ជនបរទេសដែលឆបោកលុយ ជិត៣០លានដុល្លារ ពីភរិយាលោក កៅ​ គឹមហួន​ ត្រូវតុលាការឃុំខ្លួនហើយ

ចែករំលែក៖

ភ្នំពេញៈ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧​ ជនបរទេសដែលឆបោកលុយ ជិត៣០លានដុល្លារ ពីភរិយាលោក កៅ​ គឹមហួន​ ដែលជាអគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍​ ត្រូវបានតុលាការឃុំខ្លួនហើយ​ ។

លោក​ លី​ សុផាន់ណា​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ បានថ្លែងប្រាប់ប្រភពព័ត៌មានថា​ លោក លី សុខលេង ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ​ ជនជាតិកូសូវ៉ូ ដោយចោទប្រកាន់ពីបទ ឆបោក និងសមគំនិត ក្នុងការចេញមូលប្ប​ទានប័ត្រគ្មានសាច់ប្រាក់ ។

ក្រោយពីស្រាវជ្រាវ និងតាមប្រមាញ់មួយរយៈខ្លី ជនសង្ស័យ ដែលជាជនបរទេសម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន និងបញ្ជូនមកកាន់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ កក្កដា បន្ទាប់ពីស៊ីដាច់ប្រាក់ ភរិយាលោក កៅ គឹមហួន អគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ជិត៣០លានដុល្លារ។

លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ប្រភពព័ត៌មានថា រឿងករណីឆបោកលុយរាប់លានដុល្លារនេះ លោកមិនស៊ីជម្រៅទេ គ្រាន់តែដឹងថា កម្លាំងអាវុធហត្ថជាអ្នកធ្វើ ក្រោមបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ប៉ុណ្ណោះ។

ជនសង្ស័យឈ្មោះ​ DENIS COKOVIC ហៅ DENIS DENY ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិកូសូវ៉ូ ត្រូវបានតំណាងអយ្យការ ចោទពីបទឆបោក និងសមគំនិត ក្នុងអំពើមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ថ្ងៃទី២៨ ខែមេសា ថ្ងៃទី១៦ ខែឧសភា ថ្ងៃទី២៦ ខែឧសភា និង១២ មិថុនា ឆ្នាំ២០១៧ តាមមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ (មាត្រា២៩ នៃក្រមព្រហ្ម​ទណ្ឌ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់) ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print