ភ្នំពេញ ៖ លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ សម្រេចចោទប្រកាន់ឪពុកចុងម្នាក់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ពាក់ព័ន្ធការលូកម្រាមដៃប្រដាប់ភេទកូនស្រីចុងពីរនាក់ ម្នាក់អាយុ៤ឆ្នាំ និង ម្នាក់ទៀតអាយុ៦ឆ្នាំ ។
មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ។
មាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ឲ្យនិយមន័យបទរំលោភសេពសន្ថវៈ ថា ” គ្រប់អំពើបញ្ជូលអង្គជាតតាមបែបណាក៏ដោយ ឬ អំពើអំពើបញ្ជូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬ មិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬ ដោយការឆ្មក់ឱកាស គឺ ជាបទរំលោភសេពសន្ថវៈ ” ។
ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៨និង០០នាទី ត្រង់ចំណុចរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះពីរនាក់ ឈ្មោះ ម៉ាត សុខា ភេទស្រី អាយុ៦ឆ្នាំ និងឈ្មោះ ម៉ាត ស្រីណុច ភេទស្រី អាយុ៤ឆ្នាំ ។ ដោយឡែក ជនសង្ស័យ ឈ្មោះ ប៉ុន រុំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ជនសង្ស័យ ឈ្មោះ ប៉ុន រុំ ត្រូវជាឪពុកចុងក្មេងស្រីរងគ្រោះទាំងពីរនាក់ បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំលូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឲ្យក្មេងស្រីរងគ្រោះទាំងពីរនាក់មានការឈឺចាប់ ។
ពេលនោះឈ្មោះ ជា សុខលី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ និងជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានឃើញក៏ជេរ និង ស្តីបន្ទោសឲ្យជនសង្ស័យ ថា ” បើឯងមិនស្រឡាញ់ខ្ញុំកុំធ្វើបាបកូនរបស់ខ្ញុំ ” រួចក៏មានការឈ្លោះប្រកែកគ្នា រវាងម្តាយក្មេងស្រីរងគ្រោះ និង ជនសង្ស័យ។
ក្រោយមក ឈ្មោះ ជា សំអាន ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីនាក់បានជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាក់លេខភ្នំពេញ1CX-3357 ចេញពីផ្ទះស្ថិតនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់ ។ ពេលទៅដល់ផ្ទះឈ្មោះ ជា សំអាត បានយកក្មេងស្រីរងគ្រោះទាំង២នាក់ទៅងូតទឹកឲ្យ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង២នាក់ ថា ” មាននរណាលេងប្រដាប់ភេទរបស់ឯងទេ ” ? រួចក្មេងស្រីរងគ្រោះទាំង២នាក់ក៏បានឆ្លើយប្រាប់ឈ្មោះ ជា សំអាន ឲ្យដឹងថា នៅពេលប៉ារុំ (ជនសង្ស័យ) ផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំងពីរនាក់រាល់លើក ។
រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យកោសល្យវិច័យនៅពេទ្យបង្អែករាជធានីភ្នំពេញ រួចទូរស័ព្ទប្រាប់អង្គការ CPU (ស៊ីភីយូ) អោយជួយអន្តរាគមន៍ហើយអង្គការCPU បាននាំឈ្មោះ ជា សំអាន ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ បានធ្វើជាតំណាងឲ្យក្មេងស្រីរគ្រោះ មកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តែម្តង ៕ ចេស្តា