វិភាគអន្តរជាតិ៖ ចិនបន្ថែមទាហាននៅតាមព្រំដែនដែលមានវិវាទជាមួយឥណ្ឌា

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែកក្កដា ចិនបាន ព្រមានថានឹងបង្កើនកម្លាំងទាហាននៅតំបន់ជម្លោះជាប់ព្រំដែនប្រទេសឥណ្ឌា។ ទន្ទឹមនឹងនោះចិនបានប្រកាសថានឹងការពារព្រំដែនគោករបស់ខ្លួនដោយប្រើគ្រប់វិធីសាស្ត្រ ក្នុងនោះមានកម្លាំងយោធាផងដែរ។

សារព័ត៌មាន AFP បានផ្សាយថា ភាព តានតឹងរវាងចិននឹងឥណ្ឌាកើតឡើង ជាង ១ខែកន្លងមកហើយ ក្រោយពេលកម្លាំង ទាហានចិន ចាប់ផ្តើមសាងសង់ផ្លូវនៅលើតំបន់ខ្ពង់រាប ដែលកំពុងមានវិវាទរវាងចិន នឹងប្រទេសប៊ូតង់។

នៅពេលនោះទាហានឥណ្ឌាបានធ្វើ ដំណើរទៅកាន់តំបន់តានតឹងដើម្បីរារាំងចិនដែលមានសកម្មភាពបំពានទៅលើតំបន់ដែលឥណ្ឌាប្រកាសស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ខ្លួន ដោយឥណ្ឌាស្នើឲ្យចិនត្រូវតែដកទាហានចេញជាបន្ទាន់។

កាលពីថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យ ក្រសួងការពារជាតិចិន លោក Wu Qian បានចោទប្រកាន់ឥណ្ឌាថាបានបំពានដែនអធិបតេយ្យរបស់ចិន នៅតាមបណ្តោយ ព្រំដែន ហើយស្នើឲ្យឥណ្ឌាដកទាហាន ចេញជាបន្ទាន់។

លោក Wu Qian បានបញ្ជាក់ទៀតថា កម្លាំងទាហានការពារព្រំដែនចិននឹងមានសកម្មភាព តបតភ្លាមនៅពេលមានហេតុការណ៍អាក្រក់កើតឡើង ។ នៅពេលនេះកម្លាំងទាហានចិនបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីសមទៅនឹងស្ថានភាពនៅតំបន់ខ្ពស់ ។

វិវាទនៅតំបន់ព្រំដែនប្រទេសទាំង២ ខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ សហគមន៍អន្តរជាតិខ្លាចប្រទេស មហា អំណាចបរមាណូទាំង២ ប្រឈមមុខដាក់ គ្នា ដោយអាវុធជាទ្រង់ទ្រាយធំ។

នៅពេលនេះឥណ្ឌា បានអះអាងថា ខ្លួនបានទទួលការគាំទ្រពីអន្តរជាតិ នៅក្នុងរឿងបញ្ជូនទ័ពទៅខ្ទប់រារាំងសកម្មភាពសាង សង់ផ្លូវ ដែលចិនកំពុងធ្វើនៅលើខ្ពង់រាបដែលតវ៉ាទាមទារដោយប្រទេសប៊ូតង់។ តាមរដ្ឋមន្រ្តីការបរទេសឥណ្ឌាបញ្ជាក់ថា សន្តិសុខជាតិរបស់ឥណ្ឌានឹងត្រូវគំរាមកំហែង ប្រសិនបើចិនរំលោភចូលកាន់កាប់តំបន់ត្រីកោណ ដែលស្ថិតនៅចន្លោះ ប្រទេសប៊ូតង់ ឥណ្ឌា និងចិន។

នៅមុខសមាជិក សភាជាន់ទាបរបស់ ឥណ្ឌា រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស្រី ស៊ូហ្សម៉ា ស្វារ៉ាយ បាននិយាយថា ជំហររបស់ឥណ្ឌា នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសចិន ត្រូវបានទទួលការគាំទ្រពីសំណាក់អន្តរជាតិ។ ប៉ុន្តែ ប្រមុខការបរទេសឥណ្ឌាមិនបានបញ្ជាក់ឈ្មោះប្រទេស ដែលបានគាំទ្រឥណ្ឌានោះទេ។ លោកស្រី ស្វារ៉ាយ គ្រាន់តែបានលើកសរសើរដល់សេចក្តីក្លាហានរបស់ប្រទេសប៊ូតង់ ដែលបានចាត់វិធានការឆ្លើយតបយ៉ាងទាន់ហន់ និងមិនចុះចាញ់ប្រទេសយក្សជិតខាងដូចជាចិន។

រដ្ឋមន្រ្តីការបរទេសឥណ្ឌាចេញមុខ បញ្ជាក់ពីការគាំទ្ររបស់អន្តរជាតិ បន្ទាប់ ពីភាគីចិន អះអាងរួចហើយថា ចិនបាន ទទួលការគាំទ្រពីអន្តរជាតិ នៅក្នុងរឿង ជម្លោះព្រំដែនជាមួយឥណ្ឌាលើកនេះ។ នៅថ្ងៃអង្គារ ទីក្រុងប៉េកាំងបានសម្ដែងការ រន្ធត់ចិត្ត ដែលឃើញកងទ័ពឥណ្ឌាចូល ដោយខុសច្បាប់ទៅក្នុងតំបន់ជាប់ព្រំដែនចិន និងប្រទេសប៊ូតង់។

