ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ទុករយៈពេល១ខែដើម្បីដករូបលោក សម រង្ស៊ី និងលោក កឹម សុខា ដែលមាននៅតាមបណ្តារាជធានី-ខេត្ត ។
លោក សុន ឆ័យ សមាជិកសភា និងជាប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចដករូបលោកសម រង្ស៊ី និងលោក កឹម សុខា ចេញ ពីស្លាកសញ្ញាគណបក្សហើយ ។
លោក សុន ឆ័យ បានបញ្ជាក់ថា «យើង បានប្រជុំគ្នាមិនត្រឹមតែដករូបលោក សម រង្ស៊ី និងលោក កឹម សុខា នៅតាមបណ្តារាជ ធានី-ខេត្តនោះទេ យើងក៏បានប្រជុំប្រាប់ ដល់ថ្នាក់ពង្រឹងមូលដ្ឋានពង្រឹងការផ្តល់សេវាល្អត្រឹមត្រូវតាមរយៈមេឃុំដែលទើបជាប់ឆ្នោតឲ្យបម្រើជូនប្រជាពលរដ្ឋ»។
លោកបានគូសបញ្ជាក់ថា «យើងបាន បង្ហាញដល់ថ្នាក់ពង្រឹងនៅតាមមូលដ្ឋានទំាងអស់ឲ្យផ្លាស់ប្តូររូបលោក សម រង្ស៊ី កាន់ដៃជាមួយលោក កឹម សុខា ចេញ រីឯ រូបព្រះអាទិត្យរក្សាទុកដដែល» ។
ប្រធានក្រុមសមាជិកសភាគណបក្សប្រឆំាងរូបនេះបានឲ្យដឹងដែរថា គណបក្ស បានសម្រេចដកទាំងរូបលោក សម រង្ស៊ី និងលោក កឹម សុខា ដោយជំនួសមកវិញជាអក្សរនៅចន្លោះរូបលោកទំាង២ដែល មានន័យថា «រួមគ្នាដើម្បីសង្គ្រោះជាតិ យើង» ។
លោក សុន ឆ័យ បានអះអាងថា មូល ហេតុដែលគណបក្សសង្គ្រោះជាតិសម្រេច ដករូបលោក សម រង្ស៊ី និងលោក កឹម សុខា នោះមកពីគោលការណ៍ដែលអ្នក ទាំង២ចាប់ដៃគ្នានាំឲ្យមានការផ្លាស់ប្តូរ។ ចំពោះការដករូបចេញក៏មានការយល់ព្រម ពីលោក សម រង្ស៊ី ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិបន្តដំណើរទៅមុខទៀត ។
ជាមួយគ្នានោះដែរលោក សុន ឆ័យ បានឲ្យដឹងថា ការដករូបថ្នាក់ដឹកនាំទំាង២ បានបង្ហាញពីចក្ខុវិស័យនៃការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំទំាង២ជាមួយប្រជាពលរដ្ឋ ។
ការដករូបលោក សម រង្ស៊ី និងលោក កឹម សុខា ចេញពីស្លាកគណបក្សត្រូវបាន លោក សុន ឆ័យ ថានឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។ លោកបញ្ជាក់ថា «យើង នឹងចាប់ផ្តើមឆាប់ៗនេះហើយ យើងបាន ជម្រាបដល់ថ្នាក់ខេត្តរាជធានី យើងត្រូវធ្វើ យ៉ាងណាឲ្យបានឆាប់ចប់នៅដំណាច់ខែក្រោយ(ខែសីហា)។ យើងប្រើប្រាស់ ពេលប្រហែលមួយខែទេដែលជាផែនការដំបូង»។ ការផ្លាស់ប្តូររូបភាពរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ចេញពីស្លាក គណបក្សនឹងមិនចំណាយថវិកាច្រើនប៉ុន្មាន នោះទេ ហើយគណបក្សជំរុញដល់ថ្នាក់ ដឹកនាំតាមមូលដ្ឋានត្រូវផ្លាស់ប្តូរឲ្យបាន ឆាប់ដោយកុំចំណាយពេលយូរ ព្រោះមាន ការងារច្រើនទៀតដែលត្រូវធ្វើដោយសារការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ ខិតជិតមកដល់ ។
