ភ្នំពេញ ៖ ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជានឹងជម្រុញឲ្យមានសន្ទុះនៃកំណើន ការនាំចេញតាមអាកាស ខណៈពេលដែលការនាំចេញសរុបនៃប្រទេសនេះមាន៨០ភាគរយគឺជាផលិតផលកាត់ដេរ។
យោងតាមការឲ្យដឹងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជាមើលឃើញការរីកលូតលាត់ជាខ្លាំងនៃ ការនាំចេញតាមអាកាសដល់ទៅ ៣៤ភាគរយ ក្នុងពាក់កណ្តាលឆ្នាំ២០១៧។
លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនកម្ពុជា អ៊ែរផត បាននិយាយប្រាប់សារពត៌មាន Asias One ថាកំណើននេះ គឺដោយសារតែស្ថានភាពសេដ្ឋកិច្ចកម្ពុជាល្អ ហើយចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចូលមកទីផ្សារច្រើន។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងក្នុងកាសែតភ្នំពេញប៉ុស្តិ៍ថា៖ «ការដឹកទំនិញតាមផ្លូវ អាកាសកើនច្រើនឡើងៗទាំងក្នុងស្រុក និងក្រៅប្រទេស។»ខណៈដែលក្រុមហ៊ុនអាកាស ចរណ៍កាថៃធ្លាប់តែជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់សេវាដឹកជញ្ជូនទៀងទាត់តាមផ្លូវអាកាសចេញចូលប្រទេសកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិផ្តល់សេវាកម្មដូចគ្នាមិនក្រោម៧ក្រុមហ៊ុននោះទេ ក្នុងទីផ្សារ។
ក្រុមហ៊ុនអាកាសចរណ៍ធំ ២ មកពីតំបន់មជ្ឈិមបូព៌ាក៏បោះជំហានចូលក្នុងទីផ្សារកម្ពុជាដែលកំពុងតែរីកធំនេះដែរ។ ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត បានចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ជូនប្រចាំថ្ងៃមួយឈ្មោះថា «អេមីរ៉ាត ស្កាយខាហ្គូ» កាលពីខែមេសា ឆ្នាំ២០១៦ ដែលក្រោយមកទើបមានវត្តមានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតគឺ កាតា កាលពីខែមេសា ឆ្នាំ២០១៧ នេះ ដែលផ្តល់សេវាកម្មដឹកជញ្ជូន ជារៀងរាល់សប្តាហ៍។ អេមីរ៉ាតស្កាយខាហ្គូ គឺជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត ដែលប្រតិបត្តិការដឹកជញ្ជូនទំនិញលំដាប់អន្តរជាតិធំជាងគេ នៅក្នុងប្រលានយន្តហោះជាច្រើននៅជុំវិញពិភពលោក។
ជាមួយនឹងសេវាកម្មដឹកជញ្ជូនប្រចាំថ្ងៃ អេមីរ៉ាតស្កាយខាហ្គូ ផ្តល់ចំណុះ២០តោនក្នុងការហោះហើរមួយជើងៗនិងមានផ្តល់នូវឯកទេសខ្ពស់ក្នុងការធានានូវ គុណភាពផលិតផលមួយ ចំនួនដែលងាយខូចខាតដោយសារបម្រែបម្រួលសីតុណ្ហភាព។
អនុប្រធានប្រតិបត្តិការពាណិជ្ជកម្មទំនិញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និង អូស្រ្តាអាសុី របស់ក្រុមហ៊ុនអេមីរ៉ាត លោក Ravishankar Mirle មានប្រសាសន៍ថា៖ «ខ្ទង់ ៣៤ភាគរយនៃចំណូលពីការដឹកជញ្ជូនរបស់យើងគឺមកពីតំបន់អាស៊ី អាគ្នេយ៍ ដែលធ្វើឲ្យខ្ញុំគិតថាប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អដោយសារផលិតកម្មកាត់ដេរនៃប្រទេសនេះទាមទារ ការដឺកជញ្ជូនដែលមានសមត្ថភាពខ្ពស់ និងអាចដឹកទៅទីន្លែងឆ្ងាយៗ។»
បើទោះជាការនាំចេញផលិតផលកាត់ដេរគឺជាគោលដៅចម្បង ក្រុមហ៊ុនអេមីរ៉ាតក៏មើលឃើញឱកាសល្អៗផ្សេងទៀត ចំពោះទីផ្សារផលិតផលកសិកម្មនិងជលផលដែលងាយខូចដូចជាត្រី ជាដើមដែលក្រុមហ៊ុននេះអាចដឹក ទៅកាន់ទីក្រុង ឌូបៃ។
ក្រោយពេលដែលបើកដំណើរការសេវាកម្មដឹកជញ្ជូន អេមីរ៉ាតស្កាយខាហ្គូ រួចហើយ ក្រុមហ៊ុនយក្សមួយនេះក៏បាន ដាក់សម្ភោធជើងហោះហើរថ្មីប្រចាំថ្ងៃមួយនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលនឹងតភ្ជាប់ប្រទេសកម្ពុជា និងឌូបៃ ដោយចុះសំចតរយៈពេលខ្លីនៅទីក្រុង យ៉ង់ហ្គោន ប្រទេសមីយ៉ាន់ម៉ា៕ វឌ្ឍនា