នៅក្នុងវិវាទនោះដែរ ប្រសិនបើមាន សង្គ្រាមកើតឡើងនោះ ឥណ្ឌាមិនប្រាកដថាចាញចិនទាំងស្រុងនោះឡើយ។អ្នកឯកទេសស្តីពីកម្មវិធីបរមាណូរបស់អាមេរិក លោក Hans M Kristensenនិង Robert S Norrisha បានបញ្ជាក់ថា ឥណ្ឌាមានការផ្លាស់ ប្តូរ ជាទ្រង់ទ្រាយធំ នៅក្នុងយុទ្ធសាស្ត្រយោធារបស់ខ្លួន ដោយឥណ្ឌាមានគោលដៅ ក្នុងការទប់ទល់ជាមួយចិន ច្រើនជាងប៉ា គីស្ថាន ។

តាមការបញ្ជាក់របស់អ្នកឯកទេស ខាងលើ ឥណ្ឌា ពេលនេះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូបាញ់បានគ្រប់ទិសទី ទៅលើទឹកដីចិន។ កាំជ្រួចមីស៊ីល Agni-2 របស់ឥណ្ឌាបាញ់បាន ចម្ងាយជាង ២.០០០ គីឡូម៉ែត្រ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងប្រទេសចិន។ ចំណែក មីស៊ីល Agni-4 បាញ់បានចម្ងាយ៤.០០០ គីឡូម៉ែត្រ ។ មីស៊ីលទាំងនោះជាមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារគ្រប់ទីកន្លែងនៅប្រទេសចិន។

នៅពេលនេះដែរ ឥណ្ឌាកំពុងតែផលិតមីស៊ីល៤ប្រភេទទៀតដែលអាច បំពាក់មីស៊ីលវាយប្រហារទៅលើទីតាំងរបស់សត្រូវ។ កម្មវិធីមីស៊ីលរបស់ឥណ្ឌាបានបង្កើនល្បឿនយ៉ាងលឿនទៅមុខ ដើម្បីទប់ទល់នឹងហេតុការណ៍អាក្រក់កើតឡើង។

អាចនិយាយបានថា នៅពេលនេះ ឥណ្ឌាខុសពីការធ្វើសង្គ្រាមជាមួយចិនកាលពីឆ្នាំ១៩៦២ ដោយពេលនោះឥណ្ឌាមិនអាចយកឈ្នះចិនបានឡើយ។ កន្លងមក មេទ័ពឥណ្ឌាធ្លាប់បានព្រមានតបតទៅនឹងមន្ត្រីយោធាចិនថា «ឥណ្ឌាខុសពីមុន មិនអាចឲ្យចិនធ្វើអ្វីតាមចិត្តនោះឡើយ» ។ ការប្រកាសខាងលើ ក្រោយពេលដែល ប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាតាមព្រំដែន។

កន្លងមកថ្មីៗប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា ឥណ្ឌានឹងចាញ់យ៉ាងពិតប្រាកដ ប្រសិនបើហ៊ានតទល់ជាមួយចិន ដោយ កងកម្លាំងយោធា នៅតាមព្រំដែនមាន វិវាទនោះ។ ការព្រមានខាងលើ របស់ចិន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា ដោយ កងទ័ព និងភាពសោះកក្រោះ ក្នុងចំណង មិត្តភាព ជាមួយប្រទេសឥណ្ឌាជុំវិញការជាប់គាំងបញ្ហាព្រំដែន នៅតំបន់ Dokalam ។ ប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្មីៗ បាននិយាយ ថា ជម្លោះយោធា នឹងកាន់តែកើនខ្លាំងឡើង ប្រសិនបើទីក្រុងញូវដេលី មិនព្រមដកទ័ព ទេនោះ។

យោងតាមប្រភព ពីគេហទំព័រការពារ ជាតិឥណ្ឌា Defence News អត្ថបទ ប្រព័ន្ធផ្សព្វផ្សាយចិននេះ បានបន្តទៀតថា ប្រសិនបើជម្លោះ រវាងចិននឹងឥណ្ឌា មាន ការកើនឡើងកាន់តែខ្លាំង រហូតដល់ ជំរុញឲ្យមានការ ដោះស្រាយតាមរយៈ មធ្យោបាយយោធានោះ ឥណ្ឌានឹងចាញ់ យ៉ាងពិតប្រាកដ ព្រោះភាពរឹងមាំរបស់យោធាឥណ្ឌានៅចាញ់ចិននោះទេ។

សូមជម្រាបផងដែរថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចិនបានចេញនូវសេចក្តីថ្លែងការណ៍ អំពាវនាវជាដដែល ចាប់តាំងពីយក្សអាស៊ីទាំងពីរបានប្រឈមមុខដាក់គ្នា នៅ តំបន់ Dokalam នៅជិតទីប្រសព្វត្រីភាគីនៃប្រទេសប៊ូតង់កាលពីខែមុន បន្ទាប់ពី ក្រុមសាងសង់ របស់កងទ័ពចិន ដែលប៉ុនប៉ងសាងសង់ផ្លូវនៅក្នុងតំបន់ ត្រូវបាន រារាំង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print