ទីភ្នាក់ងារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ថា អ្នកស្លាប់ដោយសារខ្យល់ព្យុះនៅក្នុងប្រទេសចិននោះបានកើនឡើងដល់១៩នាក់ ។ ជាមួយគ្នានេះដែរ ជនរងគ្រោះ៤នាក់ផ្សេងទៀតនៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយទេ ។
ប្រភពដដែលនេះបានស្រង់ព័ត៌មានពីនាយកដ្ឋានកិច្ចការស៊ីវិលបញ្ជាក់ថា មនុស្ស៧នាក់បានបាត់បង់ជីវិត ដោយសារខ្យល់ព្យុះខ្លាំងនៅភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន ខណៈដែលជនរងគ្រោះ៧នាក់ផ្សេងទៀតបានបាត់បង់ជីវិតដោយសារតែការបាក់ដីសង្កត់ពីលើ ។
ប្រភពបន្តថា អ្នកនេសាទ៣នាក់ទៀតបានស្លាប់ដោយសារតែគ្រោះថ្នាក់តាមទូកនៅលើសមុទ្រ ។ រីឯជនរងគ្រោះម្នាក់ត្រូវប្រទះឃើញស្លាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីលំនៅឋានបានបាក់រលំដោយសារតែខ្យល់ព្យុះ ។ មនុស្សម្នាក់ទៀតបានស្លាប់ដោយសារការបាក់ដើមឈើសង្កត់ពីលើ ស្ថិតនៅជិតតំបន់ Guangxi ។ អ្នកនេសាទ៤នាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន ។
ខ្យល់ព្យុះដែលមានកម្លាំងខ្លាំងបានបក់បោកទៅចំតំបន់ភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥មកម្ល៉េះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយកាណ៍ថា ខ្យល់ព្យុះនេះបានធ្វើឲ្យអាជ្ញាធរសម្រេចលុបចោលជើងហោះហើរអស់ជាច្រើនគ្រឿង ហើយរថភ្លើងក្នុងល្បឿនលឿន ក៏មិនអាចចេញដំណើរបានដែរ ។
នាយករដ្ឋានកិច្ចការស៊ីវិលខេត្ត Guangdong បានបញ្ជាក់ថា ខ្យល់ព្យុះនេះធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាក់ប្រមាណ ៣.៦៦ពាន់លានដុល្លារ ។ ពលរដ្ឋ៣.៥លាននាក់រងផលប៉ះពាល រីឯផលដំណាំខូចខាតលើផ្ទៃដី ២៨២.៧០០ ហិកតា។ លំនៅឋាន៤១៧ខ្នងរងការបំផ្លាញ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត