ខេត្តកណ្តាល ៖ យុវជនម្នាក់លួចទំនាក់ទំនងស្នេហាជាមួយក្មេងស្រីវ័យ១៤ឆ្នាំ រហូតជ្រុលជ្រោះធ្វើឲ្យនាងមានផ្ទៃពោះ៥ខែ ចង់ដោះដៃមិនព្រមចូលស្តីដណ្តឹង ធ្វើឲ្យឪពុកម្តាយខាងស្រីផ្ទុះក្តីខឹងសម្បាក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ចាប់ខ្លួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តាមការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ើ ស្មាឯល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ។ ចំណែកឯក្មេងស្រីឈ្មោះ ហ ហ.ល.ស អាយុ១៤ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានទីលំនៅក្នុងភូមិ/ឃុំជាមួយជនសង្ស័យ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះបានទំនាក់ទំនងស្រលាញ់តាំងពីអំឡុងឆ្នាំ២០១៥មកម្លេះ ។ លុះមកដល់អំឡុងដើមឆ្នាំ២០១៧ ជនសង្ស័យនិងក្មេងស្រីរងគ្រោះព្រមព្រៀងរួមភេទជាមួយគ្នាដោយលួចលាក់មិនឲ្យន៎ណាដឹងនោះ រហូតឈានដល់មានផ្ទៃពោះចំនួន៥ខែ ទើបបែកធ្លាយដឹងដល់ម្តាយឪពុកក្មេងស្រីរងគ្រោះ ។ បន្ទាប់ពីបានដឹងថា កូនស្រីមានផ្ទៃពោះ ម្តាយឪពុកក្មេងស្រីរងគ្រោះបានទៅចរចារដល់ផ្ទះឪពុកម្តាយខាងប្រុស ដើម្បីឲ្យឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងរៀបមង្គលការតាមប្រពៃណី ។
អ្វីដែលធ្វើឲ្យឪពុកម្តាយក្មេងស្រីរងគ្រោះខឹងសម្បានោះ គឺឪពុកម្តាយ និងកូនប្រុសបានឆ្លើយបដិសេធមិនទាន់គិតគូ ដោយតម្រូវឲ្យនាំក្មេងស្រីរងគ្រោះយកកូនចេញ ។ បន្ទាប់ពីចរចារមិនត្រូវធ្វើឲ្យបាក់មុខយ៉ាងខ្លាំងនោះ ឪពុយកម្តាយក្មេងស្រីរងគ្រោះបាននាំគ្នាត្រឡប់មកផ្ទះវិញទាំងក្តីក្តៅក្រហាយ ។ ក្រោយមកបានមួយថ្ងៃទើបឪពុកម្តាយជនសង្ស័យដឹងខ្លួនខុស បាននាំគ្នាទៅសុំទោសឪពុកម្តាយក្មេងស្រីរងគ្រោះដល់លំនៅឋាន តែទោះបីជាបែបណាឪពុកម្តាយក្មេងស្រីរងគ្រោះមិនអាចអត់អោនឲ្យបានទេ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុកមុខកំពូលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានហៅឪពុកម្តាយ និងជនសង្ស័យយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។
ក្រោយពីស្តាប់ចម្លើយសារភាពជនសង្ស័យ រួចមកសមត្ថកិច្ចបានសុំការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យរូបនេះ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានបញ្ជាក់ថា ការទំនាក់ទំនងស្នេហារវាងជនសង្ស័យ និងក្មេងស្រីរងគ្រោះ ត្រូវឪពុកម្តាយទាំងសងខាងបានដឹងថា ពួកគេទាំង២នាក់ស្រលាញ់គ្នា តែមិនដឹងថា ពួកគេថ្លើមធំហ៊ានទុំមុនស្រគាលនោះទេ រហូតក្មេងស្រីរងគ្រោះមានផ្ទៃពោះ៥ខែ ទើបឪពុកម្តាយបានដឹង តែមិនប្រកាន់ទោសពៃអ្វីឡើយ ពោលគឺសុខចិត្តកាន់កេរ្តិ៍កាត់ខ្មាស់ទៅចរចារជាមួយឪពុកម្តាយខាងប្រុសដល់ផ្ទះ តែដោយសារពាក្យសំដីនិងកាយវិការរបស់ឪពុកម្តាយ និងជនសង្ស័យមិនព្រមទទួលសុខត្រូវ ទើបឪពុកម្តាយក្មេងស្រីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងយ៉ាងដូច្នេះ ៕ស្អាងជ័យ