រឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ ” នឹងចូលរួមសម្តែងដោយតារា៣ប្រទេសរួមគ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកម្ពុជា ឡាវ ថៃ នឹងរួមគ្នាសម្តែងក្នុងភាពយន្តខ្នាតធំថ្មីរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដើម្បីបង្កើតផ្ទាំងទស្សនីយភាពថ្មីមួយ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្មមហាហង្សរបស់កម្ពុជា និងផលិតកម្មSPARTA FILM របស់ព្រះរាជាណាចក្រថៃ ប្រកាសសហការរួមគ្នានិងរៀបចំពិធីក្រុងពាលីឡើង។

ពិធីក្រុងពាលីភាពយន្តខ្នាតធំនេះត្រូវ បានប្រារព្ធកាលពីថ្ងៃពីម្សិលមិញ ថ្ងៃទី២៩ ខែកក្កដា នៅផ្ទះអគ្គនាយកប្រចាំផលិតកម្មមហាហង្សលោកអ៊ិនសុភិនក្រោមវត្តមានតារាសម្តែងបីប្រទេសចូលរួម។

រឿងអនុស្សាវរីយ៍ថ្ងៃចូលឆ្នាំដែល ចូលរួមសម្តែងដោយតួក្នុងតំបន់អាស៊ី៣ប្រទេសកម្ពុជា ថៃ ឡាវនេះ គឺជាស្នាដៃលើកដំបូងប្រចាំផលិតកម្មមហាហង្សហើយក្នុងរឿងនេះដែរ លោកខាត់ វៃហាំង នឹងត្រូវគ្រងដំណែងជាតួឯកជាមួយនឹងតារាដ៏ស្រស់ស្អាតនៅប្រទេសថៃ គឺកញ្ញា ណាតតាទីដាដាំរ៉ុងវិសិទ្ធផេត ជាលើកដំបូងផងដែរ។

លោកអ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានបញ្ជាក់ថា លោកបានបន្តទៀតថា ភាពយន្តខ្នាតធំរឿងរឿងអនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ គឺជាភាពយន្តដែលផ្តោតទៅលើមនោសញ្ចេតនារ៉ូមែនទិកសប្បាយៗ ហើយក្នុងនោះដែរ គឺទាក់ទងជាច្រើនជាមួយនឹងអនុស្សាវរីយ៍តែម្តង ចំណែកឯការចេញថតនោះ គឺយើងនឹងចេញថតចំនួន៣ប្រទេសដែលរួមមានដូចជាកម្ពុជា ថៃ និងឡាវ ក្រោយពីការថតជោគជ័យរួចរាល់នោះ នឹងមានដាក់បញ្ចាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកថា រឿងនេះនឹងត្រូវសម្រិតសម្រាំងខ្លាំង ក្នុងការផលិតដែលគ្រោងការចំណាយប្រមាណ៣០ម៉ឺនដុល្លារអារមេរិក និងប្រើប្រាស់ពេលប្រមាណ៣ខែ។ លោកថា ទីតាំងថតនឹងមានបីប្រទេស គឺព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ និងប្រទេសឡាវ។

លោក ខាត់ វៃហាំងបានបញ្ជាក់ថា រឿងអនុស្សាវរីយ៍ថ្ងៃចូលឆ្នាំនេះដែរ វាពិតជាមានការលំបាកបន្តិចបន្តួចសម្រាប់លោក ព្រោះរឿងនេះត្រូវប្រើបីភាសា ប៉ុន្តែលោកនឹងខិតខំតស៊ូអោយអស់ពីសមត្ថភាព។ លោកបន្តថា រឿងនេះគឺជារឿងមួយដែលលោកបានចាត់ទុកជារឿងពិសេស សម្រាប់លោកបំផុតហើយបើនិយាយពីអារម្មណ៍ គឺរំភើបផងភ័យខ្លះដែរ ប៉ុន្តែមិនជាបញ្ហានោះឡើយ ព្រោះលោកក៏បានស្គាល់ក្រុមការងារខាងប្រទេសថៃដែរ ព្រោះលោកក៏បានធ្លាប់ធ្វើការជាមួយពួកគេ ដូច្នេះមិនមានអារម្មណ៍ថាភ័យខ្លាំងនោះឡើយ។

កញ្ញា ណាតតាទីដាដាំរ៉ុងវិសិទ្ធផេត ដែលជាតួឯកស្រី ក្នុងរឿងខាងលើបានបញ្ជាក់ថា នេះគឺជាលើកទីមួយដែលនាងបានចូលរួមសម្តែងជាមួយតារាសម្តែងកម្ពុជា ហើយនាងពិតជារំភើប ។ នាងថា នឹងមិនមានបញ្ហាប្រឈមខ្លាំងជាមួយនឹងការប្រើប្រាស់ភាសាទំនាក់ទំនងទេ ព្រោះតែសិល្បករទាំងបីប្រទេស សុទ្ធតែអាចប្រើប្រាស់ភាសាអង់គ្លេស និងភាសាថៃទាក់ទងគ្នាបាន។ នាងរំពឹងថា ការសហការលើកដំបូងរបស់ផលិតកម្មនេះ ប្រទេសទាំងពីរពិតជានាំមកនូវទស្សនីយភាពប្លែកសម្រាប់ទស្សនិកជន ហើយនាងរំពឹងដែរថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើននៅ ពេលចាក់បញ្ចាំង៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print