ខេត្តស្ទឹងត្រែង៖ តាចាស់ដែលមានវ័យស្ទើរតែជរាទៅហើយនោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ បញ្ជូនទៅកាន់តុលាការខេត្តហើយនៅព្រឹកថ្ងៃ៦ ខែតុលា បន្ទាប់ពីតាចាស់រូបនោះ ត្រូវបានឃាត់ខ្លួន ដោយសាររងការចោទពីកុមារីម្នាក់ ថាបានគំរាម និងបង្ខំនាងមិនឲ្យស្រែក ឬក៏និយាយប្រាប់ម្តាយ ហើយលួងលោមឲ្យលុយនាងពីរពាន់រៀល នាំឡើងលើផ្ទះបិទទ្វារ និងនាំចូលទៅក្នុងព្រៃទៅមើលការដាក់អន្ទាក់សត្វ ហើយបានធ្វើសកម្មភាពបង្ខំលើរាងកាយ ចាប់ដោះសម្លៀកបំពាក់ រំលោភសេពសន្ថវៈមកលើរូបនាង រហូតបានសំរេចជាច្រើនដង និងចុងក្រោយកុមារីនោះទ្រាំមិនបាន ក៏បានប្រាប់ម្តាយប្តឹងសមត្ថកិច្ច ចុះឃាត់ខ្លួនតាចាស់ល្មោភកាមនោះ ។
ការឃាត់ខ្លួននោះ ត្រូវសមត្ថកិច្ចនគរបាលនិយាយថា បានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹង ពីស្ត្រីវ័យ៤០ឆ្នាំម្នាក់ ត្រូវជាម្តាយកុមារីរងគ្រោះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។តាចាស់រូបនោះ ត្រូវបានឃាត់ខ្លួន ក្រោយទទួលបានចម្លើយសារភាពនោះរួច។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត លោកវរៈសេនីយ៍ទោដួង ស៊ីវុត្ថា បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលជំនាញ បានឃាត់ខ្លួនបញ្ជូនទៅតុលាការនៅគ្រានេះ មានឈ្មោះបាន ពុទ្ធ អាយុ ៧០ឆ្នាំ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុក សេសាន ខេត្តស្ទឹងត្រែង ជាប់សង្ស័យពីបទ រំលោភសេពសន្ថវៈ មកលើឈ្មោះជចរ អាយុ ៩ឆ្នាំ ជាអនីតិជន រស់នៅភូមិឃុំជាមួយគ្នា ។
លោកដួង ស៊ីវុត្ថា បានឲ្យដឹងទៀតថា ការធ្វើសកម្មភាពរំលោភសេពសន្ថវៈ មកលើកុមារីជាអនីតិជនរងគ្រោះនេះ បានកើតឡើងនៅចុងខែកញ្ញា ឆ្នាំ២០១៥ និងដើមខែតុលា និងនៅថ្ងៃទី៥ ខែតុលា ការិយាល័យនគរបាលជំនាញ ទើបទទួលបានការមកប្តឹង ពីស្ត្រីវ័យ៤០ឆ្នាំម្នាក់ឈ្មោះពៅ ស្រីម៉ា ជាម្តាយកុមារី ដែលរងគ្រោះការសង្ស័យថា បានបង្ខំចាប់រំលោភសេពសន្ថវៈ ពីតាចាស់អាយុ៧០ឆ្នាំ ។ លោកថា ក្រោយទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញបានចុះស៊ើបអង្កេតជុំវិញករណីចោទប្រកាន់នេះ ហើយក៏បានឃើញពន្លឺខ្លះៗ រួចក៏បាននាំខ្លួនបុរសសង្ស័យ មកសាកសួរ ក្រោយរកឃើញការពិត សមត្ថកិច្ចនគរបាលជំនាញខេត្ត ក៏បានឃាត់ខ្លួនបុរសសង្ស័យ នៅគ្រានោះតែម្តង ។
កុមារី ជចរ រងគ្រោះបានផ្តល់ចម្លើយដល់សមត្ថកិច្ចថា នៅរយៈកាលច្រើនថ្ងៃជាប់ៗគ្នាតាំងពីចុងខែកញ្ញា និងនៅដើមខែតុលានេះ តាពុទ្ធ បានលួងលោមនាងឲ្យឡើងលើផ្ទះគាត់ រួចបិទទ្វារ ហើយបានចាប់សម្រាតខោអាវ អោបខ្លួននាងផ្តួលទៅម្ខាងរួចរំលោភនាងតែម្តង ។នាងថា ក្រោយមក តាពុទ្ធ បានលួងលោមហៅនាងឲ្យមកក្រោយផ្ទះរំលោភម្តងទៀត និងក្រោយពីនោះទៀត តា ពុទ្ធ បានឲ្យលុយ២ពាន់រៀលបន្តបង្ខំរំលោភ និងនៅចុងក្រោយ តា ពុទ្ធបានបបួលនាង ទៅមើលការអន្ទាក់ដាក់សត្វក្នុងព្រៃនៅក្បែរមាត់អូរ រួចបបួលនាងសម្រាតខោអាវទាំងអស់គ្នា បង្ខំចាប់រំលោភនាងរហូតបានសំរេចបំណង ។ ចំណែក បុរសសង្ស័យវ័យ៧០ឆ្នាំ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់កុមារីរងគ្រោះនោះមែន។
នៅព្រឹកថ្ងៃ៦ តុលា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបញ្ចប់នូវការសាកសួរនោះហើយ និងបានបញ្ជូនបុរសសង្ស័យ ទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង ចាត់ការជាបន្តទៅតាមផ្លូវច្បាប់ ៕
ដោយ៖ អ៊ុច សាវុទ្ធ