បាតុកររាប់ពាន់នាក់ កាលពីថ្ងៃទី៤ ខែតុលា បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមរ៉ុន ខណៈដែលលោកកំពុងធ្វើសន្និសីទសារព័ត៌មានជាប្រចាំនោះ ។ ក្រុមបាតុករបានលើកបដាសរសេរថា សូមបញ្ចប់ពិធីនេះភ្លាម ឬថា កាត់បន្ថយសង្គ្រាម ដែលគ្មានសុខុមាលភាពជាដើម ។
ប៉ូលិស និងសភាសហភាពពាណិជ្ជកម្ម(TUC)បានបញ្ជាក់ថា បាតុករប្រមាណ៦០.០០០នាក់បានចូលរួមធ្វើបាតុកម្មនៅភាគពាយព្យទីក្រុង Manchester ។ បាតុករ៤នាក់ត្រូវចាប់ខ្លួន ។
ក្រុម TUC បានដឹកនាំធ្វើបាតុកម្មដោយលើកជាបដាសរសេរថា សូមនិយាយថា ទេ ចំពោះការរិតត្បិត ប៉ុន្តែចូរនិយាយថា បាទ ចំពោះសិទ្ធិកម្មករវិញ ។ ក្រុមអ្នកដឹកនាំធ្វើបាតុកម្មអះអាងថា រដ្ឋាភិបាលបានរិតត្បិតចំពោះសិទ្ធិការងាររបស់ក្រុមកម្មករ ក៏ដូចជាការរឹតត្បិតពួកគេក្នុងកម្មវិធីសិទ្ធិមនុស្សផងដែរ ។
រដ្ឋាភិបាលអង់គ្លេសបានចាប់ផ្តើមកាត់បន្ថយចំណាយរបស់ខ្លួន ដើម្បីធ្វើឲ្យមានតុល្យភាព ទៅនឹងប្រាក់កម្រៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទូទាតសងបំណុលជាដើម ។ គម្រោងការនេះត្រូវធ្វើឡើងដោយឆ្លងកាត់ការអនុម័តពីសភា ដើម្បីកុំឲ្យមានការធ្វើបាតុកម្មតវ៉ា ។ គណបក្សកាន់អំណាចបានសង្ឃឹមថា មានការគាំទ្រគម្រោងថ្មីនេះយ៉ាងតិចបំផុត៥០ភាគរយដែរ ។ គណបក្សកាន់អំណាចនៅអង់គ្លេសបានទទួលសំឡេងគាំទ្រច្រើនក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៥ ។
បាតុករមួយចំនួនបានលើកបដាថា ប្រឆាំងទៅលើគោលជំហរបស់រដ្ឋាភិបាលដែលវាយប្រហារគ្រាប់បែកនៅក្នុងប្រទេសស៊ីរីផងដែរ ។ ក្រុមបាតុករខ្លះទៀតពាក់ម៉ាស់ជាសញ្ញារូបជ្រូកដើម្បីប្រឆាំងផងដែរ ។
លោក James Penfold អាយុ៤៤ឆ្នាំ បានបញ្ជាក់ថា «ខ្ញុំគិតថា ពួកគេកំពុងទទួលយកការកាត់បន្ថយក្នុងទ្រង់ទ្រាយធំ ។ មានវិធីផ្សេងគ្នាដើម្បីដោះស្រាយ ឱនភាពដែលទាក់ទងនឹងការបង់ពន្ធនេះ» ។ លោកបន្តថា «អ្វីដែលពួកគេកំពុងធ្វើដើម្បីប្រទេសនេះគឺជាមហន្តរាយ ហើយវានឹងកើតឡើងក្នុងរយៈពេលច្រើនឆ្នាំ។ យើងពិតជាមនការសោកស្តាយចំពោះអ្វីដែលបានកើតឡើងនេះខ្លាំងណាស់។ ខ្ញុំព្រួយបារម្ភចំពោះកូន ចៅរបស់យើងជំនាន់ក្រោយដែលមានប្រាក់បំណុលច្រើន ដាក់បន្ទុកទៅលើពួកគេជាអ្នកសងបំណុលទាំងនោះ»។
រដ្ឋាភិបាលអង់គ្លេសបានទទួលសំឡេងគាំទ្រដឹកនាំប្រទេសជាតិ បន្ទាប់ពីគោលនយោបាយរបស់ផ្តោតសំខាន់ទៅលើការរីកចម្រើនសេដ្ឋកិច្ចរបស់អង់គ្លេស ។ រដ្ឋាភិបាលនេះមានគម្រោងកាត់បន្ថយចំណាយ១៣លានផោន ស្មើប្រមាណ១៨លានដុល្លារលើវិស័យសុខុមាលភាពឆ្នាំ២០២០ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត