ក្រោយពេលសភាអាមេរិកបានអនុម័តដាក់ទណ្ឌកម្មបន្ថែមថ្មីទៅលើប្រទេសរុស្ស៊ី បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្កូបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដោយចាត់ទុកថាជាសកម្មភាពបង្កឲ្យមាន គម្លាត់នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្កូ នឹងវ៉ាស៊ីនតោន។
ដើម្បីឆ្លើយតបទៅនឹងសកម្មភាពខាងលើរបស់អាមេរិក កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលរុស្ស៊ីបានសម្រេច កាត់បន្ថយវត្តមានការទូតអាមេរិក ក្នុងទឹកដីរុស្ស៊ី។
ព្រឹទ្ធសភាអាមេរិកទើបនឹងបានបោះឆ្នោតអនុម័តគម្រោងច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ។ រុស្ស៊ីតម្រូវឲ្យអាមេរិកកាត់បន្ថយវត្តមានការទូតខ្លួនក្នុងទឹកដីរុស្ស៊ី។ ក្រុងម៉ូស្គូតម្រូវឲ្យកាត់បន្ថយចំនួនបុគ្គលិកបម្រើការនៅស្ថានទូតអាមេរិកក្នុងទឹកដីរុស្ស៊ី ឲ្យថយមកនៅត្រឹមចំនួន៤៥៥នាក់ ចាប់ពីថ្ងៃ១ ខែកញ្ញាខាងមុខនេះទៅ។ មន្ត្រីបម្រើស្ថានទូតអាមេរិកនៅរុស្ស៊ី ថយមកនៅ៤៥៥នាក់គឺមានចំនួនស្មើនឹងមន្ត្រីបម្រើការស្ថានទូតរុស្ស៊ីក្នុងទឹកដីសហរដ្ឋអាមេរិកដែរ។ គេមិនដឺងថា តើមានមន្ត្រីអាមេរិកប៉ុន្មាននាក់ បម្រើការស្ថានទូតអាមេរិកនៅរុស្ស៊ីទេ។ បើយោងតាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះមួយ វិធានការរុស្ស៊ីអាចប៉ះពាល់បុគ្គលិករាប់រយនាក់។
ស្ថានទូតអាមេរិកក៏នឹងលែងមានសិទ្ធិប្រើប្រាស់អគារស្នាក់នៅមួយកន្លែងនៅជាយក្រុងម៉ូស្គូ និងឃ្លាំងច្រើនកន្លែងផ្សេងទៀតដែរ។ វិធានការរុស្ស៊ីឆ្លើយតបនឹងទណ្ឌកម្មដែលសភាអាមរិកអនុម័តប្រឆាំងរុស្ស៊ីសប្តាហ៍នេះ។
អាមេរិកសង្ស័យថា រុស្ស៊ីបានលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ សប្តាហ៍នេះ សភាអាមេរិកទាំង២បានបោះឆ្នោតអនុម័តគម្រោងទណ្ឌកម្មដាក់លើរុស្ស៊ីដោយសម្លេងលើសលប់។ ប៉ុន្មានថ្ងៃកន្លងទៅ សភាជាន់ទាបអាមេរិកបានបោះឆ្នោតឲ្យមានទណ្ឌកម្មប្រឆាំងរុស្ស៊ីជាមួយសម្លេង៤១៩ ទល់នឹងសម្លេងប្រឆាំងតែ៣សម្លេងប៉ុណ្ណោះ។
ព្រឹទ្ធសភាអាមេរិកក៏បានបោះឆ្នោតគម្រោងច្បាប់ទណ្ឌកម្មនេះជាមួយសម្លេង៩៨សម្លេងទល់នឹងសម្លេងប្រឆាំង២សម្លេង។ ទោះលោកដូណាល់ ត្រាំប្រើសិទ្ធិប្រឆាំង ក៏អាមេរិកនៅតែអាចប្រើច្បាប់នេះបានដែរ ព្រោះសម្លេងអនុម័តទណ្ឌកម្មប្រឆាំងរុស្ស៊ីនៅសភាអាមេរិកមានដល់ទៅ២ភាគ៣។ សភាអាមេរិកបានត្រៀមយន្តការប្រឆាំងលោកត្រាំ រួចហើយដើម្បីកុំឲ្យលោកត្រាំ ផ្អាកទណ្ឌកម្មដែលដាក់លើរុស្ស៊ីកន្លងមក។ ទណ្ឌកម្មសភាអាមេរិកប្រឆាំងរុស្ស៊ី បានធ្វើឲ្យអឺរ៉ុបខឹងសម្បារ ព្រោះវាអាចប៉ះពាល់ដល់សហគ្រាសក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីជាមួយរុស្ស៊ី ពិសេសប៉ះពាល់ផ្នែកថាមពលឧស្ម័នតែម្តង។ គម្រោងទណ្ឌកម្មអាមេរិកក៏វាយប្រហារអ៊ីរ៉ង់ និងកូរ៉េខាងជើងដែរ។ ចិនព្រមានទុករួចហើយថា ចិនប្រឆាំងរាល់វិធានការដែលប៉ះពាល់ផលប្រយោជន៍ចិន៕ ម៉ែវ សាធី