ជោគវាសនា​កូន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ជាមួយ​កញ្ញា​ វ៉ាន់​ នីឡា​ តុលាការ​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១៥ខែ​សីហា​​

ចែករំលែក៖

ភ្នំពេញ ​៖ រឿង​ក្តី​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ កូន​ប្រុស​លោក​ គុយ​ ប៊ុន​សន​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ជាមួយ​កញ្ញា​វ៉ាន់​ នីឡា​ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ លើក​យក​មក​បើក​សវនាការ​ជំនុំជម្រះ​ ដោយ​អវត្តមាន​ជនជាប់ចោទ​និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ។

ក្រោយ​ការ​សួរ​ដេញដោល​ លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​វិញ​ ។​ មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​ជោគវាសនា​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងណា​ ។

ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ត្រូវ​បាន​ចោទប្រកាន់​​ពី​បទ «ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស» ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ មាត្រា​៣៨ និង​មាត្រា​៣៩​ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​​។

ទោះបី​អវត្តមាន​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ក្នុង​ពេល​សវនាការ​ក៏ដោយ​ ក្រឡាបញ្ជី​សវនាការ​បាន​អាន​ចម្លើយ​របស់​គុយ​ សិទ្ធិ​សក្តិ​ នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ ដោយ​បញ្ជាក់​ថា​ គុយ​ សិទ្ធិ​សក្តិ​ បានស្គាល់ សុខ ចិន្តា ហៅ​​ វ៉ាន់ នីឡា​ តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ហើយដល់​ឆ្នាំ២០១៥​បានស្រលាញ់គ្នាហើយក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ចំណែករឿងដែលចោទថា​ គុយ​ សិទ្ធិ​សក្តិ​ បង្ហោះរូបអាសអាភាស គឺ​ជនជាប់ចោទ​មិនបានដឹងទេ និងសុំឲ្យតុលាការជួយរក​យុត្តិធម៌​ ។

ដោយ​ឡែក​លោក​ នួន​ បូរ៉ា​ មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹង​បាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦​ លោក គុយ សិទ្ធិ​សក្តិ​ និង ដើមបណ្តឹង​ សុខ ចិន្តា ហៅ​​ វ៉ាន់ លីឡា បាន​ឈ្លោះ​គ្នាហើយ គុយ សិទ្ធិ​សក្តិ​ បាន​វាយ​ វ៉ាន់​ នីឡា​ ។​ ពេលនោះជនរងគ្រោះ​ បានបើក​ឡានចេញ​ឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិ​សក្តិ​ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះក៏មានកាបូប​ទូរស័ព្ទ​របស់ជនរងគ្រោះផងដែរ​ដោយ​រយៈពេល​ជិត១០ថ្ងៃ​ ទើប​គុយ​ សិទ្ធិ​សក្តិ​ បានយកមកប្រគល់ឲ្យ​វ៉ាន់​ នីឡា​ វិញ។

លោក​មេធាវី​ បន្ត​ថា​ ចំណែករូបដែលបានបង្ហោះនោះគឺដោយសារតែការស្រលាញ់គ្នានិងគិតថា​បានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើលដោយសារតែ គុយ សិទ្ធិ​សក្តិ​នៅរៀនឯបរទេស។​ក្នុង​រឿង​ក្ដី​នេះ​ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០ម៉ឺន​ដុល្លារ​ ។

លោក​ សេង​ ហៀង​ ជា​តំណាង​អយ្យការ​ នៅ​តែ​សន្និដ្ឋាន​រក្សា​បទ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ដដែល​ ហើយ​ស្នើ​តុលាការ​សម្រេច​តាម​ច្បាប់​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print