តុលាការ​ពុំ​ទាន់​សម្រេច​ទេ​ ករណី​នាយក​រង​សាលា​បឋម​សិក្សា​វាលស្បូវ​ បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ ​៖ រហូតមក​ទល់​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ លោក​ សេង​ ហៀង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ចំពោះ​ករណី​នាយក​រង​សាលា​បឋម​សិក្សា​វាល​ស្បូវ​ម្នាក់​ ពាក់ព័ន្ធ​បទល្មើស​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ។

លោក​ ម៉ៅ​ សឿត​ អធិការ​រង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ថ្លែង នៅ​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ថា​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ហើយ​ពេលនេះ​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ នៅ​ឡើយ​ ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​លោក​ សេង​ ហៀង​ ដែល​ជា​ព្រះ​រាជ​អាជ្ញា​រង​ ។

នាយក​រង​សាលា​បឋម​សិក្សា​រូប​នេះ​ ឈ្មោះ​ ឡុង សុខ អាយុ៥០ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ នៅ​ចំណុច​ទីចាត់ការ​សាលា​បឋម​សិក្សា​វាលស្បូវ​ ភូមិ​តាអុក​ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។

ក្មេង​ស្រី​រងគ្រោះ​ និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ ថ្ងៃទី១៩ខែកក្កដា​ឆ្នាំ២០១៧​ ក្មេង​ស្រី​និងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការរបស់​ជន​សង្ស័យ​។ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ ។

បន្ទាប់មកមិត្តភក្តិ​ខ្លួន​បានចេញទៅលេងខាងក្រៅស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់​ដោះ​ ហើយ​ក្មេង​ស្រី​រងគ្រោះ​ បាន​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ បាន​ប្រាប់​អ្នក​មើល​ថែ​អង្គការ​សមាគម​ទឹកដីសន្យា។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ នៅ​ដំណាក់កាល​សមត្ថកិច្ច​ជនសង្ស័យ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ដោយ​អះអាង​ថា​ បាន​ត្រឹម​តែ​ប្រលែង​លេង​ធម្មតា​ប៉ុណ្ណោះ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print