សហរដ្ឋអាមេរិកនិងអង់គ្លេស មានកំណើតសេដ្ឋកិច្ចយឺតជាងគបំផុត ក្នុងចំណោមប្រទេសនៅលើពិភពលោក ដោយសារតែ គោលនយោបាយសេដ្ឋកិច្ចមួយចំនួនរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ ដែលអនុវត្តដំឡើងពន្ធនាំចូលផលិតផលពីប្រទេសមួយចំនួន ។ ចំណែកអង់គ្លេស វិញដោយសារតែការចាកចេញពីសហគមន៍អឺរ៉ុប ។
សហរដ្ឋអាមេរិកអាចជួបកំណើនយឺតយ៉ាវ ព្រោះរដ្ឋបាលលោកដូណាល់ ត្រាំ ទំនងជាមិនសូវចាយវាយថវិកាច្រើនទេ។ កំណើននៅសហរដ្ឋអាមេរិកមាន២,១ភាគរយ សម្រាប់ឆ្នាំ២០១៧ នឹង២០១៨ គិតទៅគឺយឺតយ៉ាវមិនដូចតួលេខកំណើនដែលIMF បានគ្រោងទុក កាលពីខែ មេសាទេ។ ខែមេសា IMFបានរំពឹងថា សហរដ្ឋអាមេរិកអាចជួបកំណើនន ២,៣ភាគរយ ឆ្នាំនេះ និង២,៥ភាគរយឆ្នាំ២០១៨ ។ ការចុះខ្សោយនៃសកម្មភាពផ្នែកសេដ្ឋកិច្ច ធ្វើអោយអង់គ្លេសជួបកំណើនយឺតយ៉ាវដែរ គឺក្នុងតួលេខ១,៧ភាគរយ ឆ្នាំ២០១៧ និង១,៥ភាគរយ ឆ្នាំ២០១៨។
កំណើតសេដ្ឋកិច្ចពិភពលោក មិនមានការផ្លាសប្តូរឡើយ ចាប់តាំងពីខែមេសាឆ្នាំ ២០១៧ មកទល់ពេលនេះ គឺមាន៣,៥ភាគរយ សម្រាប់ឆ្នាំ២០១៧នេះ ដូចការគ្រោងទុក តាំងពីពេលដំបូង។
តាមតួលេខកំណើនដែលបានកំណត់កាលពីខែមេសា អង្គការIMF រំពឹងជារួមថា សេដ្ឋកិច្ចពិភពលោក ជួបកំណើនល្អ គឺក្នុងតួលេខ៣,៥ភាគរយ សម្រាប់ឆ្នាំ២០១៧នេះ ហើយនឹងអាចកើនដល់៣,៦ភាគរយ សម្រាប់ឆ្នាំ២០១៨។ មូលហេតុនៃកំណើនគឺដោយសារដំណើរការឧស្សាហកម្ម និងពាណិជ្ជកម្មពិភពលោកចេះតែបន្តរីកទៅមុខ។
ប្រទេសតំបន់ចាយប្រាក់អឺរ៉ូ ជួបកំនើន១,៩ភាគរយ ឆ្នាំ២០១៧ និង១,៧ភាគរយ ឆ្នាំ២០១៨ ជាតួលេខខ្ពស់ជាងការគ្រោងទុក ត្រូវនឹង០,២ពិន្ទុ និង០,១ពិន្ទុបន្ថែម។ ឆ្នាំ២០១៧នេះ ប្រទេសជាច្រើនដូចជាប្រទេសក្នុងតំបន់អឺរ៉ូជួបកំណើនខ្ពស់ជាងការគ្រោងទុកទៅទៀត បែបយ៉ាងអេស្ប៉ាញ រឺក៏អ៊ីតាលីជាដើម។ បារាំងនិងអាល្លឺម៉ង់ក៏មានកំនើនដែរ។
ដោយឡែក មហាអំណាចរុស្ស៊ីនិងចិននៅតែអាចជួបកំណើនដូចគ្រោងទុកដដែល។ តួលេខសម្រាប់កំណើនរុស្ស៊ី ឆ្នាំ២០១៧ និង២០១៨ មាន១,៤ភាគរយ។ ចិនវិញមានកំណើនគួរសម គឺមាន៦,៧ភាគរយ សម្រាប់ឆ្នាំ២០១៧ និង៦,៤ភាគរយ សម្រាប់ឆ្នាំ២០១៨ គឺហួសពីការរំពឹងរបស់អង្គការIMF ប្រហែល០,១ពិន្ទុ និង០,២ពិន្ទុ។ កំណើនចិនមានបានដោយសារនយោបាយបន្ធូរបន្ថយ និងកំណែទម្រង់របស់រដ្ឋចិន ។ ជប៉ុនវិញ មានកំណើន១,៣ភាគរយ ឆ្នាំ២០១៧ គឺលើសការគ្រោងទុក០,១ពិន្ទុ ហើយឆ្នាំ២០១៨ ជួបកំនើន០,៦ភាគរយ ដូចការគ្រោងទុកដដែល ។
ទោះអង្គការIMF មានសុទិដ្ឋិនិយមចំពោះកំណើនទាំងនេះ ក៏ក្រុមជំនាញសេដ្ឋកិច្ច ប្រាប់ថា តួលេខកំណើនអាចប្រែប្រួលបានទៀត ព្រោះវាអាស្រ័យតាមការវិវត្តនយោបាយនៅសហរដ្ឋអាមេរិក រឺក៏នយោបាយនៅអង់គ្លេស ដែលបានដើរចេញពីអឺរ៉ុប។ ក្រុមជំនាញក៏មិនភ្លេចលើកឡើងពីបញ្ហាកំចីហួសហេតុក្នុងស្រុកចិនដែរ ៕