លោកបញ្ជាក់ថា «យើងមិនអាចកំណត់ ថវិកាច្បាស់លាស់ទេ ព្រោះថាយើងដាក់ ទៅគណៈកម្មការរាជធានី-ខេត្ត។ យើង សង្ឃឹមថា គណៈកម្មការគណបក្សរាជ ធានី-ខេត្តរកមធ្យោបាយដោះស្រាយបាន ដោយខ្លួនឯង។ គណបក្សមិនទាន់អាច សន្និដ្ឋានបានប៉ុន្មាននោះទេដោយសារ ថ្នាក់ខេត្តជាអ្នកទទួលខុសត្រូវតែមានស្លាក សញ្ញាមួយមិនត្រូវមានការផ្លាស់ប្តូរទេ ព្រោះគ្មានរូបលោក សម រង្ស៊ី និងលោក កឹម សុខា នោះទេ»។
ចំពោះការកំណត់ពេលវេលាដែលលោក សុន ឆ័យ លើកឡើង មានភាពខុសគ្នាបន្តិច ជាមួយលោក អេង ឆៃអ៊ាង អនុប្រធាន គណបក្ស។ លោក អេង ឆៃអ៊ាង ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្តីថា គណ បក្សសម្រេចដករូបលោក សម រង្ស៊ី និង លោក កឹម សុខា នឹងត្រូវជំនួសដោយពាក្យ ស្លោក «រួមគ្នាដើម្បីសង្គ្រោះជាតិយើង»។
លោក អេង ឆៃអ៊ាង បានបន្តថា «ការ ផ្លាស់ប្តូរស្លាកនេះយើងនឹងបញ្ចប់នៅទូទាំងប្រទេសនៅត្រឹមថ្ងៃទី៣០ ខែកញ្ញា។ ច្បាប់ ថ្មីអនុញ្ញាតឲ្យយើងរយៈពេល៣ខែ ប៉ុន្តែយើងមិនពន្យារពេលរហូតដល់៣ខែទេគឺ យើងនឹងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ។ មេដឹកនាំទាំងអស់របស់គណបក្សសង្គ្រោះ ជាតិនៅក្នុងខេត្តនីមួយៗជាអ្នកទទួលខុសត្រូវសម្រាប់ស្លាកទាំងនោះ» ។
ការសម្រេចដករូបលោក សម រង្ស៊ី និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិចេញពីស្លាកគណបក្សនិងរៀបចំផ្លាស់ ប្តូរស្លាកគណបក្សសង្គ្រោះជាតិដែលមាន រូបលោក សម រង្ស៊ី នេះធ្វើឡើងស្របពេល ដែលច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានរៀបចំធ្វើវិសោធនកម្មជាថ្មីម្តងទៀត។
ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន៥ មាត្រា ក្នុងនោះមាត្រា៦ថ្មី(ពីរ) មាត្រា១១ (ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (ស្ទួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ)បានកំណត់ថា គណបក្សនយោបាយ មិនត្រូវឃុបឃិតឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬ សកម្មភាពរបស់ទណ្ឌិតជាប់ទោសបទ ឧក្រិដ្ឋ ឬពីបទមជ្ឈិមដើម្បីជាផលប្រយោជន៍ នយោបាយខ្លួនឡើយ ។
ដោយឡែកមាត្រា៤៨ថ្មី (ស្ទួន)ក៏បាន កំណត់មិនអនុញ្ញាតឱ្យគណបក្សនយោបាយ ណាមានឈ្មោះឬរូបរបស់រូបវ័ន្តបុគ្គល ផងដែរ ។
ការសម្រេចរបស់គណបក្សប្រឆំាងនេះដែរក៏ស្របពេលដែលក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីសម្រេចមួយដោយទទួល ស្គាល់ចំពោះសេចក្តីស្នើ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយថា ស្របតាមរដ្ឋ ធម្មនុញ្ញផងដែរ។ ច្បាប់នេះនៅរង់ចាំតែ ប្រកាសឱ្យប្រើប្រាស់តែប៉ុណ្ណោះ៕ ហេង សូរិយា