អាមេរិកទើបតែបានសាកល្បង មីស៊ីលឆ្លងទ្វីបប្រភេទ ICBM នៅព្រឹកថ្ងៃទី២ ខែសីហា ជាការ គំរាមកំហែងដល់កូរ៉េខាងជើង ។ ការសាកល្បងនោះធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីលឆ្លងទ្វីបHwasong -14 ដោយជោគជ័យ ។
កម្លាំងទាហានអាកាសអាមេរិក នៅព្រឹកថ្ងៃទី២ ខែសីហា បានតាមដានការបាញ់សាកល្បង មីស៊ីល Minuteman-3 ចេញពីទីតាំងទ័ពអាកាស Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា ។ អ្នក នាំពាក្យកម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា កម្មភាពខាងលើ គឺជារឿងធម្មតា ដោយបានឡើងគម្រោងជាយូណាសមកហើយ។
ប៉ុន្តែអ្នកឯកទេសវិភាគបានបញ្ចាក់ថា នេះជាសកម្មភាព ដើម្បីគំរាមកំហែងដល់កូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលឆ្លងទ្វីប អាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ ទិសទីលើទឹកដីអាមេរិក ។
នេះជាការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបលើកទី៤ហើយរបស់កម្លាំងទាហានអាកាសអាមេរិក នៅក្នុងឆ្នាំ២០១៧នេះ ។ ការបាញ់សាកល្បងគឺដើម្បីត្រួតពិនិត្យទៅលើ ប្រសិទ្ធិភាពនៃមីស៊ីលទាំងនោះ ដែលជាការត្រៀមលក្ខណធ្វើសង្គ្រាម។
លោក Mark Graff អ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិក បានឲ្យដឹងថា ការសាកល្បង នេះគឺដើម្បីវាយតម្លៃ ពីទំនុកចិត្តនៃ មីស៊ីលបរមាណូ របស់អាមេរិក ដែលអាច វាយប្រហារទៅលើគោលដៅបានគម្រិតខ្ពស់។
ការសាកល្បងរបស់អាមេរិកកើតឡើង ក្រោយពេលដែល កូរ៉េខាងជើង បានសាកល្បងដោយជោគជ័យ ហើយ ប្រកាសថាជាប្រទេស មហាអំណាច បរមាណូ ។ មីស៊ីលរបស់កូរ៉េខាងជើង អាចបាញ់បានចម្ងាយ ៥.៥០០គីឡូម៉ែត្រ ។ អំពីទ្រឹសស្តី អាមេរិកនិងកូរ៉េខាងជើង មានចម្ងាយពីគ្នាតែ ៨០០០គីឡូម៉ែត្រប៉ុណ្ណោះ គឺអាចវាយប្រហារគ្នាបានដោយមីស៊ីលឆ្លងទ្វីប។
មីស៊ីលឆ្លងទ្វីប ICBM ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហាន មីស៊ីល ស្ថិតនៅកងពលទាហានអាកាស លើកដំបូងបំផុតលើពិភពលោក គឺជាប្រទេសស៊ូវៀត ដែលដាក់ឲ្យប្រើប្រាស់មុនគេ គឺនៅឆ្នាំ១៩៥៨។ ក្រោយមកមួយឆ្នាំ គឺនៅឆ្នាំ១៩៥៩អាមេរិក ក៏បានដាក់ឲ្យប្រើប្រាស់មីស៊ីលឆ្លងទ្វីបនេះដែរ។ ចំណែកចិនវិញ ទើបតែ ដាក់ឲ្យប្រើប្រាស់ក្នុង អំឡុងឆ្នាំ ១៩៨០ប៉ុណ្ណោះ គឺក្រោយអាមេរិកដល់ទៅ២០ឆ្នាំ។
មីស៊ីល ICBM Minutman-3 ជាផ្នែកមួយ ក្នុងចំណោម៣នៃ អាវុធបរមាណូរបស់អាមេរិក ក្នុងនោះមានមីស៊ីល Trident 3 បំពាក់ក្បាល់គ្រាប់បរមាណូ បាញចេញពីនាវាមុជទឹក និង មួយទៀតគឺយន្តហោះទម្លាក់គ្រាប់ បរមាណូ យុទ្ធសាស្ត្រ។
មីស៊ីល ICBM Minutman-3 បាញ់បានចម្ងាយ ប្រមាណ១៣.០០០គីឡូម៉ែត្រ ដែលមានល្បឿនដល់ទៅ ២៨.៧០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងកម្ពស់ រហូតដល់១.១២០គីឡូម៉ែត្រ។ មីស៊ីលនិមួយៗ អាច បំពាក់ក្បាលគ្រាប់បរមាណូ ដែលមានកម្លាំងបំផ្លាញរហូតដល់ទៅ ៤៧៥គីឡូតុន គឺស្មើរនឹងគ្រាប់បែកបរមាណូដែលអាមេរិកទម្លាក់ នៅ ហីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ ១៩៤៥ ដលទៅ ៣១ដង។
ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសជិតខាង កូរ៉េខាងជើង មានចិនជប៉ុននិងកូរ៉េខាងត្បូង ជាដើម ។ ប្រសិនបើមានសង្គ្រាមបរមាណូកើតឡើង រវាងអាមេរិកនិងកូរ៉េខាងជើង នោះកូរ៉េខាងជើង និងត្រូវរលាយ ចេញពីផែនទីពិភពលោក ពេលនោះប្រទេសជិតខាង ក៏រងផលប៉ះពាល់ផងដែរ ។ បើអាមេរិកវាយប្រហារកូរ៉េខាងជើង ដោយបរមាណូតែ ៣គ្រាប់ ប៉ុណ្ណោះ គឺស្មើរនឹង បរមាណូដែលទម្លាក់នៅជប៉ុន ដល់ទៅ ៩៣ដង នេះជារឿងមួយគួរឲ្យខ្លាចបំផុត មិនត្រូវទុកឲ្យវិនាសកម្មទាំងនោះកើតឡើងឡើយ។
ការសាកល្បងមីស៊ីលឆ្លងទ្វីប ខាងលើរបស់អាមេរិក កើតឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិក ដូណាលត្រាំបាន ប្រកាសថា អាមេរិក មានវិធានការ សម្រាប់ដោះស្រាយកូរ៉េខាងជើង ។តែមិនបានប្រកាសថាវិធានការទាំងនោះ ជា អ្វីនោះឡើយ។
តាមក្រុមអ្នកវិភាគបញ្ចាក់ថា អ្វីដែលអាមេរិកអាចធ្វើបាននាពេលនេះគឺ មានតែការវាយប្រហារដោយអាវុធប៉ុណ្ណោះទើបអាចដោះស្រាយ បញ្ចប់វិបត្តិបាន បើស្វែងរកដំណោះស្រាយ តាមរយៈកិច្ចការបរទេសនោះ កូរ៉េខាងជើង មិនអាចបោះបង់ កម្មវិធីអាវុធ មីស៊ីលនិងបរមាណូបានឡើយ ៕