នាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដែស លោក Sheikh Hasina កាលពីថ្ងៃទី៤ ខែតុលា បានថ្លែងច្រានចោលព័ត៌មានដែលថា ក្រុមរដ្ឋអិស្លាម(IS) បានប្រកាសទទួលស្គាល់ការបាញ់សម្លាប់ជនបរទេស២នាក់ស្ថិតនៅក្នុងទឹកដីបង់ក្លាដែស នោះ។ លោកស្រីបានអះអាងថា ប៉ូលិសនៅមិនទាន់មានភស្តុតាងបង្ហាញថា ក្រុមរដ្ឋអិស្លាមនៅពីក្រោយការបាញ់ប្រហារនោះឡើយ ។
ការថ្លែងបែបនេះរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែសបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Hoshi Kunio អាយុ៦៦ឆ្នាំ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ស្ថិតនៅភាគខាងជើងបង់ក្លាដែស ហើយជាជនបរទេសទី២ដែលត្រូវបាញ់សម្លាប់ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។ បុរសឈ្មោះ Cesare Tavella អាយុ៥០ឆ្នាំ ជនជាតិអ៊ីតាលីត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលបបាញ់ប្រហារបណ្តាលឲ្យស្លាប់ផងដែរកាលពីសប្តាហ៍មុន ហើយដែលក្រុមរដ្ឋអិស្លាមបានអះអាងថា ជាទង្វើរបស់ក្រុមខ្លួននោះ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោកស្រី Hasina បានបញ្ជាក់ថា «យើងមិនទាន់រកភស្តុតាងបញ្ជាក់ថា ករណីនេះពាក់ព័ន្ធជាមួយក្រុមរដ្ឋអិស្លាម(IS)នោះឡើយ ។ យើងគ្មានភស្តុតាង ។ បើមាននរណាម្នាក់គេប្រកាសទទួលស្គាល់ថា ជាទង្វើរបស់គេនោះ តើយើងគួរទទួលដែរឬយ៉ាងណា?» ។
លោកស្រីបានបន្តថា ក្រុមដែលឈ្មោះថា រដ្ឋអិស្លាម (IS) នោះ គ្មានវត្តមានប្រតិបត្តិការនៅក្នុងទឹកដីបង់ក្លាដែស នោះទេ ។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងសកម្មខ្លាំងណាស់ មិនអនុញ្ញតឲ្យមានសកម្មភាពបែបនេះកើតឡើងជាដាច់ខាត ។
បុគ្គលិកបម្រើការផ្នែកជំនួយមនុស្សធម៌សញ្ជាតិអ៊ីតាលីម្នាក់ឈ្មោះ Tavella ត្រូវរងការបាញ់ប្រហារ៣គ្រាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណដែលជិះម៉ូតូធ្វើជាយានជំនិះកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ។ ករណីនេះរដ្ឋាភិបាលបង់ក្លាដែសមិនបានចាត់ទុកថាជាទង្វើរបស់ក្រុមរដ្ឋអិស្លាមនោះទេ ។ ជាមួយគ្នានេះដែរ បុរសជនជាតិជប៉ុន ឈ្មោះ Kunio ត្រូវខ្មាន់កាំភ្លើងមានគ្នា៣នាក់លបបាញ់ប្រហារ ខណៈដែលជនរងគ្រោះកំពុងជិះឆៃកែវ ស្ថិតនៅក្នុងតំបន់ Kaunia ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង់ក្លាដែស លោក Asaduzzaman Khan Kamal បានថ្លែងច្រានចោលដែលថា មានវត្តមានក្រុមរដ្ឋអិស្លាមនៅក្នុងប្រទេសបង់ក្លាដែស ដោយលោកអះអាងថា ករណីឃាតកម្មនេះជាសកម្មភាពមួយធ្វើឡើងដើម្បីបង្កអស្ថិរភាពនៅក្នុងសង្គម ។
លោក Saifur Rahman ស្នងការប៉ូលិសបានបញ្ជាក់ប្រាប់ប្រភព AFP ថា ប៉ូលិសបានស៊ើបអង្កេតយ៉ាងច្បាស់លាស់ទៅលើខ្មាន់កាំភ្លើងដែលបានសម្លាប់បុរសជនជាតិជប៉ុន Kunio នោះ ហើយរកមិនឃើញថា មានជាប់ទាក់ទងជាមួយក្រុមរដ្ឋអិស្លាមនោះទេ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត