖ ការសិក្សារៀនសូត្រគឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវធនធានមនុស្ស សំរាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការប្រកួតប្រជែងលើគ្រប់ផ្នែក គ្រប់វិស័យ ជាមួយប្រជាជនបណ្តាប្រទេសនានានៅក្នុងសកលលោក ក៍ដូចជានៅក្នុងតំបន់អាស៊ានផងដែរ។
លោកជំទាវ ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀន ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនាពេលខាងមុខ ហើយសម្រាប់ឆ្នាំ២០១៧នេះ លោក អ៊ី ឈាន នឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់ទទួលបាននិទ្ទេសល្អ ហើយទន្ទឹមនឹងនេះ លោក អ៊ី ឈាន និងលោកជំទាវ ក៍បានផ្តល់នូវអាហារូបករណ៍ ១០០% ជាច្រើនកន្លែងដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តែគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយសារបញ្ហាជីវភាពទីទាល់ក្រ ហើយជាក់ស្តែងរយៈពេល ៤ឆ្នាំកន្លងមកនេះ សិស្សានុសិស្សក្រីក្រជាច្រើននាក់ បានទទួលអាហារូបករណ៍ ១០០% ទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សានានាក្នុងខេត្តបាត់ដំបង។
លោកស្រី បាន ស្រីមុំ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមកំណែទម្រង់ក្នុងវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានឯលោកបណ្ឌិតធម្មសភាចារ្យ ហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ជាពិសេសសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួម បង្រៀនក្នុងវគ្គបំប៉នដល់ក្មួយៗសិស្សានុសិស្សទាំងអស់នាពេលនេះ។
គួរបញ្ជាក់ថា៖ នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៍បានឧបត្ថម្ភសម្ភារៈសិក្សា និងថវិកា ដល់លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ៕ ស សារ៉េត