អាជ្ញាធរខេត្តស្ទឹងត្រែងបានប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់គ្រាដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជិតដល់កំពស់ប្រកាសអាសន្នហើយនោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ប្របនឹងដងទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែង បានសម្តែងក្តីព្រួយបារម្ភអំពីការហក់ឡើងខ្ពស់ នៃជំនន់ទឹកភ្លៀង ដែលអាចយាយីដល់ភូមិករ លំនៅដ្ឋាន សត្វពាហនៈ និងភោគផលកសិកម្មរបស់ពួកគាត់ ដែលខិតខំដាំដុះនាពេលកន្លងមក។

ស្របពេលជាមួយនឹងក្តីបារម្ភនោះ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាស ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់នេះ ហើយរដ្ឋបាលខេត្ត បានត្រៀមរួចជាស្រេច នូវកម្លាំងសរុប និងមធ្យោបាយគ្រប់បែបយ៉ាង ក្នុងការជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព ប្រសិនបើទឹកទន្លេនៅតែបន្តហក់ឡើងនោះ។

អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាលេខាធិការដ្ឋានសាខាកាកបាទក្រហម ខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានប្រាប់ឲ្យដឹងនៅថ្ងៃ២៨កក្កដានេះថា រដ្ឋបាលខេត្ត កាលពីថ្ងៃ២៧កក្កដាម្សិលមិញ បានចេញប្រកាសជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយហេតុ ដោយបង្កពីគ្រោះទឹកជំនន់ គ្រាដែលភ្លៀងនៅតែបន្តធ្លាក់ ហើយទឹកទន្លេនៅតែបន្តហក់ឡើងនោះ។ លោកថា រដ្ឋបាលខេត្តក៏បានអំពាវនាវចំពោះពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលទាំងអស់ សូមមេត្តាប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ហើយត្រូវត្រៀមសម្ភារៈសំខាន់ៗមួយចំនួន ក្នុងពេលទឹកលិច និងត្រូវបានជម្លៀសចេញ។

លោកម៉ែន គង់ បានបន្តទៀតថា រហូតមកដល់ថ្ងៃ២៨កក្កដានេះ ភ្លៀងនៅតែបន្តធ្លាក់ ហើយបានជ្រាបចូលតាមភូមិករ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ទូទាំងដែនដីខេត្តនោះហើយ។ លោកថា មានផ្លូវជាច្រើនខ្សែនៅក្នុងក្រុង១ និងនៅតាមបណ្តាស្រុកទាំង៤បានរងការហូរកាត់ ប៉ុន្តែ មិនទាន់ឃើញមានប៉ះពាល់ធ្ងន់ធ្ងរនោះនៅឡើយទេ។

លោក ម៉ែន គង់ បានបញ្ជាក់ថា ស្ថានភាពកំពស់ទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែង នាថ្ងៃនេះ គឺ ទឹកក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសាន្តក្រោម២ មានកំពស់៦៩,៧៥ម៉ែត្រ អាជ្ញាធរខេត្តបានប្រកាសអាសន្នរួចជាស្រេច និងត្រៀមកម្លាំងប្រចាំនៅមូលដ្ឋាននោះ ឲ្យចាំជួយធ្វើអន្តរាគមន៍នោះហើយ។ ទន្លេមេគង្គទឹកមានកំពស់១០,៦១ម៉ែត្រ ហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ នៅក្នុងកំពស់១០,៧០ម៉ែត្រ ជាកំពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ទឹកទន្លេសេសាន មានកំពស់៨,៩៦ម៉ែត្រ និងទឹកទន្លេសេកុង មានកំពស់១១,០០ម៉ែត្រ។

លោកបានបញ្ជាក់ទៀតថា នៅសល់តែ១០សង់ទីម៉ែត្រទៀតប៉ុណ្ណោះ ទឹកទន្លេមេគង្គ នឹងត្រូវប្រកាសដាក់នៅក្នុងភាពអាសន្ន ហើយរដ្ឋបាលខេត្ត បានត្រៀមកម្លាំងសរុប និងមធ្យោ បាយសរុប កងកម្លាំងទាំង៣ ស្បៀងអាហារ ថ្នាំពេទ្យ ដើម្បីចាំជួយសង្គ្រោះប្រជាពលរដ្ឋ ចាកចេញពីទីលិចលង់ ទៅកាន់ទីទួលសុវត្ថិភាព។

ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានចេញសេចក្តីប្រកាស និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២ទៅ១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប មានខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨ទៅ១០ម៉ែត្រ ក្នុងមួយវិនាទី។

តំបន់មាត់សមុទ្រ ពិសេស នៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣ទៅ១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១,៥០ទៅ២,៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ចាប់ពីថ្ងៃ២៥ដល់ថ្ងៃ២៧កក្កដា២០១៧។

ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ មានទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕  មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print