សមាសភាពរបស់ក្រុមរដ្ឋអិស្លាម(IS) បានប្រកាសនៅតាមប្រព័ន្ធទំនាក់ទំនងសង្គមកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ថា ពួកគេបានបើកការវាយប្រហារគ្រាប់បែកនៅជិតទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ានោះបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៥នាក់ ។
កាលពីចុងសប្តាហ៍មុន ការវាយប្រហារគ្រាប់បែក២គ្រាប់បានកើតឡើងស្ថិតនៅតំបន់ជាយក្រុង Abuja ។ ការវាយ ប្រហារនេះប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari បានចាត់ទុកថា ជាទង្វើរបស់ក្រុមឧទ្ទាមបូកូហារ៉ាម ដែលបានក្រោកបះបោរវាយប្រហារកងសន្តិសុខរដ្ឋាភិបាលតាំងពី៦ឆ្នាំកន្លងមកនោះស្ថិតនៅភាគខាងជើងនីស្សេរីយ៉ាក្នុងគោលដៅបង្កើតអាណាចក្រកាលីផេតអិស្លាមនៅទីនោះ ។
ប៉ុន្តែទោះបីយ៉ាងណា សមាសភាពរបស់ក្រុមរដ្ឋអិស្លាមនៅក្នុងទឹកដីនីហ្សេរីយ៉ាបានអះអាងថា ការវាយប្រហារខាងលើនេះជាសកម្មភាពរបស់ពួកគេ ។ ពួកគេអះអាងថា មិនមែនក្រុមបូកូហារ៉ាមជាអ្នកធ្វើនោះឡើយ ប៉ុន្តែជាក្រុមរដ្ឋអិស្លាមប្រចាំនៅតំបន់អាហ្វ្រិកភាគខាងលិច ។ ប្រភពបញ្ជាក់ថា ពួកមនុស្ស៣នាក់ស្ថិតនៅពីក្រោយការវាយប្រហារទាំង២លើកខាងលើនេះ ។
កាលពីខែឧសភា ឆ្នាំ២០១៥ ក្រុមរដ្ឋអិស្លាមដែលគ្រប់គ្រងដែនដីភាគច្រើននៅអ៊ីរ៉ាក់ និងស៊ីរីនោះបានប្រកាសដាក់បញ្ចូលឲ្យស្ថិតនៅជាមួយក្រុមរបស់ខ្លួននូវក្រុមឧទ្ទាមដែលឈរជើងនៅក្នុងទឹកដីនីហ្សេរីយ៉ា ។ ប៉ុន្តែកិច្ចសហប្រតិបត្តិការយ៉ាងណារវាងពួកគេនោះ គ្មាននរណាដឹងឡើយ ។
ក្រុមរដ្ឋអិស្លាមដែលកើតចេញពីក្រុមខ្លាំងអាល់នូស្រ៊ា របស់ក្រុមអាល់កៃដានោះបានប្រកាសបង្កើតរដ្ឋកាលីផេតរបស់ពួកគេស្ថិតនៅលើដែនដីដែលពួកគេដណ្តើមពីរដ្ឋាភិបាលអ៊ីរ៉ាក់ និងស៊ីរី ។ ពួកគេបានប្រកាសប្រើច្បាប់អិស្លាមផងដែរ។
ក្រុមរដ្ឋអិស្លាមល្បីល្បាញនៅទូទាំងពិភពលោកដោយសារតែសកម្មភាពចាប់ជំរិត និងកាប់សម្លាប់ចំណាប់ខ្មាំងលោកខាងលិច រួចបង្ហោះវីដេអូអំពីសកម្មភាពឃោរឃៅនោះនៅលើបណ្តាញទំនាក់ទំនងសង្គម ៕
ប្រែសម្រួល៖ ថាច់ យ៉ាត