ភ្នំពេញ ៖ តារាចម្រៀងសំនៀងថ្នម ស៊ុនស្រីពេជ្រចាកចេញពីផលិតកម្មហង្សមាសទៅកាន់ផលិតកម្មថោន បានក្លាយជាការពិតហើយ។ ត្រៀមបើកឆាកដំបូងក្នុងផលិតកម្មថ្មី នាងមានបទចម្រៀងមិនតិចជាង៥បទទេដែលនឹងចេញលក់នៅលើទីផ្សារនៅឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ក្រៅពី ឈិត សុវណ្ណបញ្ញ និងយក់ ថិតរដ្ឋា ពេលនេះស៊ុន ស្រីពេជ្រ បានក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មថោនហើយក្រោយពីនាងទើបនឹងបញ្ចប់ការច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកកាលពីកន្លងទៅ។
តារាចម្រៀងនិយមច្រៀងបទចម្រៀងមនោសញ្ចេតនាពិរោះរណ្តំចិត្ត ស៊ុន ស្រីពេជ្រ ទទួលស្គាល់ថានាងពិតជាចូលជ្រកក្រោមផលិតកម្មថោនពិតមែន ហើយការចាប់ផ្តើមចូលក្នុងផលិតកម្មថ្មីនេះមិនទាន់បានមួយខែផង។ នាងថាបទចម្រៀងទាំង៥បទរបស់នាងនឹងចេញក្នុងពេលដ៏ខ្លីខាងមុខនេះហើយបទចម្រៀងមួយចំនួនធំទាក់ទិននឹងរដូវភ្ជុំបិណ្ឌខាងមុខនេះផងដែរ។
ក្រៅពីថ្លែងភាពសប្បាយរីករាយ ដែលនឹងមានបទចម្រៀងផ្ទាល់ខ្លួនថ្មី តារាស្រីរូបនេះបន្តថា នៅមានបទចម្រៀង ជាច្រើនទៀតក៏នឹងត្រៀមចេញបន្តបន្ទាប់ដែរ។ នាងលើកឡើងដែរថា ផលិតកម្មថ្មីក៏បន្តបើកសិទ្ធិឲ្យនាងច្រៀងឲ្យក្រសួងទេសចរណ៍ និងការចេញទៅច្រៀងរាំនៅក្រៅប្រទេសផងដែរ។
នាងរំពឹងដែរថា បទចម្រៀងថ្មីរបស់នាងក្នុងទ្រនុំថ្មីរបស់នាងនឹងនៅតែបន្តទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
វឌ្ឍនា