ក្រសួងអប់រំគាំទ្រសកម្មភាពអំណានតាមបច្ចេកវិទ្យាព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ អង្កការស៊ីប៉ាប្រកាសជាផ្លូវការពីការពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនស្មាតអាស៊ីតាដើម្បីគាំទ្រសកម្មភាពអំណានតាមរយៈបច្ចេកវិទ្យាព័តមាននៃទូរគមនាគមន៍(ICT)នៅតាមសហគមន៍។ពិធីប្រកាសជាដៃគូនេះបានប្រព្រឹតិ្តទៅនៅបណ្ណាល័យជាតិនាព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧នេះក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យហង់ជូន​ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងមានការចូលរួមពីដៃគូនានារបស់អង្កការស៊ីប៉ានិងក្រុមហ៊ុនស្មាតដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងអនក្ខរភាព។

នាយកអង្កការស៊ីប៉ាលោកហុកសុទ្ធិបានលើកឡើងថាការប្រកាសភាពជាដៃគូនេះគឺចំពេលដែលអង្កការស៊ីប៉ាប្រារព្វ​ខួប៣៥ឆ្នាំនៃសកម្មភាពរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាដែលគ្មាឱកាសដោយផ្តល់តំលៃដល់ការបង្កើតថ្មីការផ្ទេរចំណេះដឹងនិងការអភិវឌ្ឍន៍។

លោកថាតាមរយៈសកម្មភាពដែលផ្តោតជាសំខាន់លើកាបង្កើតទំលាប់នៃការអាននិងលើកស្ទួយអក្ខរភាពនៅកម្ពុជាអង្កការស៊ីប៉ាបាននិងកំពុងធ្វើការងារជាច្រើនដោយមានកម្មវិត្ថុច្បាស់លាស់មួយគឺធ្វើយ៉ាងណាឱ្យសៀវភៅក្លាយជាឧបករណ៍ពិសេសសំរាប់អប់រំនិងនាំសៀវភៅទៅដល់ដៃជនដែលមិនសូវមានឱកាស។បើតាមលោកហុកសុទ្ធិបច្ចេកវិទ្យាអាចជាឧបករណ៍ល្អមួយសំរាប់អង្កការស៊ីប៉ាក្នុងការលើកទឹកចិត្តមនុស្សជំនាន់ថ្មីឱ្យរីករាយជាមួយនិងការអានដូច្នេះកិច្ចសហការជាមួយក្រុមហ៊ុនស្មាតនិងជួយឱ្យបណ្ណាល័យចល័តទាំង៨មានIpad សំរាប់កុមារអាននិងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ។

លោកថូម៉ាសហ៊ុននាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស៊ីតាបានលើកឡើងថាក្នុងក្របខណ្ឌនៃកិច្ចសហការថ្មីនេះក្រុមហ៊ុនស្មាតនិងក្លាយជាដៃគូផ្លូវការផ្នែកទូរគមនាគមន៍របស់អង្កការស៊ីប៉ាតាមរយៈការគាំទ្រកម្មវិធីនិងគំនិតផ្តួចមួយចំនួន។លោកថាភាពជាដៃគូរវាងអង្កការស៊ីប៉ានិងក្រុមហ៊ុនស្មាតគឺជាការបន្តកិច្ចសហការកាលពីឆ្នាំកន្លងទៅដែលទទួលបានលទ្ធផលជោគជ័យតាមរយៈការបំពាក់ការប្រើប្រាស់បច្ចេកវិទ្យាព័តមាននិងទូរគមនាគមន៍(ICT)ក្នុងការឱ្យរថយន្តចល័តរបស់អង្កការស៊ីប៉ាចំនួន២គ្រឿង។

កិច្ចសហការជំហានដំបូងនេះបានធ្វើឱ្យកុមារប្រមាណ១ពាន់នាក់ក្នុង១សប្តាហ៍មានឱកាសរីករាយជាមួយការអានតាមរយៈIPAD ដែលភ្ជាប់បណ្តាញអ៊ីនធើណិតដែលផ្តល់ដោយក្រុមហ៊ុនស្មាត។បើតាមលោកថូម៉ាសហ៊ុនក្រុមហ៊ុនស្មាតពិតជាពេញចិត្តចំពោះការពង្រីកភាពជាដៃគូជាមួយអង្កការស៊ីប៉ានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់កម្មវិធីមួយចំនួនរបស់អង្កការស៊ីប៉ាខណះការអប់រំគឺជាប្រធានបទស្នូលនៃការទទួលខុសត្រូវនៃសង្គមរបស់យើង។

លោកបណ្ឌិតសភាចារ្យហង់ជូនណារ៉ុនបង្ហាញការអបអរសាទរដែលក្រុមហ៊ុនស្មាតបានបន្តប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រវិស័យអប់រំនិងអភិវឌ្ឍន៍ការអានជាមួយអង្កការស៊ីប៉ាដែលជាដៃគូយូរលង់របស់ក្រសួងអប់រំយុវជននិងកីឡា។ភាពដៃគូរវាងក្រុមហ៊ុនស្មាតនិងអង្កការស៊ីប៉ានិងធ្វើឱ្យអ្នកទទួលផលពីគំរោងដឹងថាតាមរយៈការប្រើប្រាស់ឧបករណ៍​ឌីជីថលថ្មីនេះនិងជម្រុញឲ្យកាន់តែប្រសើរឡើងនូវភាពស្មគ្រ័ចិត្តនិងការទទួលខុសត្រូវសង្គមនៃផ្នែកផ្សេងៗទៀត៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print