ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលព្រេជ សហការជាមួយបងប្អូនប្រជាពលរដ្ឋឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចទាក់សត្វឆ្កែ បានកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិម៉ឺនរាម ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ក្រិត គង្គា ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់មានទីលំនៅភូមិក្រាំងក្រូចខាងលិច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកឯជនរងគ្រោះជាម្ចាស់សត្វឆ្កែឈ្មោះ ជឹម ជួន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរក្រុមប្រឹក្សាឃុំទួលព្រេជ មានទីលំនៅភូមិម៉ឺនរាម ឃុំទួលព្រេជ ស្រុកអង្គស្នួល ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ សត្វឆ្កែញីចំនួន0២ក្បាល ,ម្សៅពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន0១កញ្ចប់តូច ,ថង់ពណ៌ស ចំនួន0២ ,កាបូបដៃពណ៌លឿង ចំនួន0២និងម៉ូតូ០១គ្រឿង ម៉ាកស៊ីរូស ពណ៌លឿង គ្មានស្លាក ។
ប្រភពដដែលបានបន្តថទៀតថា នៅមុនពេលកើតហេតុជនសង្ស័យនិងបក្ខពួកម្នាក់ទៀតបានជិះម៉ូតូយកថ្នាំពុលបោះចោលតាមផ្លូវលំ ពេលឆ្កែស៊ីពុលរត់ចូលព្រៃប្រកាច់ងាប់ទើបរើសច្រកថង់សដាក់លើម៉ូតូជិះរត់គេចខ្លួន ខណៈនោះត្រូវប្រជាពលរដ្ឋប្រទះឃើញក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដឹងដល់ប្រជាពលរដ្ឋផ្សេងទៀតនិងសមត្ថកិច្ចនគរបាលមូលដ្ឋានឡោមព័ទ្ធដេញចាប់បានជនសង្ស័យម្នាក់រួមជាមួយវត្ថុតាង ខណៈដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន ៕ស្អាងជ័យ