ខេត្តកណ្តាល ៖ គ្រាប់ទម្លាក់ពីលើយន្តហោះ ម៉ាកMK82 ទម្ងន់២២៧គីឡូក្រាម តាំងពីសម័យសង្រ្គាមក្នុងទសវត្សឆ្នាំ៧០ ត្រូវបានគេជីករណ្តៅដីប្រទះឃើញចំនួន០២គ្រាប់ នៅភូមិគ្រូចសើច ឃុំដើមឮស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្ដកណ្ដាល បានសហការជាមួយមន្រ្ដីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះទៅ យកចេញពីទីតាំងប្រទះឃើញ បញ្ជូនទៅរក្សាទុកនៅអង្គភាពឯខេត្តកំពង់ឆ្នាំង ដើម្បីរងចាំកម្ទេចចោល ។
នាយការិយាល័យនគរបាលគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល លោក ម៉ែន ណាវិន បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចនគរបាលខេត្តកណ្តាលបានសហការគ្នាជាមួយមន្ត្រីជំនាញCMACចុះប្រមូលយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ចេញពីភូមិសាស្ត្រខេត្តកណ្តាល ។
លុះមកដល់ដើមឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តកណ្តាលបានសហការគ្នាជាមួយមន្ត្រីជំនាញCMACយកគ្រាប់MK82 ដែលមានប្រវែង១៥០មីលីម៉ែត្រ មុខកាត់២៧៣សង់ទីម៉ែត្រ និងមានទម្ងន់២២៧គីឡូក្រាមចំនួន០៨គ្រាប់បន្ថែមទៀត ចេញពីភូមិសាស្ត្រស្រុកស្អាង ស្រុកកៀនស្វាយ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕ ស្អាងជ័យ